ជាតិ
សង្គមជាតិ
សេណា​រី​យ៉ូ​ ដែល​​អាច​ធ្វើ​​អ្នក​ភូមិ​​រកា ​​ឆ្លង​​មេរោគ​​អេដស៍​
03, Feb 2015 , 10:15 am        
រូបភាព
ហេតុការណ៍ ដែលមាន​អ្នក​ឆ្លង​មេរោគ​អេដស៍​នៅ​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ជិត៣០០នាក់ ខ្ញុំ​គិតថា​វា​មិនមែនជា​ហេតុផល​សាមញ្ញ ដែល​គ្រាន់តែ​ថា «មិន​ស្ងោរ​ស៊ីរ៉ាំង (syringe) ឬ​មិន​ប្រើ​ម្ជុល​ថ្មី...»នោះទេ។ រដ្ឋាភិបាល​និង ក្រសួងសុខាភិបាល ត្រូវតែមាន​ហេតុផល​សមរម្យ​ជាង​នេះ និង​ត្រូវ​ភ្ជាប់​ជាមួយ របាយការណ៍ ជាក់លាក់​តាម លក្ខណៈ​បច្ចេកទេស​សុខាភិបាល ប្រកបដោយ​ការជឿ​ទុកចិត្តបាន ដើម្បី​ឆ្លើយតប ទៅកាន់ មហាជន និង​ដៃ គូ​អភិវឌ្ឍ។


អង្គការ​សុខភាព​ពិភពលោក ក៏​គួរតែ​ចេញ​របាយការណ៍​របស់​ខ្លួន ជុំវិញ​ការស៊ើបអង្កេត​ករណី​ខាងលើ​នេះដែរ គឺ​មិនអាច​នៅ​ស្ងៀម ហើយ​ចាំ​បន្ទរ​តាម​រដ្ឋាភិបាល​នោះទេ។ រឿង​មនុស្ស​ឆ្លង​មេរោគ​អេដស៍ ជិត៣០០នាក់ មិន អាចជា​រឿង​ចៃដន្យ​ដាច់ខាត។

ឥឡូវ​យើង​វិភាគ​លើ​សេណា​រី​យ៉ូ​ណាខ្លះ ដែល​អាច​ចម្លង​មេរោគ ដល់​ជនរងគ្រោះ​ជិត៣០០នាក់​នោះ៖

សេណា​រី​យ៉ូ​ទី១៖ ការឆ្លង​តាម​ម្ជុល ឬ​ស៊ីរ៉ាំង​ដែល​មិនបាន​ស្ងោរ ឬ​មិន​ប្រើ​ម្ជុល ឬ​ស៊ីរ៉ាំង​ថ្មី។ ករណីនេះ​ពិតជា ១ លើ​មួយ​ម៉ឺន​ករណី ដែល​អាច​ចម្លង​ដល់​អ្នកភូមិ​ជិត៣០០នាក់ ហើយ​ត្រូវការ​ពេលវេលា​យ៉ាងហោចណាស់ ក៏១០ឆ្នាំ​ដែរ។ តាម​លក្ខណៈ​បច្ចេកទេស គឺ​មេរោគ​អេដស៍​អាច​រស់នៅក្នុង​ម្ជុល ឬ​ស៊ីរ៉ាំង​បានតែ ២ ឬ៣ថ្ងៃ​យ៉ាងយូរ ក្នុង​បរិស្ថាន​អំណោយផល​បំផុត។ ហើយ​ករណី​ភូមិ​រកា​នេះ មាន​គ្រូពេទ្យ​តែ​ម្នាក់​គត់ ដែល​ព្យាបាល​អ្នកជំងឺ។ អ៊ីចឹង គឺ​មានន័យថា រយៈពេល២ឆ្នាំ​ចុង​ក្រោយនេះ អ្នកភូមិ​ត្រូវ​ឈឺ​រាល់ថ្ងៃ (យ៉ាងតិច​ក្នុង១ថ្ងៃ​មាន​មនុស្ស១នាក់)  ទៅរក​ការចាក់​ថ្នាំ​ពី​លោកគ្រូ​ពេទ្យ២ ឬ៣នាក់ ក្នុង​មួយថ្ងៃ ករណីនេះ​គឺ​ពិតជា​ពិបាក​ជឿ​ខ្លាំង ណាស់។ ឬក៏​អាច និយាយបានថា ក្នុង១០០ករណី គឺមាន​តែ១ ទៅ២ប៉ុណ្ណោះ។

