ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​ស៊ូ​ប៊ែ​ឌី៖ អណ​ត្តិ៦ឆ្នាំនេះ ខ្ញុំ​អនុវត្តតាម​វិជ្ជាជីវៈ​របស់ខ្ញុំ
24, Jan 2015 , 7:30 pm        
រូបភាព
ដោយ: ថ្មីៗ
អ្នករាយការណ៍​ពិសេស​របស់​អង្គការសហប្រជាជាតិ ទទួលបន្ទុក​ផ្នែក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​លោក សូរិយា ប្រាសាទ​ស៊ូ​ប៊ែ​ឌី បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​លើកចុងក្រោយ​របស់លោក នៅ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ កាលពី​ម្សិលមិញ​ថា នៅក្នុង​ការបំពេញ​តួនាទី​ក្នុង​អណ​ត្តិ៦ឆ្នាំ​កន្លងមកនេះ លោក​បាន​អនុវត្ត​វិជ្ជាជីវៈ​ជា​អ្នករាយការណ៍​សិទ្ធិមនុស្ស​របស់ខ្លួន ដោយ​មិនមាន​និន្នាការ​លំអៀង​ទៅកាន់​គណបក្សនយោបាយ​ណាមួយ​ឡើយ។ ហើយ​លោក​ថា ការរិះគន់​របស់លោក និង​ការលើក​ពី​បញ្ហា​សិទ្ធិមនុស្ស​នៅ​កម្ពុជា​កន្លងមក គឺធ្វើឡើង​តាម​ស្ថានភាព​ជាក់ស្ដែង ។



លោក​ស៊ូ​ប៊ែ​ឌី​បន្ថែមថា៖«ខ្ញុំ​រិះគន់​ទាំងអស់​មិន​ថា​គណបក្សកាន់អំណាច ឬ​គណបក្សប្រឆាំង ឲ្យ​តែ​ពួកគេ​ធ្វើ​មិន​ត្រឹមត្រូវ។ តែ​រាល់ពេល​ខ្ញុំ​រិះគន់​គឺមាន​អ្នក​អាច​ទទួលយក និង​អ្នក​មិន​ទទួលយក​ការរិះគន់​របស់ខ្ញុំ។ ខ្ញុំ​រិះគន់​ដើម្បី​កែលម្អ និង​ស្ថាបនា​ប្រទេស​កម្ពុជា ដើម្បី​ទទួលបាន​លទ្ធិប្រជាធិបតេយ្យ​ពិតប្រាកដ ។ ហើយ​ពួកគេ​នឹង​យល់​នៅពេល​ប្រទេស​កម្ពុជា​រីកចម្រើន ធំ​ជាង​នេះ»។

ជាមួយគ្នា​នោះ​លោក​ស៊ូ​ប៊ែ​ឌី បន្ថែមថា ប្រទេស​កម្ពុជា​កំពុងមាន​ការអភិវឌ្ឍ​រីកចំរើន​មួយចំនួន នៅក្នុង​រយៈពេល​ចុងក្រោយ​នេះ។ ប៉ុន្ដែ​ក៏​នៅមាន​ចំណុច​មួយចំនួន​មិនទាន់បាន​ល្អប្រសើរ​នៅឡើយ​នោះទេ ទាំង​បញ្ហាដីធ្លី ប្រព័ន្ធយុត្តិធម៌ និង​ការរំលោភបំពាន​ពី​អ្នកមានអំណាច​ជាដើម។ លោក​ក៏​ជំរុញ​ឲ្យ​អ្នកដឹកនាំ​នយោបាយ​បន្ដ​ការចចារ​ដោះស្រាយ​បញ្ហា​ទាំងអស់នេះ​ជាមួយគ្នា។

លោក​ស៊ូ​ប៊ែ​ឌី​បានមក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​ចំនួន១២លើក ក្នុងនាម​ជា​ប្រេសិត​អង្គការសហប្រជាជាតិ។ ហើយ​លោក​នឹងត្រូវ​បញ្ចប់​មុខតំណែង​នេះ​នៅក្នុង​ខែមីនា​ខាងមុខ។



© រក្សាសិទ្ធិដោយ thmeythmey.com