អន្តរជាតិ
ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ថ្កោលទោស​លើ​ការសម្លាប់​ចំណាប់ខ្មាំង​ជប៉ុន
02, Feb 2015 , 4:10 pm        
រូបភាព
ដោយ: ថ្មីៗ
ក្រោយពី​វិ​ឌី​អូ​នៃ​ការសម្លាប់​យ៉ាង​យង់ខ្នង​លើ​ចំណាប់ខ្មាំង​អ្នកកាសែត​ជប៉ុន​លើក​ទី​ពីរ ត្រូវបាន​បង្ហោះ​ដោយ​ក្រុម​រដ្ឋ ឥស្លាម​នោះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ចេញមុខ​ថ្កោលទោស​យ៉ាងខ្លាំង​លើ​សកម្មភាព​ដ៏ សាហាវឃោរឃៅ​នេះ។ បន្ថែម​ពីនេះ​ក្រុមប្រឹក្សាសន្តិសុខ បានទាមទារ​អោយ​ក្រុម​រដ្ឋ​ឥស្លាម​ដោះលែង​ចំណាប់ខ្មាំង ដែល​នៅសល់​ដោយ​គ្មាន​លក្ខខណ្ឌ​ជាបន្ទាន់។



ស្តាប់ សំឡេង


កាលពី​ថ្ងៃទី ០១ កុម្ភៈ កន្លងទៅនេះ ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ បាន​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ ការសម្លាប់​ចំណាប់ខ្មាំង​ដែលជា​អ្នកការ​សែត​ជប៉ុន ដោយ​ក្រុម​សកម្ម​យុទ្ធ​រដ្ឋ​ឥស្លាម។ សេចក្តីប្រកាស​នេះ ធ្វើឡើង ក្រោយ​ក្រុម​រដ្ឋ​ឥស្លាម បាន​បង្ហោះ​វី​ឌី​អូ នៃ​ការសម្លាប់​យ៉ាង​សាហាវយង់ឃ្នង លើ​អ្នកកាសែត​ជប៉ុន គិ​ន​ជិ ហ្គូ​តូ ជា​លើក​ទី២ ។
ក្រោយពី​បរាជ័យ​ក្នុងការ​ចរចារ​រវាង​រដ្ឋាភិបាល​ជប៉ុន និង​រដ្ឋាភិបាល​ហ្ស​ក​ដង់ ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​លើ​ការដោះដូរ ចំណាប់ខ្មាំង​ដែល​អ្នកកាសែត​ជប៉ុន និង​អ្នកបើកបរ​យន្តហោះ​ហ្ស​ក​ដង់  ជាមួយនឹង​អ្នកទោស​ដែលជា​ក្រុម​សកម្ម យុទ្ធ​ក្រុម​រដ្ឋ​ឥស្លាម​ដែល​ត្រូវបាន​ចាប់ខ្លួន​ដោយ​រដ្ឋាភិបាល​ហ្ស​ក​ដង់ ចំណាប់ខ្មាំង​ជប៉ុន​ទី២ លោក គិ​ន​ជិ ហ្គូ​តុ ក៏ត្រូវ បានសម្លាប់​ដោយ​កាត់​ក្បាល ដូចដែល​ក្រុម​រដ្ឋ​ឥស្លាម​បាន​គម្រាម។

ប្រតិកម្ម​បានកើត​ឡើង​ភា្លមៗឆ្លើយតប ទៅនឹង​អំពើ​ការសម្លាប់​នេះ។ សមាជិក​ក្រុមប្រឹក្សាសន្តិសុខ បានសម្រេច​ចេញ សេចក្តី​ថ្លែង​ការ​ថ្កោលទោស​យ៉ាងខ្លាំង​ទៅលើ​ក្រុម​រដ្ឋ​ឥស្លាម ហើយ​បានចាត់ទុក​សោកនាដកម្ម​នៃ​ការសម្លាប់​ជា​បន្តបន្ទាប់​នេះ ថា​ការ​គំរាម​ក​ហែង ទៅលើ​ក្រុមអ្នកកាសែត​ដែល​នៅក្នុង​ប្រទេស​ស៊ី​រី ហើយ​បានចាត់ទុក​ការសម្លាប់​នេះ​ជា​អំពើ​ឆ្កួត​លីលា និង​យង់ឃ្នង។

លើសពី​ទៅទៀត ក្រុមប្រឹក្សាសន្តិសុខ ក៏បាន​ទាមទារ​អោយ​អ្នក​ដែល​ប្រព្រឹត្ត​សកម្មភាព​ទាំងនេះ ត្រូវតែ​ទទួលខុស ត្រូវ និង​ត្រូវតែ​ដោះលែង​ចំណាប់ខ្មាំង​ដែល​នៅ​សេសសល់​ក្នុង​ដៃ​របស់​ក្រុម​រដ្ឋ​ឥស្លាម និង​ក្រុម​អាល់​កៃ​ដា ដោយ​គ្មាន​លក្ខខណ្ឌ។ បន្ថែម​ពីនេះ​ទៅទៀត ក្រុមប្រឹក្សាសន្តិសុខ ក៏បាន​ផ្ងើ​ការរំលែក​ទុក ទៅកាន់​រដ្ឋាភិបាល​ជប៉ុន និង​ក្រុមគ្រួសារ​ជនរងគ្រោះ​ដែល​ត្រូវបាន​សម្លាប់​ដោយ​ក្រុម​រដ្ឋ​ឥស្លាម។

ក្រោយពី​ជនរួមជាតិ​របស់ខ្លួន​ទាំងពីរ​នាក់​ត្រូវ បានសម្លាប់​ដោយ​កាត់​ក្បាល​យ៉ាង​សាហាវយង់ឃ្នង​នោះ លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ អា​បេ គ្មានអ្វី​ក្រៅពី​ការសោកស្តាយ និង​បាន​ប្តេជ្ញា​ថា​នឹង​សហការ​ជាមួយ សហគមន៍​អន្តរជាតិ ដើម្បី​ចាត់វិធានការ​លើ​ក្រុម​នេះ​វិញ ហើយ​លោក​បាន​បញ្ជាក់ថា លោក​នឹងមិន​អភ័យទោស​ចំពោះ​ក្រុម​រដ្ឋ​ឥស្លាម​នោះឡើយ៕



© រក្សាសិទ្ធិដោយ thmeythmey.com