សេណា​រី​យ៉ូ​ទី២៖ គឺ​ការផ្តល់សេវា​សុខាភិបាល​លក្ខណៈ​ជា​ក្រុម តាមរយៈ​ពេទ្យ​ស្ម័គ្រចិត្ត។ លទ្ធភាព​នៃ​ករណី នេះ​អាច​កើតមានឡើង​ច្រើន។ អាច​ថា​ក្នុង១០ មាន៧ ទៅ៨ទៅហើយ ដែល​អាចទៅរួច។ ប៉ុន្តែ​លុះត្រាតែ​ក្រុមគ្រូពេទ្យ​ទាំងនោះ មាន​ចេតនា​ចម្លង​មេរោគ​នោះ ទៅ​អ្នកភូមិ​ក្នុង​គោលបំណង​អ្វីមួយ​តែម្តង ទើប​អាច​ចម្លង​មេរោគ​អេដស៍​ដល់​អ្នកភូមិ​ទាំងនោះ​រហូត៣០០នាក់​ពាសពេញ​ភូមិ​ឃុំ និង​ស្ទើរ​គ្រប់​ក្រុមគ្រួសារ​នៅក្នុង​ឃុំ​រកា​នេះ។ អ្នកភូមិ​តែងតែ​ទៅរក​ការចាក់​ថ្នាំ ឬ​សេវា​ព្យាបាល​សុខាភិបាល​ណា​ដែលជា​សេវា​សុខភាព​ស្ម័គ្រចិត្ត របស់​ក្រុមគ្រូពេទ្យ ព្រោះតែ​មិនសូវ​អស់​លុយ ជាពិសេស​តាមរយៈ​អង្គការ។ តែបើ​ក្រុមគ្រូពេទ្យ​នេះ ជា​អ្នកស្ម័គ្រចិត្ត គឺ​ច្បាស់​ណាស់ មិនអាច​ធ្វេសប្រហែស​ដោយសារតែ​ការប្រើ​ម្ជុល​តែមួយ ឬ​ស៊ី​រាំង​រួមគ្នា​នោះទេ លើកលែង​តែមាន​ចេតនា ព្រោះ​ទាំង​ស៊ីរ៉ាំង​និង​ម្ជុល​មានតម្លៃ​ថោក​ណាស់។ បើជា​ចេតនា​គឺជា​បទឧក្រិដ្ឋ​ប្រឆាំង​មនុស្ស ជាតិ។ លទ្ធភាព​ករណីនេះ​អាច​កើតមានឡើង​ច្រើន។ សមត្ថកិច្ច​គួរតែ​ស៊ើបសួរ​អ្នកភូមិ​ថា៖ តើ​មាន​សេវា​ពេទ្យ​ស្ម័គ្រចិត្ត​ណា​ចុះមក​ភូមិ​ទេ​ក្នុង​រយៈពេល១ឬ ២ឆ្នាំ​ចុង ក្រោយនេះ? ព្រោះនេះ​ជា​ករណី ដែលមាន​លទ្ធភាព​ខ្ពស់បំផុត។

