អន្តរជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក Jonh Kerry៖ ពី​​ទូក​​ល្បាត ​​ដល់​​ទន្លេ​មេគង្គ​ ​ដែល​មាន​​និរន្ត​ភាព​​
04, Feb 2015 , 4:53 pm        
រូបភាព
ដោយ​លោក Jonh Kerry រដ្ឋមន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ (បក​ប្រែ​ក្រៅ​ផ្លូវ​ការ​ដោយស្ថានទូត​អាមេរិក)

ផ្លូវទឹក​មួយ​ក្នុងចំណោម​ផ្លូវទឹក​ដ៏​សំខាន់បំផុត​ក្នុង​ពិភពលោក ហើយ​ជា​ផ្លូវទឹក​មួយ​ដែល​ខ្ញុំ​ធ្លាប់​នៅលើ​នោះដែរ កំពុងតែ​ស្ថិតនៅក្នុង​គ្រោះថ្នាក់​យ៉ាងធ្ងន់ធ្ងរ។ យើង​ត្រូវ​ធ្វើយ៉ាងណា​អោយ​ភាពរស់រវើក​របស់​វា​ផ្នែក​បរិស្ថាន​អេកូឡូស៊ី និង​សេដ្ឋកិច្ច​ត្រូវបាន​អភិរក្ស​សំរាប់​មនុស្ស​ជំនាន់​ក្រោយ។


កាលពី​ជាង ៤ ទសវត្ស​មុន ក្នុងនាម​ជា​អនុនាវីឯក នៅក្នុង​កង​ម៉ា​រី​ន​មួយ​ដែលមាន​ឈ្មោះថា “brown-water Navy”  ក្រុម​របស់ខ្ញុំ ហើយ​និង​ខ្ញុំ​បានធ្វើ​ដំណើរ​តាម​ទន្លេមេគង្គ នៅលើ​ទូក​យោធា​មួយ​របស់​អាមេរិក។ទោះបីជា​នៅ​ជុំវិញ​យើង​មាន​សុទ្ធតែ​ទឹក​ក្តី តែ​យើង​មានការ​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ចំពោះ​សម្ផស្ស និង​អំណាច​នៃ​ទឹកទន្លេ- ក្របី អាហារ​សមុទ្រ​ដែល​យើង​បាន​ដូរ​គ្នា​ជាមួយ​អ្នកនេសាទ​នៅនឹងកន្លែង និង​ព្រៃ​លិច​ទឹក​នៅ​សងខាង​ទន្លេ និង​ឆក។ កាលដើមឡើយ ផ្លូវទឹក​ទាំងនេះ​ដែល​គេ​ធ្វើសង្គ្រាម​លើ បាន​ក្លាយជា​ផ្លូវទឹក​នៃ​សន្តិភាព និង​ពាណិជ្ជកម្ម - សហរដ្ឋអាមេរិក និង​ប្រទេស​វៀតណាម​ស្ថិតនៅក្នុង​សតវត្ស​ទី ២០ នៃ​ទំនាក់ទំនង​ដែលមាន​ភាព​ដុះដាល​ឡើង។

