សង្គមអន្តរជាតិ​
អន្តរជាតិ
សហភាព​​អឺរ៉ុប​ បន្ត​​ប្រឆាំង​​ទង្វើ​កាត់​​ប្រដាប់​​ភេទ​ស្ត្រី​​ក្នុង​​ពិភពលោក​
07, Feb 2015 , 10:36 am        
រូបភាព
នៅ​រៀងរាល់​ថ្ងៃទី៦កុម្ភៈ សហភាព​អឺរ៉ុប​តែ​ចេញផ្សាយ​សេចក្តីថ្លែងការណ៍​បញ្ជាក់​អំពី​គោលជំហរ​ប្រឆាំង​ទង្វើ​កាត់​ប្រដាប់​ភេទស្ត្រី ហើយ​ប្រកាសថា គ្មាន​ការអត់ឱន​ចំពោះ​ការ​កាត់​ប្រដាប់​ភេទស្ត្រី​នៅក្នុង​ទ្វីបអឺរ៉ុប​ក៏ដូចជា​នៅ​ទូទាំង​ពិភពលោក ផងដែរ។ ខាងក្រោម​នេះ គឺជា​ខ្លឹមសារ​នៃ​សេចក្តីថ្លែងការណ៍​របស់​សហភាព​អឺរ៉ុប​ដែល​សរសេរ​រួមគ្នា​ដោយ តំណាង​ជាន់ខ្ពស់​សម្រាប់​គោលនយោបាយ​ការបរទេស និង​សន្តិសុខ និង​ជា​អនុប្រធាន​គណៈកម្មការ​អឺរ៉ុប លោកស្រី Federica Mogherini ស្នងការ​ទទួលបន្ទុក​ផ្នែក​យុត្តិធម៌ អ្នកប្រើប្រាស់ និង​សមភាព យេនឌ័រ លោកស្រី Vĕra Jourová និង​ស្នងការ​ទទួលបន្ទុក​កិច្ចសហប្រតិបត្តិការ និង​អភិវឌ្ឍន៍​អន្តរជាតិ លោក Neven Mimica ៖


ក៏ដូចជា​ការអនុវត្ត​ប្រកបដោយ​ភាពគ្រោះថ្នាក់ផ្សេងៗទៀត​ដែរ ការ​កាត់​ប្រដាប់​ភេទស្ត្រី គឺជា​ការដាក់​ឃុំ កុមារី និង​ស្ត្រី​ទាំងឡាយ​នៅក្នុង​ប្រព័ន្ធ​គុណ​តម្លៃ​គ្មាន​សមធម៌ និង​ប៉ះពាល់​ទៅដល់​ការអភិវឌ្ឍ ព្រមទាំង ធ្វើ​ឲ្យ​មាន​គ្រោះថ្នាក់​ចំពោះ​សង្គម​ទាំងមូល​ផងដែរ។ ការប៉ាន់ស្មាន​បង្ហាញថា អាចមាន​ជនរងគ្រោះ​រហូត ដល់ ១២៥លាន​នាក់​នៅ​ទូទាំង​ពិភពលោក ដែល​នៅ​ក្នុងនោះ គ្រាន់តែ​សហភាព​អឺរ៉ុប​មាន​ជនរងគ្រោះ​ចំនួន ៥០០.០០០នាក់​ទៅហើយ។ ការអនុវត្ត​បែបនេះ​ធ្វើ​ឲ្យ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ និង​អស់​មួយជីវិត​ចំពោះ​សុខភាព និង​សុខុមាលភាព ព្រមទាំង​អាច​បណ្ដាល​ឲ្យ​បាត់​បង់ជីវិត​ផងដែរ។

ជានិច្ចកាល​យើង​ប្តេជ្ញា​លុបបំបាត់​ការ​កាត់​ប្រដាប់​ភេទស្ត្រី​ដែលជា​ការរំលោភ​ទៅលើ​សិទ្ធិមនុស្ស និង​សិទ្ធិ​កុមារ។ យើង​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​អំពើហិង្សា​គ្រប់​ទម្រង់​ប្រឆាំង​កុមារី និង​ស្ត្រី៖ ទោះជា ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ ឯកជន​ភាព សាសនា ឬអ្វី​ដែល​ហៅថា​កិត្តិយស​នោះ មិន​អាចជា កត្តា​ជំរុញ​ឲ្យ​មាន​អំពើហិង្សា​ទៅលើ​កុមារី និង​ស្ត្រី​នៅក្នុង​រូបភាព​ណាមួយ​បានឡើយ។ ហើយ​កត្តា​ទាំង នោះ​ក៏​មិនអាច​ប្រើប្រាស់​ជា​លេស​ដើម្បី​ឲ្យ​បណ្តា​រដ្ឋ​នានា​គេចវេស​ពី​កាតព្វកិច្ច​របស់ខ្លួន​នៅក្នុង​ការទប់ស្កាត់ និង​លុបបំបាត់ អំពើហិង្សា​ប្រឆាំងនឹង​ស្ត្រី និង​ដាក់​ទោសទណ្ឌ​ចំពោះ​អ្នកប្រព្រឹត្ត​ដែរ។

