ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ស៊ូ​ប៊ែ​ឌី៖ មេដឹកនាំ​នយោបាយ​កុំ​យក​លេស​នយោបាយ​បង្អាក់​ការចរចា
24, Jan 2015 , 12:17 pm        
រូបភាព
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី ជំរុញ​ឲ្យ​គណបក្សប្រឆាំង​និង​គណបក្សកាន់អំណាច បន្ដ​កិច្ចខិតខំ​ប្រឹងប្រែង ដោះស្រាយ​បញ្ហា​នានា ដើម្បី​ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា ជៀសវាង​លើក​ហេតុផល​នយោបាយ មិន​ចុះសម្រុង​គ្នា​ណាមួយ មក​បង្អាក់​ដំណើរការ​ច​ចារ​នយោបាយ​របស់​ខ្លួន​នោះទេ។ ការ​ថ្លែង​បែបនេះ គឺធ្វើឡើង​នៅក្នុង​សន្និសីទកាសែត​កាលពី​ថ្ងៃ​សុក្រ​ម្សិលមិញ នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ។



ក្នុង​សន្និសីទកាសែត​បញ្ចប់​បេសកម្ម​លើកចុងក្រោយ លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី មាន​ប្រសា​ស​ន៏​ថា ប្រទេស​កម្ពុជា​មានការ​រីកចម្រើន​គួរ​ឲ្យ​កត់សម្គាល់ នូវ​សិទ្ធិសេរីភាព​បញ្ចេញមតិ​ដើម្បី​ដំណើរការ​ឆ្ពោះទៅកាន់​លិ​ទ្ធិ​ប្រជាធិបតេយ្យ ។ ជាមួយគ្នានេះ​លោក​ក៏​ជំរុញ​ឲ្យ​គណបក្សនយោបាយ​ទាំងពីរ​បន្ដ​ការចចារ​ដោះស្រាយ​បញ្ហា​នានា ដែល​កំពុង​ពិភាក្សាគ្នា​ឲ្យ​បានល្អ ជៀសវាង​ការលើក​យក​ហេតុផល​បញ្ហានយោបាយ មក​បង្អាក់​ដំណើរការ​ច​ចារ​នោះទេ។

លោក​បន្ថែមថា៖«ល​ទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​កំពុងដំណើរការ ដូចនេះ​អ្នកដឹកនាំ​គណបក្សនយោបាយ​ទាំងពីរ ត្រូវ​បន្ដ​ពិភាក្សា​ឲ្យ​បានល្អ​ដើម្បី​លិ​ទ្ធិ​ប្រជាធិបតេយ្យ​ពិតប្រាកដ។ ជៀសវាង​យក​ហេតុផល​នយោបាយ​មក​ប​ង្អា​ក់​ដំណើរការ ដែល​ពួកគេ​កំពុង​ខិតខំ​កសាង​នោះទេ»។

អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​លោក ស៊ូ​ប៊ែ​ឌី នឹងត្រូវ​បញ្ចប់​បេសកកម្ម​របស់ខ្លួន​នា​ខែមេសា​ខាងមុខនេះ។ លោក​បាន​បន្ដថា បើទោះជា​លោក​ត្រូវបាន​បញ្ចប់​អណ​ត្តិ​ក៏ដោយ ក៏​អង្គការសហប្រជាជាតិ​នៅតែ​បន្ដ​តាមដាន​ស្ថានការណ៍​ប្រទេស​កម្ពុជា​ដែរ។

នៅ​ចំពោះមុខ​អ្នកគាំទ្រ​ខ្លួន​រាប់ពាន់នាក់ ក្នុងស្រុក​មេមត់ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី បានបង្ហាញ​ពី​ឥរិយាបថ​នយោបាយ​ទន់ភ្លន់ ដោយ​ចង់​សហការ​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា  ដើម្បី​ដោះស្រាយ​បញ្ហា​របស់​ប្រជាពលរដ្ឋ។ សម្រាប់​លោក​ប្រមុខ​បក្សប្រឆាំង​រូបនេះ វប្បធម៌​សន្ទនា​គ្នា​របស់​មេដឹកនាំ​បក្សប្រឆាំង​ជាមួយ​មេដឹកនាំ​បក្ស​កាន់អំណាច គឺជា​រឿង​ដែល​មិន​ខ្វះ​បានឡើយ​ក្នុងការ​ដោះស្រាយ​បញ្ហា​របស់​ជាតិ និង​ប្រជាពលរដ្ឋ ។ លោក សម រង្ស៊ី ក៏បាន​ប្តេជ្ញា​រក្សា​នូវ​វប្បធម៌​សន្ទនា​គ្នា​នេះ​ឲ្យ​បាន​គង់​វង់​ទៅមុខទៀត​ផងដែរ។

ការអះអាង​របស់លោក​មេបក្ស​ប្រឆាំង​បែបនេះ បានធ្វើ​ឡើង ក្រោយពី​លោក ហ៊ុន សែន បាន​ព្រមានខ្លាំងៗផ្ញើ​សារ​ទៅកាន់​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី១៩មករា​ថា រូបលោក​នឹង​លែង​អនុវត្ត​វប្បធម៌​សន្ទនា​គ្នា​ទៀត ហើយ​ប្រកាស​វាយប្រហារ​គ្នា​តាម​ពាក្យសម្តី​ទៅវិញទៅមក ។ លោកនាយក​រដ្ឋមន្ត្រី បាន​ចោទ​លោក សម រង្ស៊ី និង​លោក កឹម សុខា ថា ជា​អ្នក​មិនបាន​គោរព​ទៅលើ​វប្បធម៌​សន្ទនា​គ្នា​ដែល​សន្យា​កន្លងមក​ឡើយ ក្រោយពី​លោក​ទាំងពីរ​រិះគន់​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​លោក ហ៊ុន សែន នៅតាម​ខេត្ត៕



© រក្សាសិទ្ធិដោយ thmeythmey.com