សព្វថ្ងៃនេះ ទន្លេមេគង្គ​ប្រឈម​នឹង​គ្រោះថ្នាក់​ថ្មី ហើយ​ខុស​ពីមុន គឺ​គ្រោះថ្នាក់​ដែល​គំរាមកំហែង​ដល់​មុខរបរ​ប្រកប​ជីវភាព​រស់នៅ​របស់​ម​នុស្ស​រាប់សិប​លាន​នាក់ ហើយ​ជា​និមិត្តរូប​នៃ​ហានិភ័យ​ពី​ការប្រែប្រួល​អាកាសធាតុ​ចំពោះ​ផែនដី​ទាំងមូល។ ការអភិវឌ្ឍន៍ និង​កំណើន​លូតលាស់​ដែល​មិន​ធានា​និរន្ត​ភាព។ ទោះបីជា​មានការ​ខិតខំ​ទាំងនេះ​ក្តី តែ​ទន្លេមេគង្គ​នៅតែ​ស្ថិតនៅក្រោម​ការគំរាមកំហែង​ដដែល។ នៅតាម​បណ្តោយ​ទន្លេ​នេះ ដែលមាន​ប្រវែង ២៧០០ ម៉ៃ​ល៍ តំរូវការ​កាន់តែច្រើន​ឡើង​នៃ​ថាមពល ស្បៀង និង​ទឹក​កំពុងតែ​បំផ្លាញ​ប្រព័ន្ធ​អេកូឡូស៊ី​របស់​វា និង​របរ​ចិញ្ចឹមជីវិត​របស់​ប្រជាជន​ចំនួន ២៤០ លាន​នាក់។ ការអភិវឌ្ឍន៍​ដែល​មិន​ធានា​និរន្ត​ភាព និង​ល្បឿន​យ៉ាង​លឿន​នៃ​ការអភិវឌ្ឍ​ទំនប់​វា​រី​អគ្គិសនី​កំពុងតែ​បំផ្លាញ​តំរូវការ​ស្បៀង និង​ទឹក​របស់​មនុស្ស​រាប់លាន​នាក់ ដែល​ពឹង​អាស្រ័យ​លើ​ទន្លេ​នេះ។

តើ​អ្វី​សំខាន់? នៅ​កម្ពុជា ទន្លេមេគង្គ​ទ្រទ្រង់​ជីវសាស្ត្រ​ចំរុះ​ដ៏​សំបូរបែប​នៃ​តំបន់​ជំ​រេល ដែល​ផ្តល់​ប្រូតេអ៊ីន​ចំនួន ៦០% នៅ​កម្ពុជា។ នៅ​វៀតណាម ទន្លេ​នេះ​ជួយ​ស្រោចស្រព “តំបន់​ជង្រុក​ស្រូវ” ដែល​ចិញ្ចឹម​សេដ្ឋកិច្ច​ដែល​កំពុងមាន​ការលូតលាស់​យ៉ាង​រហ័ស។ នៅក្នុង​តំបន់​ទាំងមូល ទន្លេមេគង្គ​គឺជា​សរសៃឈាម​យ៉ាងសំខាន់​សំរាប់​ការដឹកជញ្ជូន កសិកម្ម និង​សំរាប់​ការបង្កើត​ភ្លើងអគ្គិសនី។

ទន្លេមេគង្គ​ប្រៀបបាន​នឹង​តំបន់​អា​ម៉ា​សូន​ចំពោះ​ជីវសាស្ត្រ​ចំរុះ។ ត្រី​រាជ និង​ផ្សោត​ទឹកសាប​គឺជា​សត្វ​ដែលមាន​តែ​នៅ​តំបន់​នេះ​ទេ ហើយ​អ្នកវិទ្យាសាស្ត្រ​កំពុង​រកឃើញ​ពូជ​សត្វ​និង​រុក្ខជាតិថ្មីៗ នៅ​តំបន់​ដីសណ្ត។ ពូជ​សត្វ និង​រុក្ខជាតិ​ដែល​ទើប​រកឃើញថ្មីៗខ្លះ នៅ​ថ្ងៃ​ណាមួយ​អាច​អោយគេ​អាច​យកទៅ​ធ្វើ​ឱសថ​សំរាប់​សង្គ្រោះ​ជីវិត​បាន។

គេ​មើលឃើញ​បញ្ហា​ប្រឈម​ច្បាស់។ តំបន់​មេគង្គ​ទាំងមូល​ត្រូវតែ​អនុវត្ត​យុទ្ធសាស្ត្រ​ដ៏​ទូលំទូលាយ​មួយ ដើម្បី​ធ្វើយ៉ាងណា​អោយ​កំណើន​លូតលាស់​នៅពេល​អនាគត​មិន​ប៉ះពាល់​ដល់​ខ្យល់​ស្អាត ទឹកស្អាត ប្រព័ន្ធ​អេកូឡូស៊ី​ល្អ។ ការសំរេចបាន​ភារកិច្ច​ដ៏​សំខាន់​នេះ​នឹង​បង្ហាញ​ពិភពលោក​អោយឃើញ​នូវ​អ្វីដែល​អាច​សំរេចបាន។

