ជាតិ
ដើម​ស្ពង់​ដុះ​លើ​ប្រាសាទតាព្រហ្ម​ស្ថិតក្នុង​ចំណោម​ដើមឈើ​ចាស់​ជាងគេ​លើ​លោក
02, Feb 2015 , 7:00 pm        
រូបភាព
ដោយ:

ក្នុងចំណោម​ដើមឈើ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​បំផុត នៅលើ​ភពផែនដី​ទាំង ១២ ដើម​ស្ពង់​ដែល​ដុះ​នៅលើ​ប្រាសាទតាព្រហ្ម ស្ថិតក្នុង​ខេត្តសៀមរាប​ប្រទេស​កម្ពុជា ក៏​ស្ថិត​ក្នុងចំណោម​ដើមឈើ​វ័យ​ចំណាស់​ទាំងនោះ​ផងដែរ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ businessinsider។



ប្រភព​ដដែល​នេះ​បានបង្ហាញ​រូបភាព​នៃ​ដើមឈើ ដែលមាន​អាយុកាល​វែង​ជាងគេ​បំផុត​ក្នុង​ភពផែនដី ដែលមាន​ដើមឈើ​ខ្លះ​មាន​អាយុកាល​រហូតដល់​រាប់ពាន់​ឆ្នាំ។ រូបភាព​នៃ​ដើមឈើ​ចំណាស់​ទាំង ត្រូវបាន​ថត​ដោយ​អ្នក​ថតរូប​ដ៏​ល្បីល្បាញ​ជនជាតិ​អាមេរិក គឺ អ្នកស្រី Beth Moon ដោយ​អ្នកស្រី​ត្រូវ​ចំណាយពេល​ជាង ១៤ ឆ្នាំ​ដើម្បី​ថត​ផ្ដិត​យក​រូបភាព​នៃ​ដើមឈើ​ទាំងនោះ។

រូបភាព​ដែល​អ្នកស្រី​ថត​បាន ត្រូវ​បានដាក់​បង្ហាញ​ក្នុង​សៀវភៅ​មួយ​ក្បាលមាន​ចំណងជើង​ថា « Ancient Trees: Portraits of Time » ។
ខាងក្រោម​នេះ​គឺជា​ដើមឈើ ដែលមាន​អាយុ​វែង​ជាងគេ​បំផុត​ក្នុង​ពិភពលោក​ទាំង ១២ ដើម៖

ទី១២៖ ដើម Baobabs២៥ ដើម​នៅ​ប្រទេស ម៉ា​ដា​ហ្គា​ស្កា មាន​កម្ពស់​ជាង ៣០ ម៉ែត្រ និង​មាន​អាយុ​ជាង ៨០០ ឆ្នាំ។
ទី១១៖ ដើម Yew ២ ដើម ដែល​ដុះ​នៅ​សងខាង​ខ្លោងទ្វារ​វិហារ​គ្រឹ​ស្ដ​សាសនា St. Edward ក្នុងប្រទេស​អង់គ្លេស វា​ត្រូវបាន​គេ​ប៉ាន់​ស្មានថា បាន​ដុះ​កាលពី​សតវត្ស​ទី១៨ ។
ទី១០៖ ដើម​ស្ពង់​ដុះ​លើ​ប្រាសាទតាព្រហ្ម ខេត្តសៀមរាប ប្រទេស​កម្ពុជា ដែល​អាច​ដុះ​រហូតដល់​កម្ពស់​ជាង ៤៥ ម៉ែត្រ ឬ​ខ្ពស់ជាង​នេះ​ក៏មាន ហើយ​វា​អាចមាន​អាយុកាល​រាប់រយឆ្នាំ។
ទី៩៖ ដើម Queen Elizabeth Oak ក្នុង​ឧទ្យាន Cowdray Park ប្រទេស​អង់គ្លេស បាន​ដុះ​ក្នុងអំឡុង​សតវត្ស​ទី១១ និង​ទី១២ ហើយ​វា​មាន​កម្ពស់    ជាង ១៥ ម៉ែត្រ។
ទី៨៖ ដើម Yew មួយ​ដើម​ដែល​ដុះ​នៅលើ​វិហារ​គ្រឹ​ស្ដ​បុរាណ​មួយ ក្នុងប្រទេស វេ​ល​ល៍ ដែល​បាន​ដុះ​ក្នុងអំឡុង​ទសវត្ស ១៨៥០ ។
ទី៧៖ ដើម Bowthorpe Oak ស្ថិតក្នុង​តំបន់ Lincolnshire ប្រទេស​អង់គ្លេស អាចមាន​អាយុ​ច្រើនជាង ១០០០ ឆ្នាំ។
ទី៦៖ ដើម Baobabs រុំ​ព័ទ្ធ​គ្នា​មួយគូ ក្នុងប្រទេស​ម៉ា​ដា​ហ្គា​ស្កា ត្រូវបាន​គេ​ដាក់ឈ្មោះ​ឲ្យ​វា​ថា ជា​ដើមឈើ​គូស្នេហ៍ មាន​អាយុ​ជិត ១០០០ ឆ្នាំ។
ទី៥៖ ដើម Bristlecone Pine ដែល​ត្រូវបាន​គេ​រកឃើញ​ក្នុងព្រៃ ក្នុង​រដ្ឋ California ដែល​វា​អាចមាន​អាយុកាល​ជាង ៤០០០ ឆ្នាំ។
ទី៤៖ ដើម Chestnut ស្ថិតនៅក្នុង​តំបន់ Croft Castle ប្រទេស​អង់គ្លេស ហើយ​វា​មាន​អាយុ​ជាង ៤២០ ឆ្នាំ។
ទី៣៖ ដើម Yew ស្ថិតនៅ​តំបន់​Wakehurst Place ភាគ​ខាងលិច​ទីក្រុង​Sussex ប្រទេស​អង់គ្លេស អាច​នឹង​ដុះ​កាលពី​ឆ្នាំ ១៣៩១ ហើយ​បច្ចុប្បន្ន​វា​នៅតែ​បន្ត​រីកលូតលាស់។
ទី២៖ ដើម Whittinghame Yew ស្ថិតនៅ​ភាគ​ខាងលិច​ទីក្រុង Lothian ប្រទេស​ស្កុ​តឡែ​ន ហើយ​វា​មាន​អាយុកាល ជាង ១២០០ ឆ្នាំ។
ទី១៖ ដើម General Sherman ស្ថិតក្នុង​ឧទ្យាន Sequoia National Park រដ្ឋ California ដែល​ដើមឈើ​នេះ​អាចមាន​អាយុកាល​ចាប់ពី ២៣០០ ទៅ ២៧០០ ឆ្នាំ៕



© រក្សាសិទ្ធិដោយ thmeythmey.com