សេណា​រី​យ៉ូ​ទី៣៖ គឺ​ក្នុង​ស៊ីរ៉ាំង ឬ​ម្ជុល​មាន​សារធាតុ​អាច​ចិញ្ចឹម មេរោគ​អេដស៍​ហើយ​អាច​ចម្លង​ទៅ​អ្នកទទួល សេវា​ចាក់​ថ្នាំ​នេះ ដោយ​ងាយ​បំផុត។ ករណីនេះ គឺមាន​លទ្ធភាព​ខ្ពស់បំផុត។ បើសិនជា​តាម​លក្ខណៈ​បច្ចេកទេស សុខាភិបាល​អាចទៅរួច ព្រោះ​មន្ត្រី​ខ្មែរ មិនបាន​គិតគូរ​សុខ​ភាព​ប្រជាជន​ជាសំខាន់​ទេ។ ដូច្នេះ​ការពិនិត្យ​គុណភាព​នៃ​ការ​នាំចូល​បរិក្ខារ​ពេទ្យ​ដូចជា ម្ជុល​ឬ ស៊ីរ៉ាំង...ច្បាស់​ជា​មិនបាន​ដិតដល់​នោះទេ។ ករណីនេះ​អាច​កើតឡើង បើសិន​ជាមាន​នរណាម្នាក់ ឬ​ក្រុម​ណាមួយ ឬ​ប្រទេស​ណាមួយ ចង់​សាកល្បង​ក្នុងការ​សម្លាប់​មនុស្ស​តាមរយៈ​សេវា​សុខាភិបាល ដោយ​យក​ប្រជាជន​ខ្មែរ​ជាទី​ពិសោធន៍។  ដូច​ពាក្យចាស់​លោក​ពោលថា៖"មនុស្ស​លោភលន់ អាច​ដុត​ផ្ទះ​យើង ដើម្បី​តែ​ស្ងោរ​ពងមាន់​របស់គេ"។ បើ​ករណីនេះ ពិតជា​អាច​កើតមានឡើង​មែន គឺ​អ្នក​ដែលជា​ជនរងគ្រោះ មិនមែន​តែ​អ្នកភូមិ​រកា​ប៉ុណ្ណោះ​ទេ។ អ្នក​ដែល​ទទួល​សេវាកម្ម​សុខាភិបាល​ដោយ​ចាក់​ថ្នាំ ឬ​ព្យួរសេរ៉ូម​ក្នុង​រយៈពេល២ឬ៣ឆ្នាំ​កន្លងទៅនេះ គួរតែ​ធ្វើការ​ពិនិត្យ​ឈាម​ដើម្បី​ឲ្យ​ច្បាស់​ក្នុង​ចិត្ត។

សេណា​រី​យ៉ូ​ទី៤៖ គឺ​លទ្ធភាព​ក្នុងពេល​ជោះ​ឈាម។ អ្នក​ជោះ​ឈាម​ទី១ មាន​មេរោគ​អេដស៍ ហើយ​ពេទ្យ​ប្រើ​ម្ជុល​ដដែល​ទៅ​ជោះ​អ្នក​ទី២ដែល​មិនមាន​ផ្ទុក មេរោគ​អេដស៍។ ពេលនោះ​ឈាម​នៅក្នុង​ដប ឬ​ស៊ីរ៉ាំង​ដែល​នឹង​ត្រូវយក​ទៅពិនិត្យ គឺ​ច្បាស់​ជាមាន​ផ្ទុកមេរោគ អេដស៍។ ករណីនេះ ពិតជា​មានលទ្ធភាព​តិចតួច ព្រោះថា​គ្រូពេទ្យ ដែល​បូម​ឈាម​ជនរងគ្រោះ​ទៅពិនិត្យ រក​មេរោគ​អេដស៍ រឿង​អី​ទៅប្រើ​ម្ជុល​ដដែល? លើកលែងតែ​ជា​ចេតនា។ ប៉ុន្តែ​បើ​អ្នក​ដែល​ទៅពិនិត្យ ឬ​ត្រូវ​បូម​ឈាម ច្បាស់​ជា​បដិសេធ​ប្រើ​ម្ជុល​ដដែល។ បើ​មាន​ដំណក់ឈាម​ណាមួយ​ក្នុង​ម្ជុល ដែលមាន​មេរោគ​អេដស៍ ពេល​បូម​ឈាម​ចូលក្នុង​ស៊ីរ៉ាំង គឺ​ឈាម​ទាំងមូល​នឹងមាន​មេរោគ តែបើ​បូម​ឈាម​អ្នករងគ្រោះ​ភ្លាម​គឺ​មិនទាន់​ឃើញ​ទេ។