ជោគវាសនា​នៃ​តំបន់​នេះ​ក៏មាន​ផល​ផងដែរ​ទៅលើ​ការរស់នៅ​របស់​ប្រជាជន​ដែល​នៅ​ឆ្ងាយ​ពី​តំបន់​នេះ។ ឧទាហរណ៍ ពាណិជ្ជកម្ម​របស់​សហ​រដ្ឋ​អាមេរិក​ជាមួយ​តំបន់​មេគង្គ​បាន​កើនឡើង​ចំនួន ៤០% ពី​ឆ្នាំ ២០០៨ ដល់​ឆ្នាំ ២០១៤ ។ និន្នាការ​នេះ​មានន័យថា មាន​កំណើន​ការងារ​ធ្វើ​សំរាប់​ជនជាតិ​អាមេរិក ហើយ​និង​កំណើនសេដ្ឋកិច្ច​ជា​បន្ត សំរាប់​ប្រទេស​នៅ​ទូទាំង​តំបន់​អាស៊ីអាគ្នេយ៍។

ការដោះស្រាយ​បញ្ហា​ប្រឈម​នេះ​បានទាមទារ​អោយ​យើង​ខិតខំ​ធ្វើការ​ជាមួយ​បណ្តា​ប្រទេស​ទាំងនេះ ដើម្បី​ដោះស្រាយ​សេចក្តីត្រូវការ​ពិត​ប្រាកដ​លើ​ការអភិវឌ្ឍន៍ ក្នុងពេល​យើង​ធ្វើការ​ដើម្បី​ធ្វើអោយមាន​និរន្ត​ភាព​បរិស្ថាន។ ការ​នេះ​ទាមទារ​អោយមាន​ទិន្នន័យ​ត្រឹមត្រូវ​សំរាប់ធ្វើ​ការវិភាគ​និង​ធ្វើ​ផែនការ​អោយបាន​ត្រឹមត្រូវ ការវិនិយោគ​ដោយ​ភាព​ឆ្លាត​វៃ មេដឹកនាំ​រឹងមាំ និង​ស្ថាប័ន​ដែល​ធ្វើការ​បានល្អ ដើម្បី​គ្រប់គ្រង​ធនធាន​ដ៏​សំបូរ​នៃ​តំបន់​ទន្លេមេគង្គ ដើម្បី​ប្រយោជន៍​ទាំងអស់គ្នា នៅក្នុង​តំបន់​នេះ។

ដើម្បី​សំរេច​បំណង​នេះ យើង​ចូលរួម​ជាមួយ​ប្រទេស​កម្ពុជា ឡាវ ភូមា ថៃ និង​វៀតណាម ដើម្បី​ផ្តើម​គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​នៅ​តំបន់​មេគង្គ​ក្រោម។ បំណង​នៃ​គំរោង​នេះ​គឺ​ដើម្បី​បង្កើត​ចក្ខុវិស័យ​រួមមួយ​នៃ​ការធ្វើអោយមាន​កំណើន​លូតលាស់ និង​ឱកាស ដែល​ទទួលស្គាល់​តួនាទី​នៃ​ទន្លេមេគង្គ​ជា​ក្បាលម៉ាស៊ីន​សេដ្ឋកិច្ច និង​គោរព​ចំពោះ​ចំណែក​នៃ​ទន្លេ​នេះ​នៅក្នុង​ផ្នែក​បរិស្ថាន។
ហេតុដូច្នេះ​ហើយ​បានជា​នៅ​សប្តាហ៍​នេះ  (ថ្ងៃទី ២ និង​ទី៣ ខែកុម្ភៈ) សហរដ្ឋអាមេរិក និង​រដ្ឋាភិបាល​ឡាវ​បានរួម​គ្នា​រៀបចំ​កិច្ចប្រជុំ​ដ៏​ធំ​មួយ​នៃ​មន្ត្រីជាន់ខ្ពស់​មកពី​ប្រទេស​ទាំង ៥ នៅ​តំបន់​មេគង្គ​ក្រោម សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប នៅ​ប៉ាក​សេ នៃ​ប្រទេស​ឡាវ ដែលជា​កន្លែង​ប្រសប់​គ្នា​នៃ​ទន្លេមេគង្គ និង​ទន្លេ Xe Don ។ មន្ត្រី​ទាំងនោះ​ត្រូវបាន​ចូលរួម​ជាមួយ​ដោយ​តំណាង​មកពី​វិស័យ​ឯកជន និង​ស្ថាប័ន​ផ្តល់​អំណោយ ដូចជា​ធនាគារអភិវឌ្ឍន៍អាស៊ី  ដើម្បី​ពិភាក្សា​លើ​ផែនការ​សំរាប់​ធានា​អនាគត​ដែល​ប្រកបដោយ​និរន្ត​ភាព។

