ជាតិ
សង្គមជាតិ
គម្រោង​សម្តែង Migra-Safe ផ្តល់ព័ត៌មាន​ដល់​ពលរដ្ឋ​ពី​ការធ្វើ​ចំណាកស្រុក​ខុសច្បាប់
28, Jan 2015 , 10:46 am        
រូបភាព
សៀមរាប៖ កាលពីថ្មីៗនេះ ក្រុម​សិល្បករ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ (PPS) បានធ្វើ​ដំណើរ​តាម​ភូមិ​នានា​ជុំវិញ​តំបន់​ជនបទ ក្នុង​ខេត្តសៀមរាប ខេត្តបាត់ដំបង និង​បន្ទាយមានជ័យ ដើ​ម្ប​ផ្តល់​ការសម្តែង​ក្នុងន័យ​អប់រំ សម្រាប់​ប្រជាពលរដ្ឋ​ទីនោះ​អំពី«ការធ្វើ​ចំណាកស្រុក​ប្រកបដោយ​សុវត្ថិភាព»។អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​បាន​សហការ​ជាមួយនិង Civil Volunteer Group(GVC) ដែលជា​អង្គការក្រៅរដ្ឋាភិបាល អ៊ីតាលី រួមជាមួយ​និង​អង្គការ​កម្ពុជា​ដើម្បី​ជួយ​ស្ត្រី​មាន​វិបត្តិ(CWCC)ដើម្បី​បង្កើត​កម្មវិធី​សម្តែង​ដែលជា​ផ្នែក​មួយ​នៃ​គម្រោង​រយៈពេល​បី​ឆ្នាំ​ដែលមាន​ឈ្មោះថា "Migra-Safe" ដែល​បានផ្តល់​មូលនិធិ​ដោយ​សហភាព​អឺរ៉ុប។



ល្ខោន​អប់រំ​និយាយ​អំពី​ស្ត្រី​ខ្មែរ​មួយក្រុម​ដែល​បាន​ចូលទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​ដោយ​ខុសច្បាប់​ដោយសារ​ពួកគេ​ត្រូវការ​លុយ​ដើម្បី​សងបំណុល​ដែល​ពួកគេ​ជំពាក់​នៅក្នុង​ភូមិ។ ពួកគេ​បាន​ទាក់ទង​ជាមួយ​ឈ្មួញកណ្តាល និង​បានចាប់ផ្តើម​ធ្វើដំណើរ​ដ៏​លំបាក​ទៅកាន់​ប្រទេស​ថៃ។ ពួកគេ​បានធ្វើការ​នៅក្នុង​រោងចក្រ​មួយ​និង​ការដ្ឋាន​សំណង់​មួយ ប៉ុន្តែ​ពួកគេ​មិនត្រូវ​បានទទួល​លុយ​ពី​កម្លាំង​ញើស​ឈាម​ដែល​គេ​ខំធ្វើការ​នោះទេ។ ពួកគេ​មិនមាន​សិទ្ធ​សូម្បីតែ​តវ៉ា​អំពី​រឿងនេះ ដោយសារតែ​ការចូល​ធ្វើការ​ខុសច្បាប់​របស់​ពួកគេ។ ចុងក្រោយ​ពួកគេ​បាន​ត្រលប់មក​ប្រទេស​កំណើត​វិញ ដោយ​ដៃទទេ។

