ជាតិ
អាជ្ញាធរ​ប្រាប់​ឲ្យ​ជនជាតិដើម​ភាគតិច បោះបង់​ការធ្វើ​កសិកម្ម​បែបចាស់​បុរាណ
24, Jan 2015 , 8:00 pm        
រូបភាព
ដោយ:
រតនគិរី៖ ថ្លែង​នៅក្នុង​ពិធី​បិទ​គម្រោង​ផ្សព្វផ្សាយ​បច្ចេកវិជ្ជា​សមស្រប​កសិករ​ក្រីក្រ ដើម្បី​បង្កើត សន្តិសុខ​ស្បៀង​ជនជាតិដើម​ភាគតិច​ក្នុងប្រទេស​កម្ពុជា និង​ឡាវ ( Annadya) កាលពី​ថ្ងៃទី២៣ ខែមករា ម្សិលមិញ​នេះ លោក ថង សាវុន អភិបាលខេត្ត​រតនគិរី បាន​ប្រាប់​ឲ្យ​កសិករ​ជនជាតិ ភាគតិច​ខេត្តរតនគិរី​បញ្ឈប់​ការចិញ្ចឹម​សត្វ និង​ដាំ​ដុះ​ដំណាំ​កសិកម្ម​តាមបែប​បុរាណ។ លោក បាន​បញ្ជាក់ថា សកម្មភាព​បែប​ចាស់​បុរាណ​នេះ អាច​ចិញ្ចឹម​បានតែ​ក្រពះ​ប៉ុណ្ណោះ។



រាយការណ៍​ដោយ រឿន ភា​រុន


ថ្លែង​ទៅកាន់​តំណាង​ប្រជាកសិករ​ជនជាតិដើម​ភាគតិច​ជាង ៣០០នាក់ នៅក្នុង​ពិធី​បិទ​គម្រោង​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ដល់​ជនជាតិភាគតិច នៅ​ថ្ងៃទី២៣ មករា ម្សិលមិញ​នេះ អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បាន​សម្តែង ការបារម្ភ​ជាខ្លាំង ចំពោះ​ប្រពៃណី​ធ្វើ​កសិកម្ម និង​ចិ​ញ្ចិ​ម​សត្វ​របស់​ជនជាតិដើម​ភាគតិច។ លោក​ថា ជនជាតិដើម​ភាគតិច​ខេត្តរតនគិរី​តែងតែ​លែង​សត្វ​ចិញ្ចឹម​ដូចជា គោ ក្របី ចោល​ដើរទៅ​ក្នុងព្រៃ​ពាសវាល​ពាសកាល​ដដែល ដោយ​ពុំមាន​ធ្វើ​ក្រោល​ដាក់​ត្រឹមត្រូវ​ឡើយ។ ជាងនេះទៀត កសិករ​ជនជាតិភាគតិច​ភាគច្រើន នៅតែ​ប្រកាន់​ការធ្វើ​កសិកម្ម​បែប​យថាផល ដដែល។ លោក​បញ្ជាក់ថា ទង្វើ​ទាំងនេះ​មិនអាច​ជួយ​ឲ្យ​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​របស់​ពួកគេ បាន​ប្រសើរ​នោះឡើយ។

ទាក់ទិន​នឹង​បញ្ហា​នេះដែរ លោក យន់ សំណល់ ប្រធាន​គ្រប់គ្រង​អាណា​ឌី​យ៉ា បាន​ប្រាប់ថា ជនជាតិភាគតិច​ក្នុង​រតនគិរី នៅតែ​រក​ទទួលទាន​តា​ម​បែប​បុរាណ​ដដែល។ លោក​ថា ពួកគេ​មិនទាន់បាន​ការបណ្តុះបណ្តាល​ពី​បច្ចេកទេស​កសិកម្ម​បាន​ត្រូវ​នៅឡើយ។ លោក​បាន​អះអាងថា ពួកគេ​នៅតែ ដើរ​បះ​បន្លែ បរបាញ់​សត្វ​តាម​ព្រៃភ្នំ។ ដើម្បី​ដោះស្រាយ​បញ្ហា​នេះ លោក​ថា អាជ្ញាធរ​គួរតែ​ចាត់​វិធាន​បណ្តុះបណ្តាល​ពី​បច្ចេកទេស​ដាំ​ដុះ និង​ចិញ្ចឹម​តាមបែប​បច្ចេកទេស​ដល់​ពួកគេ​ផងដែរ។

ជុំវិញ​បញ្ហា​នេះដែរ លោក សយ សូ​ណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តរតនគិរី ក៏បាន​សម្តែង​ក្តីបារម្ភ​ផងដែរ។ លោក​ថា ប្រសិនបើ​ជនជាតិ​មិន​បោះបង់ចោល​ទំលាប់​រស់នៅ​តាម​បុរាណ​នេះ​ទេ នោះ​វា​នឹង​អាចធ្វើ​ឲ្យ​ពួកគេ​ប្រឈមមុខ​នឹង​បញ្ហា​ជីវភាព​រស់នៅ។ លោក​ថា ប្រសិនបើ​ព្រៃឈើ និង​សត្វព្រៃ​មានការ​ធ្លាក់ចុះ​នោះ ពួកគេ​នឹងមិន​អាច​ចិញ្ចឹមជីវិត​បានឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com