ជាតិ
កំណាព្យ៖ ទុកដាក់​សំរាម​តាមរបៀប
24, Jan 2015 , 3:17 pm        
រូបភាព
ដោយ: ថ្មីៗ
ទុកដាក់​សំរាម​តាមរបៀប


            (ប​ទៈ នាគ​គៀវ​ក្រវាត់)
-ទីក្រុង​ស្អាត​ល្អ​មិនគួរ​មាន    មាន​គួរ​ចេះ​រៀន​ចេះ​ទុកដាក់
ដាក់​ទុក​សំរាម​ដោយ​តាម​ថ្នាក់    ថ្នាក់​តាម​សើម​ស្ងួត​ក្នុង​ទីធ្លា។

-ធ្លា​ទី​កខ្វក់​ល្អក់​ខ្លោចចិត្ត    ចិត្ត​ខ្លោច​រួម​រិត​ព្រោះ​មនុស្សម្នា
ម្នា​មនុស្ស​ទាំងឡាយ​នាំ​គ្នីគ្នា    គ្នា​គ្នី​វា​ចោល​សម្រាម​យូរ។

-យូរ​គិត​យ៉ាងណា​ឲ្យ​ស្អាតបាត    បាត​ស្អាត​ល្អ​ល្អាត​មុខ​រន្ធ​លូ
លូ​រន្ធ​ពេញ​ណែន​មិន​គង់​យូរ    យូរ​គង់​ស្ទះលូ​ខូច​ផ្លូវថ្នល់។

-ថ្នល់​ផ្លូវ​លិច​ដាប​ដោយ​ទឹកភ្លៀង ភ្លៀង​ទឹក​គ​គាង​លិច​ជន់​ដល់
ដល់​ជន់​រាល់ពេល​ទើប​ខ្វាយខ្វល់ ខ្វល់ខ្វាយ​កង្វល់​ភ្ញាក់​គ្រប់​ប្រាណ។

-ប្រាណ​គ្រប់​អាត្មា​គួរ​ប្ដូរផ្លាស់    ផ្លាស់ប្តូរ​ពី​ចាស់​កុំ​ជាន់​ដាន
ដាន​ជាន់​ពីមុន​មិន​សមបាន    បាន​សម​ភូមិឋាន​ស្អាត​ស្រស់ថ្លា។

-ថ្លា​ស្អាត​ទីក្រុង​ស្រស់​យប់​ថ្ងៃ    ថ្ងៃ​យប់​ប្រពៃ​ក្តី​ប្រាថ្នា
ថ្នា​ថ្នាល​យល់​ថ្នឹក​គ្រប់​អាត្មា    ត្មា​ថា​គ្មាន​រោគ​ព្រោះ​សំរាម៕
                          និពន្ធ​ដោយ៖ វិឆ័យ សុ​ភី

 

© រក្សាសិទ្ធិដោយ thmeythmey.com