សហភាព​អឺរ៉ុប​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការ​កាត់​ប្រដាប់​ភេទស្ត្រី​នៅតាម​មុខព្រួញ​ជាច្រើន ដែលជា​ផ្នែក​មួយ នៃ​យុទ្ធសាស្ត្រ​សកល​ដើម្បី​លើកកម្ពស់​សមភាព​យេនឌ័រ។ គណៈកម្មការ​អឺរ៉ុប​គាំទ្រ​កិច្ចការ​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​នៅ​កម្រិត​មូលដ្ឋាន​នៅ​ចំណុច​ប្រមូលផ្តុំ​សហគមន៍​ដែល​អនុវត្ត​ការ​កាត់​ប្រដាប់​ភេទស្ត្រី ដែល​ពាក់ព័ន្ធ​នឹង​ស្ត្រី កុមារី បុរស កុមារា ព្រមទាំង​អ្នកដឹកនាំ​ប្រពៃណី និង​សាសនា​ផងដែរ។ ក្រៅពី​ការបន្ត​ផ្តល់​មូលនិធិ​កិច្ចការ​នៅ​កម្រិត​រដ្ឋ​ជា​សមាជិក​សហភាព​អឺរ៉ុប និង​ក្នុងចំណោម​សាធារណៈជន​នានា​ទឹកប្រាក់​បន្ថែមចំនួន៤,៥លាន​អឺរ៉ូ​នឹងត្រូវ​រៀបចំ​ដើម្បី​គាំទ្រ​ទៅដល់​គម្រោង​នានា​ដែលមាន​គោលដៅ​ទប់ស្កាត់​និង​ប្រយុទ្ធប្រឆាំង​អំពើហិង្សាផ្សេងៗពាក់ព័ន្ធ​នឹង​ការអនុវត្ត​ប្រកបដោយ​គ្រោះថ្នាក់​នៅក្នុងសហភាព​អឺរ៉ុប។

ទន្ទឹមនឹង​នេះដែរ យើង​កំពុង​បង្កើត​គោលនយោបាយ​តាម​វេ​ប​សាយ​ត៍របស់​សភាព​អឺរ៉ុប ស្តីពី​ការ​កាត់​ប្រដាប់​ភេទស្ត្រី​សម្រាប់​អ្នកជំនាញ​ដែល​ចាប់ផ្តើម​ធ្វើការ​ជា​លើកដំបូង​ជាមួយ​ជនរងគ្រោះ និង កុមារី​ដែល ប្រឈម​នឹង​គ្រោះថ្នាក់។ យើង​មាន​គោលដៅ​ទៅដល់​បុគ្គល​ទំនាក់ទំនង​ចម្បង​ដូចជា គិលានុបដ្ឋាក​យិ​ការ ចៅក្រម មន្ត្រី​ផ្នែក​សិទ្ធិ​ជ្រកកោន គ្រូបង្រៀន វេជ្ជបណ្ឌិត និង​មន្ត្រីនគរបាល ព្រមទាំង​គាំទ្រ​ពួកគាត់​នៅក្នុង ការលុបបំបាត់​ឲ្យ​បានជា​ស្ថាពរ​នូវ​ការអនុវត្ត​បែបនេះ។

នៅ​កម្រិត​អន្តរជាតិ សហភាព​អឺរ៉ុប​កំពុង​ជំរុញ​ឲ្យ​បណ្តា​ប្រទេស​ទាំងអស់​ធ្វើការ​ទប់ស្កាត់ ដាក់ទោស​ទណ្ឌ និង​អនុវត្ត​វិធានការ​សមស្រប​ដើម្បី​ផ្លាស់ប្តូរ​ទំនៀមទម្លាប់​ដែល​គាំទ្រ​ការ​កាត់​ប្រដាប់​ភេទស្ត្រី​ដោយ​ដាក់​បញ្ហា​ទាំងនេះ​ជា​អាទិភាព​នៅក្នុង​របៀប​វារៈ​សម្រាប់​កិច្ចពិភាក្សា​នយោបាយ និង​សិទ្ធិមនុស្ស​របស់​សហ ភាព​អឺរ៉ុប​ជាមួយនឹង​បណ្តា​ប្រទេស​ដៃគូ​ពាក់ព័ន្ធផ្សេង។ សហភាព​អឺរ៉ុប​គាំទ្រ​ចំពោះ​ការតស៊ូ​មតិ​ឲ្យ​មាន ច្បាប់​ជាតិ​កាន់តែ​ប្រសើរ​ស្តីពី​ការ​កាត់​ប្រដាប់​ភេទស្ត្រី ការលើកកម្ពស់​ការយ​ល់​ដឹង ការអប់រំ​ដោយ​ស្មើភាព ស្តីពី​គុណភាព និង​យេនឌ័រ ព្រមទាំង​កិច្ចការ​របស់​អង្គការ​នានា​នៅ​កម្រិត​មូលដ្ឋាន​ផងដែរ។

