ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចំណុចមួយ​ចំនួន​​ដែល​​គួរ​តែ​​ត្រូវ​​​ដាក់​​បញ្ចូល​​​ក្នុង​​ដំណើរ​ការ​​កំណែ​​ទម្រង់​កា​រ​បោះ​ឆ្នោត​
08, Feb 2015 , 9:04 am        
រូបភាព
ដោយ: ថ្មីៗ
ដោយ ប៉ែន សង្ហា
និស្សិត​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ
កាលីហ្វ័រ​ញ៉ា, ថ្ងៃទី ០៨ ខែកុម្ភៈ ឆ្នាំ២០១៥




កំណែទម្រង់​ការបោះឆ្នោត​គឺជា​គោលការណ៍​គន្លឹះ នៅក្នុង​កិច្ចព្រមព្រៀង​ស្តីពី​ដំណោះស្រាយ​នយោបាយ​រវាង​គណបក្ស​ប្រជាជន​កម្ពុជា និង គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃទី ២២ ខែ កក្កដា ឆ្នាំ២០១៤ ។ មកទល់នឹង​ខែកុម្ភៈ ឆ្នាំ២០១៥ ដំណើរការ​នៃ​កំណែទម្រង់​ការបោះឆ្នោត​នេះ​បាន​ប្រព្រឹត្តិ​ទៅ​យ៉ាង​យឺត​បំផុត។ ក្រុមការងារ​កំណែទម្រង់​ការបោះឆ្នោត​របស់​គណ​បក្ស​ទាំងពីរ ដែលមាន​អាសនៈ​ក្នុង​រដ្ឋសភា បាន​ជួបចរចា​គ្នា​ជាច្រើនលើក ប៉ុន្តែ​មិនទាន់​អាច​ដោះស្រាយបាន​នូវ​ចំណុច​ខ្វែងគំនិត​គ្នា ដែល​នាំ​ឈានទៅដល់​ការ​ត្រូវការ​ពេលវេលា​ជាច្រើន​ទៀត ទើប​អាច​ដឹងបាន​ថា លទ្ធផល​នៃ​កំណែទម្រង់​ការបោះឆ្នោត​នឹង​សម្រេចបាន​យ៉ាងដូចម្តេច។ ដើម្បី​ឲ្យ​ដំណើរការ​កំណែទម្រង់​ពិតជា​កំណែទម្រង់​ពិតប្រាកដ​នោះ ចំណុច​មួយចំនួន​គួរតែ​ត្រូវបាន​ដាក់បញ្ចូល​ក្នុង​ដំណើរការ​កំណែ​ទម្រង់កា​របោះ​ឆ្នោត រួមមាន៖ ការបង្កើន​ចំនួន​អាសនៈ​រដ្ឋសភា ការកែទម្រង់​រូបមន្ត​នៃ​ការ​គណនា​ចំនួន​អាសនៈ ហិរញ្ញវត្ថុ​គណបក្សនយោបាយ​ជាដើម។

ចំណុច​​ទាំងនេះ​បន្ថែម​ពីលើ​អ្វីដែល​មានចែង​នៅក្នុង​កិច្ចព្រមព្រៀង ដូចជា៖ ស្ថាប័ន​រៀបចំ​ការបោះឆ្នោត​ជា​ស្ថាប័ន​ឯករាជ្យ​ដែលមាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ សមាសភាព​ថ្នាក់ដឹកនាំ​កំពូល​ចំនួន៩រូប ការរៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ជាថ្មី កំណត់​កាលបរិច្ឆេទ​សម្រាប់​ការបោះឆ្នោត​នាពេលខាងមុខ ព្រមទាំង​ការសិក្សា​ដើម្បី​ឈានទៅ​ធ្វើ​វិសោធនកម្ម​បទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ។ ការរៀបចំ​បញ្ជី​ឈ្មោះ​បោះឆ្នោត​ថ្មី ជា​របៀបវារៈ​មួយ ដែល​ត្រូវតែ​ធ្វើ​ឲ្យ​បានសម្រេច ពីព្រោះ​ការបោះឆ្នោត​លើក​មុន បានបង្ហាញ​នូវ​ភាពមិន​ប្រក្រ​តី​ដែល​ជះឥទ្ធិពល​អាក្រក់​ដល់​ការបោះឆ្នោត ដោយសារ​តែមាន​ការបោះ​ឆ្នោត​ជំនួស ការ​លុប​ឈ្នោះ​អ្នកបោះឆ្នោត​មិន​ត្រឹមត្រូវ ការខុស​ឈ្នោះ ការបាត់​ឈ្មោះ ដែល​នាំ​ឲ្យ​មាន​ប្រជាពលរដ្ឋ​ជាច្រើន​បាន​បាត់បង់​សិទ្ធិ​បោះឆ្នោត។

