អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
ប្រជាជន​ប៉ា​ឡេ​ស្ទី​ន​នៅ​ហ្កា​ហ្សា​បាតុកម្ម​ប្រឆាំង​ការព្យួរ​ជំនួយ​របស់ UN
29, Jan 2015 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ


នៅ​ថ្ងៃ​ពុធ​ម្សិលមិញ ប្រជាជន​ប៉ា​ឡេ​ស្ទី​ន បាននាំគ្នា​បាតុកម្ម​នៅ​ពីមុខ​ទីស្នាក់ការ​អង្គការសហប្រជាជាតិ នៅ​តំបន់​ហ្កា​ហ្សា​ដើម្បី​ប្រឆាំងនឹងការសម្រេច​ព្យួរ​ជំនួយ​សម្រាប់​សាងសង់​ផ្ទះសម្បែង​អោយ​ពួកគេ។ក្រោយ​មាន​សង្គ្រាម​ក្នុងអំឡុង​ពាក់កណ្តាល​ឆ្នាំ២០១៣ រវាង​ក្រុម​ហា​ម៉ាស​និង​កងទ័ព​អ៊ីស្រាអែល​ប្រទេស​ជាច្រើន​បាន​សន្យា​ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នៅ​អេ​ហ្ស៊ី​ប​ថា​នឹង​ផ្តល់​ថវិកា​ប្រមាណ៥ពាន់៤រយ​លាន​ដុល្លារ ដើម្បី​ជួយ​សាងសង់​ផ្ទះសំបែង​ឡើងវិញ។ប៉ុន្តែ រហូត​ពេលនេះ ពាក្យសន្យា​មិនទាន់​ត្រូវបាន​គោរព​នៅឡើយ។



កាលពី​ថ្ងៃ​អង្គារ​អង្គការ​សហា​ប្រជាជាតិ​បានប្រកាស​ព្យួរ​ជំនួយ​ដែល​ត្រូវ​ផ្តល់​ដល់​តំបន់​ហ្កា​ហ្សា​ដើម្បី​សាងសង់​ផ្ទះសម្បែង​ដែល​រង​ការបំផ្លិចបំផ្លាញ​ដោយ​សង្គ្រាម​រវាង​ក្រុម​ហា​ម៉ាស​និង​ទាហាន​អ៊ីស្រាអែល កាលពី​រដូវក្តៅ​ឆ្នាំមុន។ មូលហេតុ​គឺថា​ប្រទេស​ជាច្រើន​ដែល​ធ្លាប់​សន្យា ក្នុង​កិច្ចប្រជុំ​អន្តរជាតិ​នៅ​អេ​ហ្ស៊ី​ប​កាលពី​ថ្ងៃ១២តុលា ឆ្នាំ២០១៤ ថា​នឹង​ផ្តល់ជំនួយ​ប្រមាណ៥ពាន់៤រយ​លាន​ដុល្លារ​ដល់​ការសាងសង់​ផ្ទះសម្បែង​ក្នុង​តំបន់​ហ្កា​ហ្សា​ឡើងវិញ​នោះ​ប្រទេស​ទាំងនោះ​នៅ​មិនទាន់​បានផ្តល់​លុយ​អ្វី​ជាក់ស្តែង​តាម​ការសន្យា​នោះទេ។

ថ្ងៃ​ពុធ​ម្សិលមិញ​ប្រជាជន​ហ្កា​ហ្សា​ប្រមាណ២០០នាក់​បាននាំគ្នា​ដុត​កង់ឡាន បាតុកម្ម​ប្រឆាំងនឹង​ការព្យួរ​ជំនួយ។បាតុករ​មួយចំនួន​បាន​ព្យាយាម​ចូលទៅក្នុង​ទីស្នាក់ការ​អង្គការសហប្រជាជាតិ​នៅ​ហ្កា​ហ្សា តែ​ត្រូវ​ប៉ូលិស​ក្រុម​ហា​ម៉ាស​នៅ​ទីនោះ​ប​បំ​ែ​ក​ចេញ​ទៅវិញ។អង្គការសហប្រជាជាតិ​ទទួលបន្ទុក​ជួយ​ជនភៀសខ្លួន​ប៉ា​ឡេ​ស្ទី​ន (UNRWA) កំពុង​បារម្ភ​ពី​ស្ថានភាព​នៅ​ហ្កា​ហ្សា។ពេលនេះ​អង្គការ​អស់​ថវិកា​ដើម្បី​ដំណើរ​ការជួយ​ជនភៀសខ្លួន។ បច្ចុប្បន្ន​មនុស្ស​ប្រមាណ១២០០០នាក់ កំពុងស្នាក់នៅ​តាម​សាលារៀន​នានា​របស់​អង្គការ​UNRWA។អង្គការ​UNRWAបារម្ភ​ថា អាច​នឹងមាន​ជនភៀសខ្លួន​ចូលមក​កាន់តែច្រើន​ថែមទៀត​ធ្វើអោយ​អង្គ​ការមិន​អាចជួយ​ពួកគេ​បាន។

គួររំលឹកថា​សង្គ្រាម៥០ថ្ងៃ​រវាង​ទាហាន​អ៊ីស្រាអែល​និង​ក្រុម​ហា​ម៉ាស ក្នុង​តំបន់​ហ្កា​ហ្សា​កាលពី​ខែកក្កដា និង​សីហា ឆ្នាំ២០១៤ បានសម្លាប់​ជនជាតិ​ប៉ា​ឡេ​ស្ទី​ន ជិត២២០០នាក់​ភាគច្រើន​ជា​ជន​ស៊ីវិល។ អ៊ីស្រាអែល​វិញ បាន​បាត់បង់​ទាហាន​ខ្លួន៧៣នាក់៕



© រក្សាសិទ្ធិដោយ thmeythmey.com