ជាតិ
សង្គមជាតិ
វត្ត​សាមគ្គី​រង្សី​ និង​សាលារាជធានី ឆ្លើយឆ្លងគ្នា​រឿង​ការ​ពិនិត្យ​រដ្ឋបាល​ក្នុង​វត្ត​
03, Feb 2015 , 11:02 pm        
រូបភាព
វត្ត​សាមគ្គី​រង្សី ដែល​ស្ថិតក្នុង​សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ​ចេញប្រកាស​ច្រានចោល​ការអធិប្បាយ​រប​ស់​អ្នកនាំពាក្យ​រាជធានី​ភ្នំពេញ លោក ឡុង ឌី​ម៉​ង់ ដែល​បាន​និយាយប្រាប់​បណ្តាញសារព័ត៌មាន​ថា គណៈកម្មការ​វត្ត​មិនដែល​សហការ​ជាមួយ​អាជ្ញាធរ។ ការប្រើប្រាស់​ដំ​ដី​ចោទប្រកាន់​គ្នា​កើតឡើង បន្ទាប់ពី​អាជ្ញាធរ​រាជធានី​គ្រោង​បើក​ការពិនិត្យ និង​អង្កេត​ផ្នែក​រដ្ឋបាល​នៅក្នុង​វត្ត​សាមគ្គី​រង្សី។


គណៈកម្មការ​វត្ត​សាមគ្គី​បាន​ស្រង់​សំដី​របស់​អ្នកនាំពាក្យ​សាលា​រាជធានី​ដែល​និយាយប្រាប់​សារព័ត៌មាន​នានា​ថា វត្ត​បានអនុញ្ញាត​ឲ្យ​ពលរដ្ឋ​ស្នាក់នៅ​ក្នុង​វត្ត ហើយ​មាន​ពលរដ្ឋ​ចេញពី​វត្ត​ធ្វើបាតុកម្ម កូដកម្ម​នៅ​កន្លែង​នានា ថា​ពលរដ្ឋ​ទាំងនោះ​ធ្លាប់ធ្វើ​សកម្មភាព​ដុត​រថយន្ត​រដ្ឋ ហើយ​ថា​ព្រះសង្ឃ​នៅក្នុង​វត្ត​នេះ ក៏​ធ្លាប់​ចូលរួម​ក្នុង​បាតុកម្ម និង​កូដកម្ម​ផងដែរ។

ព្រះ​តេជគុណ ថាច់ វណ្ណា គង់នៅ​វត្ត​សាមគ្គី​រង្សី បាន​មាន​សង្ឃដីកា​ប្រាប់​សារព័ត៌មានថ្មីៗ ដោយ​បដិសេធ​ការចោទប្រកាន់​របស់លោក ឡុង ឌី​ម៉​ង់ ហើយ​ព្រះអង្គ​បន្តថា គឺ​អាជ្ញាធរ​ទេ ដែល​ហាក់​មាន​ភាព​រើសអើង​មកលើ​វត្ត​សាមគ្គី​រង្សី​នេះ ដោយសារ​វត្ត​នេះ មាន​ព្រះសង្ឃ​ខ្មែរ​កម្ពុជា​ក្រោម​ច្រើន និង​បានផ្តល់​កន្លែង​ស្នាក់នៅ​ដល់​ពលរដ្ឋ​ដែលមាន​បញ្ហាដីធ្លី។ ព្រះ​តេជគុណ ដើមកំណើត​ខ្មែរ​កម្ពុជា​អង្គ​នេះ បាន​មាន​សង្ឃដីកា​ប្រតិកម្ម​តប​វិញ​ថា៖«ការចោទប្រកាន់​មកលើ​វត្ត​សាមគ្គី​រង្សី​យ៉ាង​ដូច្នេះ មានន័យថា​សាលា​រាជធានី​មាន​ចេតនា​បង្ករឿង និង​មានន័យថា សាលា​រាជធានី​ភ្នំពេញ បានចាត់ទុក​ជនរងគ្រោះ​ដីធ្លី​ទាំងនោះ គឺជា​សត្រូវ​របស់​រដ្ឋា​ភិ​បាល»។ ព្រះ​តេជគុណ ថាច់ វណ្ណា បាន​មាន​សង្ឃដីការ​បន្តថា៖«អាជ្ញាធរ​គួរតែ​ចុះទៅ​ត្រួតពិនិត្យ​រដ្ឋបាល​នៅ​វត្តផ្សេងៗទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​ផង ដើម្បី​ឲ្យ​មាន​តម្លាភាព» ។

តែ​យ៉ាងណាក៏ដោយ ផ្អែក​តាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​វត្ត​សាមគ្គី​រង្សី ព្រះសង្ឃ និង​ពុទ្ធបរិស័ទ​វត្ត​សាមគ្គី​រង្សី ក៏​មិន​បដិសេធ​ចំពោះ​គម្រោង​ចុះ​ត្រួតពិនិត្យ​រដ្ឋបាល​នៅក្នុង​វត្ត​នោះទេ ហើយ​ថា​ចំណាត់ការ​នេះ គឺជា​តួនាទី​របស់​ថ្នាក់ដឹកនាំ​គ្រប់លំដាប់​ថ្នាក់ ដើម្បី​រក្សា​សន្តិសុខ និង​សណ្តាប់ធ្នាប់​សង្គម។

លោក ឡុង ឌី​ម៉​ង់ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ មិនបាន​អត្ថាធិប្បាយ​ច្រើន​នោះទេ ជុំវិញ​នឹង​បញ្ហា​នេះ ដោយ​លោក​បាន​បញ្ជាក់ប្រាប់​សារព័ត៌មានថ្មីៗថា៖«ខ្ញុំ​មិន​ចង់​និយាយ​ឲ្យ​ពាក់ព័ន្ធ​ជាមួយ​វត្ត​នោះទេ។ សាលា​រាជធានី​ភ្នំពេញ គ្រាន់តែ​ធ្វើតាម​នីតិវិធី​តែប៉ុណ្ណោះ» ។ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​រូបនេះ បន្តថា៖«ប្រសិនបើ​វត្ត​មិនបាន​ធ្វើ​ឲ្យ​មាន​កំហុស
ឆ្គង គ្មាន​ហេតុផល​ដែល​ត្រូវ​មិន​សប្បាយចិត្ត​នោះទេ»៕


© រក្សាសិទ្ធិដោយ thmeythmey.com