នេះ​ជា​គំនិតខ្លីៗដែល​ខ្ញុំ​ជា​អ្នក​ព្រៃភ្នំ​គិត​ឃើញ និយាយ​ចេញពី​ចិត្ត ដោយសារតែ​ដេកគិតៗទៅ​វា​ហួសចិត្ត​ពេក និង​ស្រយុតចិត្ត​ពេក​ចំពោះ​ប្រជាជន​ខ្មែរ​ដែលជា​អ្នករងគ្រោះ។ ជាពិសេស​អ្នក​ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង នេះ​តែម្តង។ លើសពីនេះទៅទៀត ហេតុផល​របស់​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​ដែល​បាន​និយាយប្រាប់​មហាជន គឺ​ពិតជា​មិនអាច​ទទួលយកបាន​មែន ហើយ​វិធានការណ៍​របស់​រដ្ឋាភិបាល ក៏​រឹតតែ​មិនអាច​ទទួលយកបាន​ទាល់តែសោះ។

រដ្ឋាភិបាល​គូរ​តែ​ចាំ​ថា «គ្រប់​ទង្វើរ​របស់​មន្ត្រី និង​អ្នកនយោបាយ គឺ​ប្រជាជន​អោយ​ពិន្ទុ​រាល់ថ្ងៃ ហើយ​លទ្ធផល​នឹង​បង្ហាញ​នៅ​ថ្ងៃ​ណាមួយ។ បើ​ធ្ងន់ធ្ងរ​គឺ បាតុកម្ម​ដេញចេញ​ពី​តំណែង បើ​ស្រាល​គឺ​បោះឆ្នោត​ទម្លាក់ បើ​ពេញចិត្ត​គឺ​នៅ​ស្ងៀម»។

ដូច្នេះ​រឿង «អ្នក​ឃុំ​រកា» មិនអាច​និយាយ តែមួយ​ម៉ាត់ ពីរ​ម៉ាត់ ក៏​រួចខ្លួន​នោះទេ។ ជីវិត​មនុស្ស​ជិត៣០០នាក់​ណា! សូម្បី​ជីវិត​សត្វ​គោ ពីរ​បី​ក្បាល ដែល​ស្លាប់​ដោយ​មិនដឹង​ហេតុផល ក៏​ម្ចាស់​វា​មិន​សុខចិត្ត​ដែរ ចុះ​ទម្រាំ​ជិវិត​មនុស្ស?

ជា​ចុងក្រោយ​គឺថា ទោះជា​ទង្វើ​របស់​អ្នកណា ក្នុង​គោលបំណង​អី ដើម្បី​ផលប្រយោជន៍​អី គឺ​មិនត្រូវ​នៅ​ស្ងៀម លាក់លៀម​ព័ត៌មាន​នោះទេ។ ហើយ​អ្នក​ទាំងនោះ​ត្រូវតែ​ទ​ទូល​ខុសត្រូវ​រូ​ម​ទាំង​លោក​រដ្ឋមន្ត្រីក្រសួង សុខាភិបាល និង​មន្ត្រី​ពាក់ព័ន្ធ​ទាំង​អម្បាលម៉ាន៕

ពី​ខ្ញុំ វាសនា
 

© រក្សាសិទ្ធិដោយ thmeythmey.com