ជា​ឧទាហរណ៍​នៅក្នុង​ប្រទេស​លី​បេ​រី​យ៉ា​កិច្ចការ​ទាំងនេះ​រួមមាន​ការគាំទ្រ​សង្គម​ស៊ីវិល ដែល​តស៊ូ​មតិ​ឲ្យ ស្ត្រី​ទទួលបាន​យុត្តិធម៌ និង​ការធ្វើ​កិច្ចការ​ដើម្បី​កាត់បន្ថយ​ការ​កាត់​ប្រដាប់​ភេទស្ត្រី និង​នៅក្នុង​ប្រទេស ហ្គី​ណេ​ប៊ី​ស៊ូ​ដែល​បង្កើត​ឲ្យ​មាន​បរិយាកាស​គាំពារ​ដល់​សិទ្ធិ​ស្ត្រី​លើកកម្ពស់​ការបញ្ឈប់​ការ​កាត់​ប្រដាប់​ភេទស្ត្រី​ព្រមទាំង​ផ្តល់​កិច្ច​គាំទ្រ​ដល់​ជនរងគ្រោះ​ផងដែរ។ បណ្តា​សកម្មភាពផ្សេងៗទៀត​ក៏​ទទួលបាន​ការគាំទ្រ​ពី សំណាក់​បណ្តា​ប្រទេស​ជាច្រើន​ផងដែរ ដូចជា​ប្រទេស​ម៉ាលី អ៊ូ​ហ្គ​ង់​ដា សៀ​រ៉ា​ឡេ​អូន អេ​ហ្ស៊ី​ប ម៉ូ​រីតា​នី ហ្ស៊ី​បូ​ទី យេ​ម៉ែន សេ​ណេ​ហ្គា​ល់ បេ​ណាំង និង​តូ​ហ្គោ។

យើង​នឹង​បន្តធ្វើ​ការប្រមូល​ទិន្នន័យ​កាន់តែ​ប្រសើរ​និង​លើកកម្ពស់​ការយល់ដឹង​របស់​យើង​អំពី​ការ​កាត់​ប្រដាប់ភេទ​ស្ត្រី​ដោយ​សហការ​ជាមួយ​វិទ្យាស្ថាន​អឺរ៉ុប​សម្រាប់​សមភាព​យេនឌ័រ។ ទន្ទឹមនឹង​នេះដែរ យើង នឹង​បន្ត​សហការ​ជាមួយ​អ្នកឯកទេស​ដែល​ចូលរួម​ដោយផ្ទាល់​នៅក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​លុបបំបាត់​ការអនុវត្ត​នៅ​កម្រិត​សហគមន៍ ថ្នាក់ជាតិ និង​ស្ថាប័ន​អប់រំ។ គោលបំណង​របស់​យើង គឺ​ធ្វើ​ឲ្យ​ស្ត្រី​នៅ​ទូទាំង ពិភពលោក​រួចផុត​ពី​ការ​កាត់​ប្រដាប់​ភេទស្ត្រី។ យើង​សូម​ស្វាគមន៍​ចំពោះ​ការដាក់​អោយចូល​ជាធរ​មាននូវ អនុសញ្ញា​នាពេលថ្មីៗនេះ​របស់​ក្រុមប្រឹក្សា​អឺរ៉ុប​ស្តីពី​ការទប់ស្កាត់ និង​ប្រយុទ្ធប្រឆាំង​អំពើហិង្សា​ប្រឆាំង​ស្ត្រី និង​អំពើហិង្សា​ក្នុង​គ្រួសារ​ដែល​ផ្តល់នូវ​ក្របខណ្ឌ​យ៉ាង​មានតម្លៃ​ដើម្បី​ប្រយុទ្ធប្រឆាំង​ឲ្យ​មាន​ប្រសិទ្ធភាព​ចំពោះ​អំពើហិង្សា​ទៅលើ​ស្ត្រី និង​កុមារី​នៅ​កម្រិត​ថ្នាក់ជាតិ និង​ទូទាំង​ទ្វីបអឺរ៉ុប ព្រមទាំង​ការ​កាត់​ប្រដាប់​ភេទស្ត្រីផងដែរ។

សហភាព​អឺរ៉ុប​នៅតែមាន​ការប្តេជ្ញាចិត្ត​យ៉ាង​មោះមុត​នៅក្នុង​ការប្រយុទ្ធប្រឆាំង​គ្រប់​ទម្រង់​នៃ​អំពើហិង្សា​យេនឌ័រ​នៅក្នុង​សហភាព​អឺរ៉ុប និង​នៅក្រៅ​តំបន់​របស់​យើង​ផងដែរ។ យើង​នឹង​បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ទូលំទូលាយ​របស់​យើង​នៅក្នុង​ការទប់ស្កាត់​ការ​កាត់​ប្រដាប់​ភេទស្ត្រី​នៅក្នុង​សហភាព​អឺរ៉ុប និង​នៅ​បណ្តា ប្រទេសផ្សេងៗទៀត ព្រមទាំង​ធ្វើ​ឲ្យ​មាន​សមភាព​យេនឌ័រ​ដ៏​ពិតប្រាកដ​មួយ”៕



© រក្សាសិទ្ធិដោយ thmeythmey.com