លោក ហួត តារា ជា​នាយក​សហគ្រាស​សង្គម​ហ្វារ​ប្រចាំ​នៅ​ខេត្តសៀមរាប((Www.PhareCambodianCircus.org) បាន​និយាយថា ក្រុម​សិល្បករ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ ត្រូវបាន​ស្នើសុំ​ឲ្យ​សហការ​ក្នុង​គម្រោង​នេះ ដោយសារតែ​ទេពកោសល្យ​និង​កេរ្តិ៍ឈ្មោះ​របស់​ពួកគេ។អ្វីដែល​គួរ​ឲ្យ​ចាប់​អារ​ម្ម​ណ៏​កាន់តែខ្លាំង​នោះ​គឺ ល្ខោន​អប់រំ​នេះ បាន​ក្លាយជា​ចំណី​ចក្ខុ​ដ៏​ថ្មីស្រឡាង​សម្រាប់​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​ជនបទ​ទាំងនោះ ដោយសារ​ពួកគាត់​មិនដែល​បានឃើញ​ការសម្តែង​របស់​ក្រុម​សិល្បករ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ពីមុនមក​ទេ។ លោក​ថ្លែងថា៖« វា​មិន​ត្រឹមតែ​អាច​អប់រំ​ពួកគេ​ពី​បញ្ហា​ដែល​កើតមានឡើង​ក្នុង​សហគមន៍​និង​ផ្ទះ​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ជា​ឱកាស​ដើម្បី​បង្ហាញ​ពួកគេ​ឱ្យ​ស្គាល់​ទម្រង់​សិល្បៈ​ថ្មី​មួយ ដែល​ពួកគេ​មិន​ធ្លាប់​មានឱកាស​ឃើញ​ពីមុនមក»

Stefania Pirani, ប្រធាន​គម្រោង​នៃ GVC បាន​និយាយថា​អង្គការ​របស់​អ្នកស្រី​បាន​ពិភាក្សា​ជាមួយ​អ្នកពាក់ព័ន្ធ​និង​អ្នកជំនាញ​ផ្សេងគ្នា ហើយ​ក៏មាន​យោបល់​រួមមួយ​ថា ល្ខោន គឺជា​មធ្យោបាយ​ដែល​សមរម្យ​បំផុត​ក្នុងការ​អបរំ​ទៅកាន់​យុវជន ដែល​តែងតែ​ធ្វើ​ចំណាកស្រុក​ដើម្បី​ស្វែងរក​ការងារ​ធ្វើ។ ប្រជាជន​កម្ពុជា​តាម​ជនបទ​ភាគច្រើន​មិនចេះ​អក្សរ​ទេ​ដូច្នេះ​សិល្បៈ​ដែល​មើលឃើញ​គឺមាន​ប្រសិទ្ធិភាព​បំផុត​ក្នុង​ការបញ្ជូនសារ​ដែល​យើង​ចង់​ប្រាប់​ទៅកាន់​ពួកគេ»។

លោកស្រី​បន្តទៀតថា៖« អ្នក​ចំណាកស្រុក​ខ្មែរ​ជាច្រើន​ដែល​ចូលទៅ​ថៃ គឺមាន​ភាពមិនប្រក្រតី​ហើយ​ពួកគេ​ពិតជា​មិនមាន​ព័ត៌មាន​ណាមួយ​ថា​តើ​ពួកគេ​គួរ​ធ្វើ​អ្វី​ដើម្បី​ក្លាយជា​អ្នក​ចំណាកស្រុក​ស្របច្បាប់​នោះឡើយ។  ពួកគេ​មិនដឹងថា​គេ​ត្រូវការ​លិខិតឆ្លងដែន​មួយ ហើយ​បើ​ត្រូវការ​លិខិតឆ្លងដែន​នេះ តើ​ទៅធ្វើ​នៅឯណា​ត្រូវការ​ឯកសារ​អ្វីខ្លះ។ ហើយ​បើ​គាត់​ទៅដោយ​គ្មានអ្វី​សោះ គាត់​នឹង​ត្រូវគេ​បោក​ជាមិនខាន»។
ប្រជាជន​កម្ពុជា​រាប់ពាន់នាក់​បាន​ឆ្លង​ព្រំដែន​ចូលទៅក្នុង​ប្រទេស​ថៃ​ជា​រៀងរាល់ឆ្នាំ​ដែល​ភាគច្រើន​នៃ​ពួកគេ​គឺ​គ្មាន​លិខិតឆ្លងដែន ឫ​លិខិតអនុញ្ញាត​ធ្វើការ​ទេ។ ពួកគេ​ទាំងនោះ​ចូលទៅ ធ្វើការ​ក្នុង​ការដ្ឋាន​សំណង់ រោងចក្រ​នានា និង​កន្លែង​នេសាទផ្សេង។

