អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
សំឡេង​ក្រុមប្រឹក្សាសន្តិសុខ​មិនមាន​ឥទ្ធិពល​លើ​ការដោះលែង​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន
26, Jan 2015 , 4:36 pm        
រូបភាព

ស្ថាប័ន​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​កាលពី​ម្សិលមិញ​នេះ​បាន​ថ្កោលទោស​ការសម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ទាមទារ​អោយ​ក្រុម​ភេរវជន​ដោះលែង​ចំណាប់ខ្មាំង​ម្នាក់ទៀត​ដែល​នៅមាន​ជីវិត។ ក្រុម​ភេរវជន​រដ្ឋ​ឥ​សា្ល​ម​ទាមទារ​អោយមាន​គេ​ដោះលែង​គ្នីគ្នា​របស់​ពួកគេ​ដែល​ស្ថិតក្នុង​ការចាប់ខ្លួន​ក្នុងប្រទេស​ហ្ស​ក​ដង់ ហើយ​គេ​មិន​រំពឹងថា​សំឡេង​ក្រុមប្រឹក្សាសន្តិសុខ​មាន​ឥទ្ធិពល​លើ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឡើយ។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ



ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បានប្រកាស​ថ្កោលទោស​ការសម្លាប់​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន ដោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម និង​ទាមទារ​អោយមាន​ការដោះលែង​ចំណាប់ខ្មាំង​ម្នាក់ទៀត​ដែល​រស់រានមានជីវិត កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ។

ក្នុង​សេចក្តីថ្លែងការណ៍​ដែល​ចេញ​ដោយ​សមាជិក​ទាំង១៥របស់​ក្រុមប្រឹក្សាសន្តិសុខ បានបង្ហាញ​ការប្រឆាំង​នឹង​ទង្វើ​ព្រៃផ្សៃ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ដែល​បានកា​ត់ក​ចំណាប់ខ្មាំង​ជនជាតិ​ជប៉ុន​ម្នាក់ គឺ​លោក Haruna Yukawa និ​បាន​ថ្កោលទោស​ចំពោះ ទង្វើ​ដ៏​កំសាក​និង​ឃោរឃៅ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម។ ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម បានសម្លាប់​រង្គាល​និង​រំលោភបំពាន​សិទ្ធិមនុស្ស​នៅក្នុង​ប្រទេស​ស៊ី​រី និង​អ៊ីរ៉ាក់ ហើយ​ក្រុម​នេះ​បន្ត​សម្លាប់​រង្គាល​ជន​ស៊ីវិល​រួមទាំង​អ្នកសារព័ត៌មាន​ផងដែរ​ជា​រៀងរាល់ថ្ងៃ។

 បណ្តា​ប្រទេស​ទាំង ១៥ បានប្រកាស​ទាមទារ​អោយ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម ដោះលែង​ចំណាប់ខ្មាំង​ម្នាក់ទៀត គឺ​លោក Kenji Goto និង​ចំណាប់ខ្មាំង​ដទៃ​ផ្សេងទៀត​ដែល​ត្រូវបាន​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នេះ​ចាប់ខ្លួន។ ក្រៅពី​ទាមទារ​អោយ​ដោះលែង​ចំណាប់ខ្មាំង​ក្រុមប្រឹក្សាសន្តិសុខ ក៏បាន​សង្កត់ធ្ងន់ថា សហគមន៍​អន្តរជាតិ​នឹង​យកឈ្នះ​ក្រុម​ភេរវជន​នេះ ហើយ​គ្មាន​ការ​អន់អោន​ឡើយ ចំពោះ​ទង្វើ​ដ៏​ព្រៃផ្សៃ រំលោភបំពាន ឃោរឃៅ អមនុស្សធម៌ និង​គួរអោយ​ស្អប់ខ្ពើម​ជា​បំផុត​នោះ។ 

សកម្មភាព​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ដែល​សម្លាប់​ជនជាតិ​ជប៉ុន ត្រូវបាន​គេ​ចាត់ទុកថា​ជា​ទង្វើ​បង្ករឿង​មួយ ហើយ​ក្រុម​នេះ​សម្រេច​សម្លាប់​ចំណាប់ខ្មាំង​ម្នាក់ ក្រោយ​បរាជ័យ​ក្នុងការ​ទាមទារ​អោយ​រដ្ឋាភិបាល​ជប៉ុន​ប​ង់​លុយ​លោះ​ចំនួន ២រយ​លាន​ដុ​លា្ល​រ។ ក្រោយពី​បង្ហោះ​វីដេអូ​ដែលមាន​ចំណាប់ខ្មាំង​ម្នាក់​នៅមាន​ជីវិត​កាន់​រូបថត​ចំណាប់ខ្មាំង​ដែល​ត្រូវ​ក្រុម​ភេរវជន​កាត់​ក ក្រុម​រដ្ឋ​ឥស្លាម​នេះ​បានទាមទារ​អោយមាន​ការដោះលែង​ស្ត្រី​ភេរវជន​ម្នាក់ ដែល​ត្រូវ​ចាប់ខ្លួន​តាំងពី​ឆ្នាំ ២០០៦ នៅក្នុង​ប្រទេស​ហ្ស​ក​ដង់​ជា​ថ្នូរ​នឹង​ការដោះលែង​ចំណាប់ខ្មាំង​ដែល​នៅរស់។

យ៉ាងណាក៏ដោយ​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បានប្រកាសថា ខ្លួន​នឹងមិន​ធ្វើតាម​ការទាមទារ​រប​ស់​ក្រុម​ភេរវជន​ឡើយ ប៉ុន្តែ​រដ្ឋាភិបាល​នេះ​បានប្រកាសថា ខ្លួន​នឹង​បន្ត​ប្រើប្រាស់​គ្រប់​វិធីសាស្ត្រ រួមទាំង​មធ្យោបាយ​ការទូត​ផង ដើម្បីអោយ​មានការ​ដោះលែង​ចំណាប់ខ្មាំង​ម្នាក់​ដែល​នៅមាន​ជីវិត។ ប៉ុន្តែ​បើទោះជា​មានការ​លើកឡើង​យ៉ាងនេះ​ក្តី វា​ហាក់បីដូចជា​ពិបាក​សន្និដ្ឋាន និង​រំពឹងថា រដ្ឋាភិបាល​លោក ស៊ីន​ហ្សូ​អា​បេ មានលទ្ធភាព​ដោះស្រាយ​វិបត្តិ​ចំណាប់ខ្មាំង​នេះ ហើយ​លោក អា​បេ ក៏​កំពុង​ស្ថិតក្រោម​សម្ពាធ​និង​ការរិះគន់​ខ្លាំង​ថែម​ទៀតផង។ 

ប្រសិនបើ​គ្មាន​ការដោះលែង​ឧក្រិដ្ឋជន​ជា​ស្ត្រី​តាម​ការទាមទារ​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ទេនោះ ជោគវាសនា​របស់​ចំណាប់ខ្មាំង​ទី ២ មិន​ខុស​អ្វី​ពី​ចំណាប់ខ្មាំង​ដែល​ត្រូវ​ក្រុម​នេះ​សម្លាប់ចោល​ឡើយ ដ្បិត​ការទាមទារ​និង​ការ​ថ្កោលទោស​របស់​សហគមន៍​អន្តរជាតិ​នោះ​គ្មាន​ឥទ្ធិពល​អ្វី​លើ​ការសម្រេចចិត្ត​របស់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​ឡើយ៕ 



© រក្សាសិទ្ធិដោយ thmeythmey.com