ជាតិ
​​​ន​យោ​បាយ​ជាតិ​
អ្នកនយោបាយ​ជំនាន់​ក្រោយគ្មាន​គំនិតថ្មី កម្ពុជា​មិនអាច​ទៅមុខ​ឡើយ!
01, Feb 2015 , 3:21 pm        
រូបភាព
ដោយ:
អ្នកនយោបាយចាស់ៗភាគច្រើន ត្រូវគេ​មើលឃើញថា មាន​វប្បធម៌​នយោបាយ​មិនសូវ​ល្អ​នោះឡើយ។ ពួកគេ ច្រើនតែ​ធ្វើ​នយោបាយ ចងគំនុំ​សងសឹក ដើម្បី​បំបាក់​គ្នា​ទៅវិញទៅមក ដោយ​មិនបាន​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​នោះទេ។ អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា បានបង្ហាញ​ក្តី​ព្រួយបារម្ភ​សម្រាប់​យុវជន ជាពិសេស​អ្នកនយោបាយ​វ័យ​ក្មេងជំនាន់ក្រោយ ដែល​ទទួលយក​វប្បធម៌​នេះ​មក​អនុវត្តន៍​បន្ត។ អ្នកតាមដាន​អះអាងថា កម្ពុជា​នឹងមិន​អាច​ដើរទៅ​មុខ​រួច​ឡើយ ប្រសិនបើ​យុវជន​ដែលជា​អនាគត​អ្នកដឹកនាំ​សម័យថ្មី មិន​បោះបង់ចោល​វប្បធម៌​ទាំងនោះ​ចោល។



ការ​សាបព្រោះ​វប្បធម៌​នយោបាយ​ចាស់គំរឹល​របស់​អ្នកនយោបាយចាស់ៗ ដល់​យុវជន និង​អ្នកនយោបាយក្មេងៗជំនាន់​ក្រោយ គឺជា​ក្តី​ព្រួយបារម្ភ​ក្រៃលែង​របស់​អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា ។ ពួកគេ បាន​ថ្កោលទោស​វប្បធម៌​នយោបាយ​របស់​អ្នកនយោបាយចាស់ៗថា នឹង​នាំ​ឲ្យ​មាន​គ្រោះ​ថា្នក់​ដល់​កម្ពុជា ពី​ព្រោះតែ​វប្បធម៌​របស់​អ្នកនយោបាយចាស់ៗទាំងនោះ មាន​ចរិត​គំនុំសងសឹក ចង់​ផ្តួល​រលំ​គ្នា​ទៅវិញទៅមក ដោយ​មិន​តម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ​ដូច​សម្តី​របស់ខ្លួន​ឡើយ។ វប្បធម៌​ចាស់គំរឹល​ទាំងអស់នោះ ដែល​អ្នកតាមដាន​ស្ថានការណ៍​សង្គម ហ៊ាន​និយាយថា នឹងធ្វើ​ឲ្យ​ប្រទេស​កម្ពុជា មិនអាច​ដើរទៅ​មុខ​ទាន់​ប្រទេស​នៅក្នុង​តំបន់​បានទេ ប្រសិនបើ​អ្នកនយោបាយ​ជំនាន់​ក្រោយ ដែល​នឹង​ក្លាយជា​ដឹកនាំ​នាពេលឆាប់ៗខាងមុខនេះ ទ​ទូល​យក​វប្បធម៌​នោះមក​អនុវត្ត​បន្ត។

អ្នកតាមដាន​ស្ថានការណ៍​សង្គម លោក កែម ឡី បាន​ចោទ​អ្នកនយោបាយចាស់ៗបច្ចុប្បន្ន​ថា  មាន​វប្បធម៌​តាំងខ្លួន​ឯង​ជា​អាទិទេព មិនសូវ​ស្តាប់​មតិយោបល់​របស់​អ្នកដទៃ​ទេ។ ជាងនេះទៅទៀត លោក​បន្ថែមថា អ្នកនយោបាយ​ទាំងនោះ គ្មាន​ភាពជា​អ្នកដឹកនាំ ចូលចិត្ត​ប្រើ​ហិង្សា លាប​ពណ៌​គ្នា និង​ចាប់​គ្នា​ដាក់គុក។ « មានតែ​អញ់ ខ្លាំងជាងគេ ។ បើ​មិន​ធ្វើតាម​ខ្លួន គំរាម ប្រើ​ហិង្សា ។ ប៉ិន​និយាយ កុហក​ពលរដ្ឋ។ ខ្ញុំ​ថា វប្បធម៌​ទាំងអស់នេះ បាន​ចាក់​ឬ​ស​ខ្លាំង ស្ទើរតែ​មិនអាច​កែ​បានទេ » ។ នេះ​ជាការ​វិភាគ​របស់លោក កែម ឡី ។

អ្វីដែល​លោក កែម ឡី បាន​និយាយ ហាក់​មិន​ខុសពី​ការយល់ឃើញ​របស់លោក ជាង សុខា នាយក​ប្រតិបត្តិ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន​នោះឡើយ។ ក្នុងនាម​ជា​អ្នក​អង្កេត​ស្ថាន​សង្គម​ផង​នោះ លោក ជាង សុខា វាយតម្លៃថា បើទោះបីជា​នៅក្នុង​ជួរ​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង បាន​បណ្តុះ​យុវជន​ជំនាន់​ក្រោយ​ទុក​បន្តវេន​ពី​អ្នកនយោបាយចាស់ៗក្តី ក៏​មិន​អាចធ្វើ​ឲ្យ​កម្ពុជា ដើរទៅ​មុខ​ដូច​ប្រទេស​ក្នុង​តំបន់​ដទៃទៀត​ដែរ ។ លោក​ថា អ្នកនយោបាយក្មេងៗបច្ចុប្បន្ន​ដែលជា​សែស្រឡាយ​អ្នកនយោបាយចាស់ៗនោះ បាន​ចម្លង​វប្បធម៌​មិនល្អ​ពី​អ្នក​ជំនាន់​មុន​រួចទៅហើយ។

ទាំង កែម ឡី និង លោក ជាង សុខា សុទ្ធតែ​ហ៊ាន​និយាយថា កម្ពុជា​អាច​ប្រែប្រួល​ល្អ​បាន ដរាបណា អ្នកនយោបាយក្មេងៗជំនាន់​ក្រោយ បង្កើត​វប្បធម៌​នយោបាយ​ថ្មី បោះបង់​វប្បធម៌​នយោបាយ​មិនល្អ​របស់​អ្នកចាស់ៗចោល។ វប្បធម៌​នយោបាយ​ថ្មី ដែល​លោក​ទាំងពីរ ជឿជាក់ថា អាច​នាំ​កម្ពុជា ឲ្យ​រីកចម្រើន​នោះ គឺ​វប្បធម៌​អហិង្សា ជជែក​គ្នា​ដោះស្រាយ​បញ្ហា​ជាតិ​ដោយ​សន្តិវិធី កុំ​ចងគំនុំ​សងសឹក​គ្នា ហើយ​តម្កល់​ផលប្រយោជន៍​ជាតិ​ជា​ត្រីមុខ៕



© រក្សាសិទ្ធិដោយ thmeythmey.com