ខណៈពេលដែល​កំពុងធ្វើកា​រ​នៅ​ទីនោះ​ភាគច្រើន​នៃ​ពួកគេ​មិន​ទទួលបាន​ប្រាក់​ឈ្នួល​ជា​ថ្នូរ​ដូរ​និង​ការខិតខំ​ធ្វើការ​របស់​ពួកគេ​នោះទេ ជាងនេះទៅទៀត ពួកគេ​តែងតែ​ធ្វើការ​ហួស​ម៉ោង​កំណត់ ទោះជា​ដឹងថា​ខ្លួនឯង​កំពុងតែ​ត្រូវបាន​គេ​កេងប្រវ័ញ្ច​កម្លាំង​ញើស​ឈាម​ក៏ដោយ ពួកគាត់​នៅតែ​បន្តធ្វើ ដោយសារតែ​ពួកគាត់​មិនដឹងថា​គួរ​ធ្វើ​យ៉ាងម៉េច​ដើម្បី​កែលម្អ​ស្ថានភាព​របស់​ពួកគាត់​នោះឡើយ។

អ្នកស្រី​និយាយថា៖« គោលបំណង​នៃ​គម្រោង​នេះ​គឺ​ដើម្បី​ផ្តល់ឱ្យ​អ្នកភូមិ​នូវ​ព័ត៌មាន​ដែល​ពួកគេ​ត្រូវការ។ គោលបំណង​ធំ​មួយទៀត គឺថា​ប្រសិនបើ​ពួកគេ​ជ្រើសរើស​ក្នុង​ការធ្វើ​ចំណាកស្រុក​នោះ​ពួកគេ​នឹងធ្វើ​វា​ដោយ​សុវត្ថិភាព។ គម្រោង «Migra-Safe» ក៏​នឹង​ផ្តល់នូវ​ព័ត៌មាន​អំពី​សិទ្ធិ​ដែល​ជន​ចំណាកស្រុក​ស្របច្បាប់​ត្រូវមាន។ ជាងនេះទៅទៀត យើង​ក៏​អាច​ផ្តល់ឱ្យ​ពួកគេ​នូវ​ទំនាក់ទំនង​ដែល​ពួកគេ​អាច​ទទួលបាន​ជំនួយ​នៅក្នុង​ប្រទេស​ថៃ»។

អ្នកស្រី​និយាយថា៖«យ៉ាងហោចណាស់ យើង​ជួប ប្រជាជន​ប្រហែល ៣០០ គ្រួសារ​ជា​រៀងរាល់​សបា្ត​ហ៏ យើង​ក៏មាន​សំណួរ​រ​សួរ​ទៅកាន់​គ្រួសារ​ទាំងនោះ ទាក់ទង​និង​ការធ្វើ​ចំណាកស្រុក​ដោយ​សុវត្ថិភាព​ផងដែរ»។

ចំនួន​អ្នក​មក​ចូលរួម​មើល​ការសម្តែង​សិល្បៈ​របស់​ក្រុម​សិល្បករ​នៃ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​ជា​មធ្យម មាន​ចំនួន​ប្រមាណ​ជា ៤០០ ទៅ ៦០០ នាក់។ ពួកគាត់​អង្គុយ​មើល​ការសម្តែង ដែល​បាន​ធ្វើឡើង​នៅក្នុង​បរិវេណ​វត្ត​ក្នុងស្រុកនីមួយៗដោយ​ភាពសប្បាយ​រីករាយ។

អ្នកស្រី​និយាយថា៖«បន្ទាប់ពី​ការសម្តែង​ចប់ យើង​នឹង​ត្រឡប់​ទៅ​ភូមិ​ហើយ​សួរ​ក្រុមគ្រួសារ​ទាំងនោះ​នូវ​សំណួរ​មួយចំនួន ហើយ​ពេលនោះ​យើង​អាច​មើលឃើញ​នូវ​អ្វីដែល​ពួកគេ​បាន​រៀន​ពី​ព័ត៌មាន​ដែល​បានផ្តល់​ជូន​តាមរយៈ​ការសម្តែង​នេះ។ គម្រោង​នៃ​ការសម្តែង​នឹងត្រូវ​បញ្ចប់​នៅ​ចុងខែ​មករា ឆ្នាំ ២០១៥នេះ៕

អត្ថបទ៖ អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ




© រក្សាសិទ្ធិដោយ thmeythmey.com