នៅក្នុង​កិច្ចប្រជុំ​នោះ យើង​ផ្តើម​គំរោង​ស្តីពី​គំនិត​ផ្តួចផ្តើម​ស្តីពី​ថាមពល​នៅ​តំបន់​ទន្លេមេគង្គ​ដែលមាន​និរន្ត​ភាព។ នេះ​គឺជា​ផែនការ​មួយ​ដែល​លើកទឹកចិត្ត​អោយ​បណ្តា​ប្រទេស​នៅក្នុង​តំបន់​អោយ​អភិវឌ្ឍ​កម្មវិធី​ដែល​បង្វែរ​ការវិនិយោគ​របស់គេ​ទៅរក​របៀបថ្មីៗនៃ​ការបង្កើត​ថាមពល​ដែល​គេ​អាច​កែច្នៃ​យកមកប្រើ​ឡើងវិញ​បាន និង​ធនធាន​ដទៃទៀត ដែល​មិន​ធ្វើអោយប៉ះពាល់​បរិស្ថាន។

នេះ​មិនមែនជា​រឿង​នៃ​ការបញ្ជា​អោយ​ដើរ​តាមផ្លូវ​នៃ​ការអភិវឌ្ឍ​ណាមួយ​នៅក្នុង​ប្រទេស​ទាំងនេះ​ទេ។ ផ្ទុយទៅវិញ វា​ជា​រឿង​ដែល​សហរដ្ឋអាមេរិក និង​ប្រទេស​ដទៃទៀត​ត្រូវ​ធ្វើការ​ជាមួយនឹង​ប្រទេស​ជា​ដៃគូ​របស់​យើង ដើម្បី​បង្កើត​គោលការណ៍​ណែនាំ​ស្តីពី​ការអភិវឌ្ឍន៍ និង​ការវិនិយោគ​ដែលមាន​លក្ខណៈ​ស៊ីគ្នា ដើម្បី​ធានាអោយមាន​ដំណើរ​ល្អ​ទៅមុខ​នៃ​សេដ្ឋកិច្ច និង​បរិស្ថាន​យូរអង្វែង នៅតាម​តំបន់​ទន្លេ។

ភាពជា​ដៃគូ​នេះ​គឺជា​ផ្នែក​សំខាន់​ចាំបាច់​នៃ​ការខិតខំ​រួម​របស់លោក​ប្រធានាធិបតី Obama និង​រដ្ឋបាល​ទាំងមូល​របស់លោក នៅក្នុង​ការជួយ​ដល់​ប្រជាជន​នៅក្នុង​តំបន់​អាស៊ី ប៉ាស៊ីហ្វិក និង​ជាស​ញ្ញា​ថែមទៀត​នៃ​ការប្តេជ្ញាចិត្ត​របស់​យើង​ដើម្បី​ជួយ​ដល់​ប្រទេស​ប្រកាន់​លទ្ធិប្រជាធិបតេយ្យ​ដែល​ទើប​រះ​ឡើង និង​ដែលមាន​សេដ្ឋកិច្ច​រស់​រវើក។
សំរាប់​ជនជាតិ​អាមេរិក និង​ប្រជាជន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ជំនាន់​របស់ខ្ញុំ កន្លងមក​ទន្លេមេគង្គ​គឺជា​និមិត្តរូប​នៃ​សង្គ្រាម។ តែ​ថ្ងៃនេះ វា​ជា​និមិត្តរូប​នៃ​ការលូតលាស់​ប្រក​ដោយ​និរន្ត​ភាព និង​ការគ្រប់គ្រង​ល្អ៕




© រក្សាសិទ្ធិដោយ thmeythmey.com