ជាតិ
​​​ន​យោ​បាយ​ជាតិ​
ការ​ប្រែប្រួល​ធំៗ​ក្នុង​​រដ្ឋាភិបាល​​នឹង​​កើត​មាន​ ក្រោយ​​សន្និបាត​​បក្ស​​កាន់​អំណាច​
30, Jan 2015 , 3:55 pm        
រូបភាព
មហាសន្និបាត​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចាប់ផ្តើម​ពី​រសៀល​ថ្ងៃ​សុក្រ​នេះ​ទៅ កំពុង​ទាញ​ចំណាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ពលរដ្ឋ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ សង្គម​ស៊ីវិល គណបក្សប្រឆាំង និង​ស្ថានទូត​បរទេស​ប្រចាំ​កម្ពុជា។ មហាសន្និបាត​វិសាមញ្ញ​នេះ ត្រូវ​បានរៀបចំ​ធ្វើឡើង បន្ទាប់ពី​គណបក្ស​ប្រជាជន​កម្ពុជា​ទើបបាន​ដឹកនាំ​ប្រទេស​បាន​ជាង​មួយឆ្នាំ​នៅក្នុង​អាណត្តិ​ទី៥ ដែលមាន​កម្រិត​ប្រកួតប្រជែង​ខ្លាំង​ផ្នែក​ប្រជាប្រិយភាព​ទល់នឹង​គណ​បក្សប្រឆាំង។


ការប្រកាស​ដាក់ឈ្មោះ​អាណត្តិ​ទី៥ ថា​ជា​អាណត្តិ​នៃ​កំណែទម្រង់​ស៊ីជម្រៅ​របស់លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ។ ការរុះរើ​គណៈរដ្ឋមន្ត្រី​នៃ​អាណត្តិ​ទី៤ ដោយ​ផ្លាស់ប្តូរ​សមាសភាព​រដ្ឋ​មន្ត្រី​មួយចំនួន​តូច សម្រាប់​អាណត្តិ​ទី៥ ក៏​នៅ​មិនទាន់​គ្រប់គ្រាន់។ ការអនុវត្ត​កំណែទម្រង់​ក្នុង​វិស័យ​អប់រំ ដំឡើង​ប្រាក់បៀវត្សរ៍​ជូន​មន្ត្រីរាជការ គ្រូបង្រៀន រៀបចំ​ប្រព័ន្ធ​ប្រមូល​ពន្ធ ប្រឆាំង​អំពើពុករលួយ ក៏​ទំនងជា​មិនទាន់​គ្រប់គ្រាន់​នៅឡើយ សម្រាប់​ការរង់ចាំ​រប​ស់​ពលរដ្ឋ​ខ្មែរ។ គណបក្សកាន់អំណាច​ខ្លួនឯង​ផ្ទាល់ ក៏​ទំនងជា​ដឹង​ហើយ​ថា ខ្លួន​ត្រូវធ្វើ​ការផ្លាស់ប្តូរ​ក្នុង​ទ្រង់ទ្រាយ​ធំ​បន្ថែមទៀត ដើម្បី​ទាញយក​ការគាំទ្រ និង​ប្រជាប្រិយភាព​សម្រាប់​ការបោះឆ្នោត​សាកល២០១៧ និង ២០១៨ មកវិញ។ ហេតុ​ដូច្នេះហើយ ការរៀបចំ​មហាសន្និបាត​វិសាមញ្ញ​ដើម្បី​ធ្វើ​សេចក្តីសម្រេច​លើ​យុទ្ធសាស្ត្រ​ថ្មី សម្រាប់​ការអនុវត្ត​ឲ្យ​ទាន់ពេលវេលា គឺជា​រឿង​ចាំបាច់​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា​របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។

មិនមាន​ការអះអាង​ផ្លូវការ​ពី​គណបក្ស​ប្រជាជន​កម្ពុជា​អំពី​របៀបវារៈ​នានា​នៃ​មហាសន្និបាត​នេះឡើយ ប៉ុន្តែ មន្ត្រីជាន់ខ្ពស់​ខ្លះ​ដែល​បានឮ​សំដី​និយាយ​ត​គ្នា​ពី​ក្នុង​គណបក្ស បាន​បង្ហើប​ថា ថ្នាក់ដឹកនាំ​កំពូល​នៃ​គណបក្ស​នេះ​នឹង​សម្រេច​ផ្លាស់ប្តូរ​សមាសភាព​ក្បាលម៉ាស៊ីន​ក្រសួង​មួយចំនួនទៀត ដែលជា​ឱកាស​នៃ​ការបញ្ចូល​កម្លាំង​យុវជន​ដែលមាន​សមត្ថភាព​រប​ស់​គណបក្ស​ទៅក្នុង​រចនាសម្ព័ន្ធ​រដ្ឋ​បាល​រដ្ឋាភិបាល​របស់​ខ្លួន។ មន្ត្រី​ខ្លះទៀត​ក៏បាន​និយាយថា លើសពី​ការបញ្ចូល​សមាសភាព​យុវជន​ទៅក្នុង​គណៈកម្មាធិការ​ក​ណ្តា​ល​នៃ​គណបក្ស ក៏​អាចមាន​ដល់​ការបញ្ចូល​សមាសភាព​យុវជន​មួយចំនួន​តូច​ចូលទៅក្នុង​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ដែលជា​អង្គការ​កំពូល​របស់​គ​ណ​បក្ស​នេះដែរ។

ការប្រឆាំង​អំពើពុករលួយ ប្រឆាំង​បក្ខពួកនិយម និង​លទ្ធភាព​នៃ​ការលុបចោល​ស្ថាប័ន ឬ​អង្គភាព​មួយចំនួន​ដែល​មិនមាន​ដំណើរការ ឬ​មាន​ប្រយោជន៍​នោះ ក៏​អាច​ក្លាយជា​សេចក្តីប្រកាស​ព្រមាន​នៅក្នុង​មហាសន្និបាត ពី​សំណាក់​ថ្នាក់ដឹកនាំ​កំពូល​របស់​គណបក្ស​ប្រជាជន​កម្ពុជា ហើយ​ដែល​កំពុង​ដឹកនាំ​រដ្ឋាភិបាល​ផងដែរ​នោះ ទៅ​ជួរ​សមាជិក​គណបក្ស​ដែល​កំពុង​គ្រប់គ្រង​ស្ថាប័ន​ចំណុះ​រដ្ឋ​ដែរ។

និយាយ​រួម ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នឹងត្រូវ​ធ្វើ​ឲ្យ​មហាសន្និបាត​វិសាមញ្ញ​នេះ​មានន័យ នៅ​ចំពោះមុខ​ការកើនឡើង​ឥទ្ធិពល​នៃ​គណបក្សប្រឆាំង៕



© រក្សាសិទ្ធិដោយ thmeythmey.com