អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក អូ​បា​ម៉ា​អ​ញ្ជើញ​​លោក អា​បេ និង​លោក​ស៊ី​ជិន​ពីង​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក
07, Feb 2015 , 5:00 pm        
រូបភាព

ទីប្រឹក្សា​សន្តិសុខ​ជាតិ​អាមេរិក​បាន​បង្ហើប​អោយដឹងថា ប្រ​ធានា​ធិ​តប​តី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា​សម្រេច​អញ្ជើញ​មេដឹកនាំ​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជាច្រើនរូប​ទៅកាន់​សហរដ្ឋអាមេរិក​ក្នុងនោះ​មាន​ប្រមុខ​រដ្ឋាភិបាល​ជប៉ុន​លោក​ស៊ិន​ហ្សូ​អា​បេ និង​ប្រមុខរដ្ឋ​ចិន​លោក ស៊ី​ជិន​ពីង។ ការអញ្ជើញ​មេដឹកនាំ​ជាច្រើនរូប​ទៅកាន់​សហរដ្ឋអាមេរិក​នេះ​ត្រូវបាន​គេ​ចាត់ទុកថា​ជាការ​រឹតបន្តឹង​ទំនាក់ទំនង​និង​សម្រួល​ដល់​គោលនយោបាយ​ផ្តោត​មកលើ​អាស៊ី​វិញ​របស់​អាមេរិក។


លោក មុំ ពិទូរ្យ លម្អិត​ព័ត៌មាន​នេះ



ប្រធានាធិបតី​ចិន​លោក ស៊ី ជីន​ពីង និង នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ិន​ហ្សូ​អា​បេ ត្រូវបាន​ប្រធានាធិបតី​អាមេរិក​ប្រកាស​អញ្ជើញ​អោយមក​ទស្សនកិច្ច​ជា​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​នាពេល​ខាងមុខនេះ។ បើតាម​ការ​អោយដឹងពី​ទីប្រឹក្សា​សន្តិសុខ​ជាតិ​ជាន់ខ្ពស់​របស់​អាមេរិក​លោកស្រី Susan Rice សហរដ្ឋអាមេរិក​សម្រេច​អញ្ជើញ​មេដឹកនាំ​បណ្តា​ប្រទេស​នៅ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ដើម្បី​ពង្រឹង​និង​រឹតចំណង​មិត្តភាព​រួម​គ្នា​អោយ​ស៊ីជម្រៅ ហើយ​ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​នេះ​នឹង​ជំរុញ​អោយ​កិច្ចសហប្រតិបត្តិការ​រ​វាង​អាមេរិក​និង​ប្រទេស​ក្នុង​តំបន់​កាន់តែ​ល្អប្រសើរ​ឡើង។

យ៉ាងណាក៏ដោយ​មិនមែន​មានតែ​មេដឹកនាំ​ប្រទេស​ពីរ​ខាងលើ​ទេ​ដែល​ត្រូវ​អាមេរិក​អញ្ជើញ​ទៅកាន់​សេត​វិមាន តែបើ​តាម​ការអោយ​ដឹង​ពី​មន្ត្រីជាន់ខ្ពស់​ខាងលើ ប្រធានាធិបតី​ឥណ្ឌូនេស៊ី​លោក Joko Widodo និង​លោកស្រី Park Geun-Hye ប្រធានាធិបតី​កូរ៉េខាងត្បូង​ក៏ត្រូវ​បាន​អញ្ជើញ​អោយទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​ផងដែរ។

ទាក់ទិន​ការ​អ​ញ្ជើ​មេដឹកនាំសំខាន់ៗនៅ​អាស៊ី​ទៅកាន់​សហរដ្ឋអាមេរិក​នេះ កើតឡើង​ក្រោយ​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ធ្វើ​ទស្សនកិច្ច​ក្នុងប្រទេស​បី​នៅ​អាស៊ី​កាលពី​ខែវិច្ឆិកា​កន្លងទៅ ហើយ​វា​ក៏​ជា​យុទ្ធសាស្ត្រ​របស់​ក្រុង​វ៉ាស៊ីនតោន​ដើម្បី​ធានាថា គោលនយោបាយ​ការបរទេស​របស់លោក បាន​ឆ្ពោះទៅមុខ​ដោយ​រលូន។

