ជាតិ
​​​ន​យោ​បាយ​ជាតិ​
LDP ចង់​បាន​​ភស្តុតាង​ដែល​ថា​​បក្ស​តូចៗ​កើត​ចេញពី​​កា​រ​ជ្រោម​ជ្រែង​​របស់​​បក្ស​​កាន់​អំណាច
24, Jan 2015 , 5:30 pm        
រូបភាព
លោក ខឹម វាសនា ប្រធានគណបក្ស LDP
លោក ខឹម វាសនា ប្រធានគណបក្ស LDP
គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ (LDP) ចង់​ឲ្យ​មេដឹកនាំ​បក្សប្រឆាំង​បង្ហាញ​ភស្ដុតាង​ពិត​ច្បាស់លាស់​មួយ បញ្ជាក់​មូលហេតុ​ពិតប្រាកដ ចំពោះ​ការលើកឡើង​របស់ខ្លួន​កន្លងមក ដែល​បាន​ចោទប្រកាន់​គណបក្សតូចៗថា កើតចេញពី​ការជួយជ្រោមជ្រែង របស់​គណបក្ស​ប្រជាជន​កម្ពុជា ។ នេះ​បើតាម​លោក កូវ គា អគ្គលេខាធិការរង​បក្សសម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ។



ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ លោក កូវ គា អះអាងថា គណបក្ស​របស់លោក​នឹងធ្វើ​បាតុកម្ម​ប្រឆាំងនឹង លោក សម រង្ស៊ី និង​លោក កឹម សុខា មេដឹកនាំ​បក្សប្រឆាំង​ទាំងពីរ​នេះ បើសិនជា​នៅតែ​បន្ដ​ចោទប្រកាន់​គណបក្សតូចៗទៀត។

លោក​បន្ថែមថា៖« បើ​បក្សប្រឆាំង​នេះ​នៅតែ​បន្ដ​ដើរ​និយាយ​ទៀត គណបក្ស​ខ្ញុំ​នឹង​អញ្ជើញ​ឲ្យ​គាត់​មក​បកស្រាយ​បង្ហាញ​ការពិត ភស្ដុតាង​ដល់​ពួក​គណបក្ស​យើង យើង​តាមដាន​មើល​សកម្មភាព​ពួកគេ​បន្ដទៀត ។ បើ​អញ្ជើញ​មិន​មក គឺ​យើង​នឹង​ដឹកនាំ​ធ្វើបាតុកម្ម​ប្រឆាំង បើ​នៅតែ​និយាយ​គ្មាន​ហេតុផល បង្ខូចឈ្មោះ​គណបក្សតូចៗទៀត»។

គណបក្ស​សម្ព័ន្ធ​ដើម្បី​ប្រជាធិបតេយ្យ​ក៏បាន​ចេញ​សេចក្ដីប្រកាស​មួយច្បាប់ ប្រតិកម្ម​តប​នឹង​មេដឹកនាំ​បក្សប្រឆាំង ដោយ​យល់ថា ការលើកឡើង​របស់​មេ​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ខុសពី​ការពិត ហើយ​បាន​ហៅ​ការចោទប្រកាន់​នោះ​ថា ជា​វប្បធម៌​លាប​ពណ៌ កំពុង​បំភ្លៃ​ការពិត ដើម្បី​ផ្តូ​ល​រំលំ​គណបក្ស​តូច​ដទៃទៀត ក្នុង​បំណង​ទាញយក​ប្រជាប្រិយភាព​ផ្នែក​នយោបាយ ដោយ​ល្បិច​ទុច្ចរិត និង​បំផ្លាញ​ជាតិ​ជាដើម ។

កន្លងមក​មេដឹកនាំ​បក្សប្រឆាំង បាន​ថ្លែង​ទៅកាន់​សកម្មជន និង​អ្នកគាំទ្រ​របស់​នៅតាម​មូលដ្ឋាន​ថា គណបក្សតូចៗបង្កើត​មកនេះ គឺ​ដើម្បី​បំបែក​សម្លេង​គណបក្សប្រឆាំង ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​គណបក្សកាន់អំណាច។ ហើយ​មេបក្ស​ប្រឆាំង​ទាំងពីរ ក៏​អំពាវនាវ​កុំ​ឲ្យ​ប្រជាពលរដ្ឋ​ជឿ​គាំទ្រ​គណបក្សតូចៗឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com