ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន អះអាង​ប្រាប់​មេដឹកនាំ​ពិភពលោក​ពី​កិច្ចប្រឹងប្រែង​នានា​របស់​កម្ពុជា
24, Jan 2015 , 3:53 pm        
រូបភាព
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាវេទិកា​សេដ្ឋកិច្ចពិភពលោក។ រូបថត ហ្វេសប៊ុក Kem Gunawadh
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នាវេទិកា​សេដ្ឋកិច្ចពិភពលោក។ រូបថត ហ្វេសប៊ុក Kem Gunawadh
ដោយ: រួបរួម
វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) លើក​ទី៤៥ នៅក្នុង​ទីក្រុង​ដា​វ៉ូស ក្លូ​ស្ទឺ​រ ប្រទេស​ស្វី​ស បាន​បើក​កិច្ចប្រជុំ​របស់ខ្លួន​កាលពី​ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៥ ។ នៅ​កិច្ចប្រជុំ​នេះ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អះអាង​ពី​ការវិវត្ត​ទៅមុខ​របស់​កម្ពុជា​លើ​គ្រប់​វិស័យ​ក្នុងនាម​ជា​សមាជិក​នៅ​តំបន់​អាស៊ាន ជាពិសេស​ការសម្រេចបាន​នូវ​កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចីរភាព ក្នុង​រយៈ ពេល​ជាង​ពីរ​ទសវត្ស​កន្លងមក។ នេះ​តាម​ការ​ឲ្យ​ដឹង​ពី​សំណាក់​អ្នករាយការណ៍​ពិសេស​នៃ​ទូរទស្សន៍​ជាតិ​កម្ពុជា។



វេទិកា​សេដ្ឋកិច្ចពិភពលោក (WEF) លើក​ទី៤៥  មានការ​ចូលរួម​ពី​មេដឹកនាំ ពិភពលោក​ប្រមាណ៤០ប្រទេស បណ្តា​វិជ្ជាករ សង្គម​ស៊ីវិល បណ្ឌិតសភា ជ័យលាភី​រង្វាន់​ណូ​ប៊ែ​ល ថ្នាក់ដឹកនាំ​វ័យក្មេង អ្នកសារព័ត៌មាន និង​ធុរៈជនសំខាន់ៗសរុប​ប្រមាណ​ជាង ២ពាន់៥០០នាក់ មកពី១៤០ប្រទេស។ ប្រធានបទ​នៃ​កិច្ចប្រជុំ គឺ​សំដៅលើ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ឆ្នាំ២០១៥ ។ អ្នកចូលរួម​ទាំងអស់​បាន​ដាក់ចេញ​របៀបវារៈ​ជាច្រើន​ដោយ​នាំគ្នា​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការ ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​នយោបាយ សេដ្ឋកិច្ច សង្គម និង​បញ្ហា​ផ្សេងទៀត ដែល​ពាក់ព័ន្ធ​នឹង​ការផ្ទេរ​បច្ចេកវិទ្យា សម្រាប់​ជា​មូលដ្ឋាន​ក្នុងការ​សម្រេចចិត្ត​នាពេល​អនាគត។

បើតាម​អ្នករាយការណ៍​ពិសេស​របស់​ទូរទស្សន៍​ជាតិ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ពី​បញ្ហា​គ្រោះធម្មជាតិ​យ៉ាងធ្ងន់ធ្ងរ​ដូចជា គ្រោះរាំងស្ងួត និង​ទឹកជំនន់ ដោយ​លោក​បាន​បញ្ជាក់ថា​ការដោះស្រាយ​បញ្ហា​សន្តិសុខ​ស្បៀង នឹង​អាស្រ័យ​ជាសំខាន់​ទៅលើ​សមត្ថភាព​របស់​យើង ក្នុងការ​គ្រប់គ្រង និង​ការកាត់បន្ថយ​នូវ​ផលប៉ះពាល់​ជា​អវិជ្ជមាន ពី​ការប្រែប្រួល​អាកាសធាតុ និង​ការ​បន្ស៊ាំ​ប្រព័ន្ធ កសិកម្ម ទៅនឹង​គ្រោះធម្មជាតិ​ដ៏​ធ្ងន់ធ្ងរ​នោះ។

ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា បាន​គូសបញ្ជាក់​អំពី​ការបង្កើតឡើង នូវ​សហគមន៍​សេដ្ឋកិច្ច​អាស៊ាន ដែលមាន​គោលដៅ​សំរេច​ឲ្យ​បាន​នូវ សក្តានុពល​នៃ​លំហូ​ដោយ​សេរី​នូវ​ទំនញ មូលធន និង​ពលករ​ជំនាញ និង​ផ្តល់​ជា​ឱកាស​ដ៏​ធំធេង​សម្រាប់​អាស៊ាន ប្រែខ្លួន​ឲ្យ​ទៅជា​មជ្ឈមណ្ឌល​ផលិតកម្ម​នៃ​ពិភពលោក និង​ជាទី​ផ្សារ​តំបន់​ដ៏​ធំ​មួយ និង​ប្រកបដោយ​ភាព​ប្រកួតប្រជែង។

លោក ហ៊ុន សែន សង្កត់ធ្ងន់ថា តាមរយៈ​ការ ពង្រឹង​តួ​មា​ទី​ស្នូល​របស់ខ្លួន អាស៊ាន​នឹង​អាច​ទាញយក​ផលចំណេញ​ជាច្រើន ពី​និន្នាការ​ស្ទុះ​ឡើងជា​ប្រចាំ នៃ​សេដ្ឋកិច្ច​ចិន ការបង្កើតឡើង​និង​បើកចំហ​ជាបណ្តើរៗនៃ​សេដ្ឋកិច្ច​ឥណ្ឌា និង​ចលនា​ការប្រែប្រួល​ថ្មី​នៃ សេដ្ឋកិច្ច​ជប៉ុន និង​សាធារណរដ្ឋ​កូរ៉េ ដែល​នឹង​បើក​ឡើង​នូវ​ឱកាស​ពាណិជ្ជកម្ម និង​វិនិយោគ​ដ៏​ច្រើន​បន្ថែម លើ​ទីផ្សារ​ប្រពៃណី​របស់ខ្លួន រួមមាន​ទីផ្សារ​សហរ​ដ្ឋ​អាមេរិក និង​សហភាព​អឺរ៉ុប។

លោក​គូសបញ្ជាក់​ផងដែរ​ថា កម្ពុជា​គឺជា​ប្រទេស​បើកចំហរ​នៅ​តំបន់​អាស៊ី និង​អាស៊ាន ប្រកបដោយ​ជវភាព​ខ្ពស់ មាន​អំណោយផល​ពី ផល​លាភ​ប្រជារាស្ត្រ និង​ជា​ប្រទេស​ដែល​សំរេចបាន​នូវ កំណើនសេដ្ឋកិច្ច​ខ្ពស់​ប្រកបដោយ​ចិ​រ​ភាព ក្នុង​រយៈ ពេល​ជាង​ពីរ​ទសវត្ស​កន្លងមក ក៏ដូចជា​សម្រេចបាន​នូវ​ការកាត់បន្ថយ​ភាពក្រីក្រ​យ៉ាង​ឆាប់រហ័ស ហើយ​ថែមទាំង​មាន​សក្តានុពល​ឈានទៅ​ជា​ប្រទេស មាន​ជំ​ណូ​ល​មធ្យម​មួយ​រឹងមាំ។

លោក ហ៊ុន សែន បាន​អះអាង​បន្ថែមថា ក្រៅពី​ការគ្រោង​ដាក់ចេញ​នូវ គោលនយោបាយ​អភិវឌ្ឍ​ន៍​វិស័យ​ឧស្សាហកម្ម កម្ពុជា​នឹង​បន្ត​ជម្រុញ ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹង​ការតភ្ជាប់​ការដឹកជញ្ជូន និង ប្រព័ន្ធ​ឡូ​ជី​ស្ទីក ដើម្បី​ធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​ក្របខណ្ឌ​និយ័តកម្ម និង​កិច្ចសម្របសម្រួល​ពាណិជ្ជកម្ម ការកែ លម្អ​ច្បាប់​វិនិយោគ និង​ប្រព័ន្ធ​លើកទឹកចិត្ត បណ្តុះបណ្តាល​ជំនាញ ក៏ដូចជា​អភិវឌ្ឍន៍​សេវា និង​ប្រព័ន្ធ​គាំពារ សង្គម​ចាំបាច់​នានា ក្នុង​គោលបំណង​ចែករំលែក​ស្ថានភាព​ឈ្នះ ឈ្នះ។

វេទិកា​សេដ្ឋ​កិច្ច​ពិភ​ពលោ​ក (WEF) គឺ​ជាស្ថា​ប័​នមិ​នរ​កប្រា​ក់ចំ​ណេញ​ ដែល​ត្រូវ​បានបង្កើ​តឡើ​ងនៅ ឆ្នាំ១៩៧១ ​ដែល​មានកា​រិយា​ល័យក​ណ្តាល​នៅទីក្រុ​ងហ្សឺណែ​វ ប្រទេ​សស្វីស៕



© រក្សាសិទ្ធិដោយ thmeythmey.com