 បើទោះជា​មានការ​បញ្ជាក់​ពី​ការអញ្ជើញ​នេះ​ក៏ដោយ កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​មិនត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះឡើយ ប៉ុន្តែ​បើ​នាយករដ្ឋមន្ត្រី​ជប៉ុន​ទៅ​ទស្សនកិច្ច​នៅ​អាមេរិក​ទាល់តែ​ភាគី​ទាំងពីរ​អាមេរិក​និង​ជប៉ុន​អាច​បញ្ចប់​ការចរចា​និង​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ទ្វេភាគី ក៏ប៉ុន្តែ​វា​នៅមាន​បញ្ហា​ជាច្រើន​ទៀត​ដែល​ភាគី​ត្រូវ​ដោះស្រាយ​ទម្រាំ​អាច​សម្រេចបាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ដោយ​ជោគជ័យ។

 ចំណែក​ចិន​ឯណោះ​វិញ​គេ​មិនដឹង​ពី​កាលបរិច្ឆេទ​នៃ​ដំណើរ​ទស្សនកិច្ច​ដូចគ្នា ហើយ​ដំណើរ​ទស្សនកិច្ច​របស់​លោក​ស៊ី ជិន​ពីង ទៅកាន់​អាមេរិក​នឹង​ក្លាយជា​ដំណើរ​ទស្សនកិច្ច​ដំបូង​បំផុត​ចាប់តាំងពី​លោក​ឡើងកាន់តំណែង​មក។ ប៉ុន្តែ​យ៉ាងណាមិញ​សម្រាប់​ក្រុង​ប៉េកាំង​គោលនយោបាយ​ផ្តោតលើ​តំបន់​អាស៊ី​របស់​ក្រុង​វ៉ាស៊ីនតោន ជា​ចេតនា​មួយ​របស់​អាមេរិក​ក្នុងការ​ប្រកួតប្រជែង​និង​ទប់ស្កាត់​ការរីកដុះដាល​នៃ​ឥទ្ធិពល​ចិន​ក្នុង​តំបន់។

ដោយឡែក ទាក់ទិន​គោលនយោបាយ​ក្រុង​វ៉ាស៊ីនតោន​មកកាន់​អាស៊ី កាលដើមឡើយ នៅ​ដើម​អាណត្តិ​របស់​ប្រធានាធិបតី​អាមេរិក បា​រ៉ា​ក់ អូ​បា​ម៉ា លោក​បានរៀបចំ​គោលនយោបាយ​ការបរទេស​ថ្មី​ដោយ​ដក​កងទ័ព​អាមេរិក សេដ្ឋកិច្ច និង​ធនធានមនុស្ស​ចេញពី​សង្គ្រាម​តំបន់​មជ្ឈិមបូព៌ា ដោយ​ផ្តោត​ការចាប់អារម្មណ៍​នៅ​តំបន់​អាស៊ី​វិញ​ម្តង។
តែ​ទោះជា​យ៉ាងណា ប្រធានាធិបតី​អាមេរិក​ខាងលើនេះ​មិនបាន​បោះបង់​តំបន់​ជ​ម្ឈិ​ម​បូព៌ា​ទាំងស្រុង​ឡើយ សហរដ្ឋអាមេរិក​នៅតែ​តស៊ូរ​ប្តូរផ្តាច់​ក្នុង​ការរក្សា​យុទ្ធសាស្ត្រ​សាបព្រោះ​ប្រជាធិបតេយ្យ​នៅ​មជ្ឈិមបូព៌ា ដូចជា​គាំទ្រ​ចលនា​បដិវត្តន៍​និ​ទាឃ​រដូវ​នៅ​អារ៉ាប់ និង​សង្គ្រាម​ប្រឆាំង​របប​ដឹក​នាំនៅ​ស៊ី​រី ជាដើម។ ហើយ​បច្ចុប្បន្ននេះ​សហរដ្ឋអាមេរិក​ក៏​កំពុង​ព្យាយាម​លូកដៃ​ដោះស្រាយ​បញ្ហា​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​ទឹកដី​ស៊ី​រី​និង​អ៊ីរ៉ាក់​ផងដែរ។

យ៉ាងណាក៏ដោយ​ក្រៅពី​មជ្ឈិមបូព៌ា អាមេរិក​ក៏​ព្យាយាម​រក្សា​ឥទ្ធិពល​របស់ខ្លួន​នៅ​អឺរ៉ុប ដូចជា​ជួយ​ដោះស្រាយ​វិបត្តិ​សេដ្ឋកិច្ច​នៅ​អឺរ៉ុប និង​ថ្មី​បំផុត​នោះ​គឺ​លូកដៃ​ដោះស្រាយ​ក្នុង​វិបត្តិ​អ៊ុយ​ក្រែ​ន៕
.



© រក្សាសិទ្ធិដោយ thmeythmey.com