អន្តរជាតិ
នយោបាយអន្តរជាតិ
អ្នកនយោបាយប្រឆាំងគោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀតជាប់ឆ្នោតនៅក្រិក
×
លទ្ធផលមិនផ្លូវការនៃការបោះឆ្នោតកាលពីម្សិលមិញនេះបានបង្ហាញថាគណបក្ស Syriza បានឈ្នះឆ្នោតដោយប្រជាជនក្រិកច្រើនសន្ធឹកសន្ធាប់បានបោះឆ្នោតគាំទ្រគណបក្សនេះ។ គណបក្សដែលឈ្នះឆ្នោតជាគណបក្សដែលប្រឆាំងគោលនយោបាយត្បិតត្បៀតសេដ្ឋកិច្ច ហើយការឈ្នះឆ្នោតនេះកំពុងធ្វើអោយសហភាពអឺរ៉ុបព្រួយបារម្ភ ដ្បិដរដ្ឋាភិបាលថ្មីនឹងចរចាឡើងវិញរឿងបំណុលក្រិចរាប់ពាន់លានដុល្លារនិងអាចចាកចេញពីសហភាពអឺរ៉ុបនិងតំបន់ចាយលុយអឺរ៉ូផង។
លោក មុំ ពិទូរ្យ លម្អិតព័ត៌មាននេះ
ក្រោយការបោះឆ្នោតជាសកលម្សិលមិញនេះ លទ្ធផលមិនទាន់ផ្លូវការបង្ហាញថាគណក្ស Syrizaបានទទួលសម្លេងគាំទ្រច្រើនពីសំណាក់ប្រជាជនក្រិក រហូតបាន ៣៦ភាគរយច្រើនជាងគណបក្សកាន់អំណាចដែលបានសម្លេងត្រឹម ២៨ភាគរយនៃសម្លេងឆ្នោតសរុប។ ប្រជាជនក្រិកប្រហែល ៩.៨លាននាក់បានចេញទៅចុះឈ្មោះបោះឆ្នោត ហើយក្នុងការបោះឆ្នោតកាលពីម្សិលមិញមិនមានអ្វីជាបញ្ហាអ្វីកើតឡើងនោះឡើយ។
យ៉ាងណាក៏ដោយ ការបោះឆ្នោតម្សិលមិញ ជាការបោះឆ្នោតលើកទី៥ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ បន្ទាប់ពីប្រទេសនេះធ្លាក់ក្នុងវិបត្តិអស្ថិរភាពសេដ្ឋកិច្ច និងនយោបាយ រហូតជាប់បំណុលវ័ណ្ឌក។
គណបក្សដែលទើបឈ្នះឆ្នោតនេះត្រូវបានគេស្គាល់ថាជាគណបក្សដែលប្រឆាំងគោលនយោបាយត្បិតត្បៀតផ្នែកសេដ្ឋកិច្ចដែលប្រទេសនេះបានអនុវត្តអស់ពេលជាច្រើនឆ្នាំក្រោយមានវិបត្តិសេដ្ឋកិច្ចធ្ងន់ធ្ងរ។
ក្រោយការបោះឆ្នោតនាយករដ្ឋមន្ត្រីដែលទើបចប់អាណត្តិលោកAntonis Samaras បានប្រកាសទទួលស្គាល់ការបរាជ័យរបស់លោក ហើយលោកបានទូរស័ព្ទទៅកាន់នាយករដ្ឋមន្ត្រីថ្មីរបស់ក្រិកដើម្បីសម្តែងការសាទរចំពោះជ័យជម្នះនេះ។ ការឈ្នះឆ្នោតរបស់គណបក្ស Syriza ត្រូវបានគេចាត់ទុកជាព្រឹត្តការណ៍ប្រវត្តិសាស្ត្រសម្រាប់ក្រិក និងជាក្តីបារម្ភសម្រាប់សហភាពអឺរ៉ុបផងដែរ ដោយសារគណបក្សនេះក្លាយជាគណបក្សដែលមានគោលនយោបាយប្រឆាំងការចាយវាយត្បិតត្បៀតរបស់រដ្ឋដំបូងបំផុតក្នុងប្រវត្តិសាស្ត្រអឺរ៉ុប។ ប្រជាជនក្រិកគាំទ្រគណបក្សនិងមេដឹកនាំខាងលើ ដោយសារប្រជាជនក្រិករងទុក្ខដោយការអនុវត្តន៍គោលនយោបាយសេដ្ឋកិច្ចត្បិតត្បៀតសន្សំសំចៃ ជាពិសេសការកាត់បន្ថយការចំណាយ និងដំឡើងពន្ធអាករ។
មេដឹកនាំគណបក្សSyrizaលោក Alexis Tsipras មានវ័យ ៤០ឆ្នាំ នឹងក្លាយជានាយករដ្ឋមន្ត្រីក្មេងបំផុតក្នុងប្រវត្តិសាស្ត្ររបស់ក្រិកក្នុងរយៈពេល ១៥០ឆ្នាំ ហើយលោកនឹងប្រើប្រាស់អំណាចរបស់លោកក្នុងនាមជានាយករដ្ឋមន្ត្រីក្រិកចរចា និងសើរើសំណុំរឿងបំណុលជាច្រើនសន្ធឹកសន្ធាប់រហូតដល់ ២៦៩ពាន់លានដុល្លារអាមេរិក ដែលក្រិកជំពាក់អឺរ៉ុបនិងអង្គការហិរញ្ញវត្ថុអន្តរជាតិផ្សេងៗទៀត។
គេកំពុងបារម្ភថា មេដឹកនាំថ្មីរបស់ក្រិក នឹងចាប់ផ្តើមជជែកពិភាក្សាអំពីបញ្ហាបំណុលដែលក្រិកជំពាក់ជាមួយម្ចាស់បំណុលធំៗ មានដូចជាអង្គការរូបីយវត្ថុអន្តរជាតិ និងសហភាពអឺរ៉ុប ហើយមានភាគរយច្រើនដែលរដ្ឋាភិបាលនេះអាចនឹងមិនព្រមបង់លុយជំពាក់ ដោយចាកចេញពីតំបន់ចាយលុយអឺរ៉ូថែមទៀតផង។
នាយករដ្ឋមន្ត្រីអង់គ្លេសលោក David Cameron ដែលប្រទេសអង់គ្លេសមិនមែនជាសមាជិកតំបន់ចាយលុយអឺរ៉ូផងនោះបានថ្លែងដោយក្តីបារម្ភថា លទ្ធផលនៃការបោះឆ្នោតនៅក្នុងប្រទេសក្រិក ជាសញ្ញាមួយបញ្ជាក់ពីគ្រោះថ្នាក់ និងបង្ហាញពីភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចទូទាំងអឺរ៉ុបទាំងមូល។ ប៉ុន្តែបើទោះជាមានការព្រួយបារម្ភយ៉ាងនេះក្តី មេដឹកនាំក្រិកដែលទើបជាប់ឆ្នោតបានសន្យាថាក្រិកនឹងមិនចាកចេញពីតំបន់ចាយលុយអឺរ៉ូឡើយ។
© រក្សាសិទ្ធិដោយ thmeythmey.com