ជាតិ
រូបអាក្រាត​នៅ​អង្គរ​ដែល​ផ្សាយ​ដោយ​វែបសាយ​ចិន​អាចជា​រូបភាព​កាត់ត
30, Jan 2015 , 3:40 pm        
រូបភាព

សៀមរាប៖ បន្ទាប់ពី​ធ្វើការ​ស្រាវជ្រាវ​រយៈ​ពេញ​មួយ​សប្តាហ៍​រួចមក អាជ្ញាធរ​អប្សរា មាន​តម្រុយខ្លះៗ ដែល​អាច​បញ្ជាក់ថា រូបភាព​អាក្រាត​ល្វែង​ខាងលើ ដែល​អះអាងថា ជា​ស្ត្រីជន​ជាតិចិន​នោះ ទំនងជា​រូបភាព​កាត់ត។ ព្រោះថា តាម​ការស្រាវជ្រាវ រូប​ស្ត្រី​ដូចគ្នា​នោះ មាន​ថត​នៅតាម​តំបន់​ប្រវត្តិសាស្ត្រ​សំខាន់​ជាច្រើន​នៅលើ​ពិភពលោក ក្នុងនោះ មាន​មហាកំពែង​របស់​ប្រទេស​ចិន​ជាដើម។



អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា លោកស្រី ចៅ ស៊ុន​កិរិយា បាន​និយាយថា​តម្រុយ​ពី​ការពិនិត្យ រូបថត​ស្ត្រី​អាក្រាត​នៅ​តំបន់​អង្គរ​ដែល​ល្បី​ពេញ​ទំព័រ​ហ្វេ​ស​ប៊ុ​ក (ផ្សាយ​ចេញពី​វេ​ប​សាយ​អាសអាភាស Wanimalរបស់​ចិន) កាលពី​សប្តាហ៍​មុន ភាគច្រើន​អាចជា​រូបភាព​ប្រឌិត។ ក្នុងន័យនេះ អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា ចង់​បញ្ជាក់ថា រូបភាព​ទាំងនោះ អាចជា​រូបភាព​កាត់ត ដោយ​ក្រុម​អ្នកជំនាញ។

យ៉ាងណា​ម៉ិ​ញ អាជ្ញាធរ​អប្សរា មិនទាន់​បញ្ជាក់​ច្បាស់​នៅឡើយ​ទេ ថា​រូបភាព​ទាំងនោះ ជា​រូបភាព​ពិត ឫ​មិន​ពិត​នោះ ដោយ​បញ្ជាក់ថា អ្នកជំនាញ​កំពុង​សិក្សា​បន្ត។ តែ​យ៉ាងណា អាជ្ញាធរ ហាក់​ពិបាក​បន្តិច ក្នុងការ​រកមុខ​អ្នកប្រព្រឹត្តិ ប្រសិន​ណា​រូបភាព​ទាំងនោះ​ជា​រូប​ពិត​នោះ។

ចំពោះ​ចំណាត់ការ​ទៅ​ថ្ងៃក្រោយ ដើម្បី​បង្ការ​កុំ​ឲ្យ​កើតមាន​ហេតុការណ៍​ដូចខាងលើ​នេះ​ទៀត អាជ្ញាធរ​អប្សរា បាន​ពង្រឹង​ការគ្រប់គ្រង​របស់ខ្លួន ក្នុងនោះ ក៏មាន​ការចុះផ្សាយ​ព័ត៌មាន និង​បទបញ្ជាផ្សេងៗ និង​ការហាម​ថត​រូបភាព​អាក្រាតផ្សេងៗ ដែល​ភ្ញៀវ​បរទេស​មួយចំនួន មិនទាន់​ដឹង​នោះ​ផងដែរ។

ក្រោយពេល​ផ្ទុះ​រូបភាព​ជាច្រើន​សន្លឹក ដែល​ស្ត្រីជន​ជាតិចិន​ម្នាក់ ថត​អាក្រាត​នៅ​តំបន់​អង្គរ កាលពី​សប្តាហ៍​កន្លងទៅ​រួចមក មានមតិ​ជាច្រើន​រិះគន់​ចំពោះ​កង្វះខាត​គ្រប់គ្រង​របស់​អាជ្ញាធរ។ ប៉ុន្តែ មួយចំនួនទៀត បាន​បញ្ចេញ​រូបភាព​ពន្យល់​ជាច្រើន ដោយ​បញ្ជាក់ថា រូប​ទាំងនោះ ជា​រូបភាព​កាត់ត​តែប៉ុណ្ណោះ។ យ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ច្បាស់​ថា តើ​អាជ្ញាធរ​អប្សរា អាច​នឹង​ចេញមុខ​បញ្ជាក់​ចំពោះ​រូបភាព​ទាំងនោះ ថា​ជា​រូបភាព​កាត់ត ដូចដែល​ខ្លួន​បាន​ស្មាន​ឫ​យ៉ាងណា ខណៈដែល​មហាជន​ជាច្រើន​កំពុង​ចាំមើល ការស្រាវជ្រាវ​បន្ត។

គួររំលឹកថា រឿង​មួយ​មិនទាន់​ផុត​ផង មានរឿង​ថ្មី​មួយទៀត ដូច​ទៅនឹង​ករណី​ខាងលើ​ដែរ គឺថា កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ ជនជាតិ​បារាំង៣នាក់ ត្រូវបាន​អាជ្ញាធរ​អប្សរា ឃាត់ខ្លួន ក្រោយពេល​ជនបរទេស​ទាំងនោះ មានបំណង​ថត​ស្រាត​នៅ​បរិវេណ​ប្រាសាទបន្ទាយក្តី។ ករណី​ថ្មី​នេះ ខុសពី​ករណី​មុន ដោយសារ​ភ្ញៀវទេសចរ​ទាំង៣នាក់ បាន​ប្រើ​ទូរ​សព្ទ​ដៃ ក្នុង​ការប៉ង​ថតរូប​អាក្រាត។ បច្ចុប្បន្ន អាជ្ញាធរ​កំពុង​រក​ភស្តុតាង​បន្ថែម ដើម្បី​ចោទប្រកាន់​ជនបរទេស​ខាងលើ៕




© រក្សាសិទ្ធិដោយ thmeythmey.com