អាសនៈ​រដ្ឋសភា​បច្ចុប្បន្ន ដែលមាន​ចំនួន១២៣អាសនៈ ត្រូវតែ​បង្កើន​នៅ​នីតិកាល​ទី៦ ដើម្បី​បម្រើ​សេចក្តីត្រូវការ​របស់​ប្រជាពលរដ្ឋ ដែលមាន​កំណើន​យ៉ាងច្រើន​ក្នុង​រយៈពេល២០ឆ្នាំ​ចុង​ក្រោយនេះ (ប្រជាពល​រដ្ឋ​ខ្មែរ​មាន​កំណើន​ពី​ប្រមាណ​១០​លាន​នាក់​ក្នុង​ឆ្នាំ​១៩៩៣ មកជិត​១៥​លាន​នាក់​ក្នុង​ឆ្នាំ​២០១៥)​។ នៅក្នុង​ការបោះឆ្នោត​នីតិកាល​ទី១ ឆ្នាំ១៩៩៣ អាសនៈ​រដ្ឋសភា​មាន ១២០ និង​ត្រូវបាន​បន្ថែមចំនួន០៣អាសនៈ​ទៀត នៅ​នីតិកាល​ទី២ ដោយសារ​ការបង្កើត​ខេ​ត្ត-ក្រុង ០២ទៀត គឺ​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ក្រុងកែប ព្រមទាំង​ការធ្វើសមាហរណកម្ម ក្រុងប៉ៃលិន។ ការបន្ថែម​ចំនួន​អាសនៈ​ពេលនោះ មិន​ផ្អែកលើ​កំណើន​ប្រជាពលរដ្ឋ​ទេ។ យោងតាម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ មាត្រា ៧ “រៀងរាល់ឆ្នាំ​ទី៣ នៃ​នីតិកាល​របស់​រដ្ឋសភា គណៈរដ្ឋមន្ត្រី​ត្រូវបង្កើត​គណៈកម្មការ​កំណត់​អាសនៈ​រដ្ឋសភា ដើម្បី​ធ្វើការ​កែប្រែ​ចំនួន​អាសនៈ និង​បែងចែក​អាសនៈ​តាម​ខេត្ត ក្រុង។ យោងតាម​មាត្រា៧ដដែល ការបន្ថែម​អាសនៈ ឬ​ការ​រក្សាទុក​ចំនួន​អាសនៈ​នៅ​ដដែល ផ្អែកលើ​ស្ថានភាព​ប្រជាពលរដ្ឋ ស្ថានភាព​ភូមិសាស្ត្រ សង្គម និង សេដ្ឋកិច្ច។ បើ​ផ្អែកលើ​កក្តា​ទាំងនេះ ចំនួន​អាសនៈ​រដ្ឋសភា​នីតិកាល​ទី៦ ត្រូវតែ​បន្ថែម។ ម្យ៉ាងទៀត តាម​មាត្រា៥នៃ​ច្បាប់​ដដែល “ការបោះឆ្នោត​ត្រូវធ្វើ​តាម​ប្រព័ន្ធ​សមាមាត្រ តាម​ខេត្ត ក្រុង(បច្ចុប្បន្ន រាជធានី ខេត្ត) ដោយ​យក​ខេត្ត ក្រុង ជា​មណ្ឌលបោះឆ្នោត។ បណ្ឌិត​ជនជាតិ​បរទេស០១រូប ជា​សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ លើកឡើង ថា ប្រព័ន្ធ​បោះឆ្នោត​បែប​សមាមាត្រ ជាទូទៅ​ក្នុង​មណ្ឌលនីមួយៗ មាន​ចំនួន​អាសនៈ០២យ៉ាងតិច ដែល​ផ្ទុយ​ពី​ប្រព័ន្ធ​បោះឆ្នោត​បែប​ឯ​កក​ត្ត​នាម ដែល​ក្នុង​មណ្ឌល បោះឆ្នោតនីមួយៗ មាន​អាសនៈ​តែមួយ។ ក្នុងន័យនេះ ខេត្ត​ដែលមាន​តែមួយ​អាសនៈ ហើយ​មាន​កំណើន​ប្រជាពលរដ្ឋ​ច្រើន ដូចជា​ខេត្ត​ព្រះសីហនុ កោះកុង ឧ​ត្ត​រ​មានជ័យ ព្រះវិហារ និង​ខេត្តស្ទឹងត្រែង ត្រូវតែ​បន្ថែម​អាយ​បាន ០២អាសនៈ។ ប៉ុន្តែ​ផ្ទុយទៅវិញ ការបដិសេធ​មិន​បន្ថែមចំនួន​អាសនៈ​សម្រាប់​នីតិកាល​ទី៦ ដោយ​លើក​ហេតុផល​សេដ្ឋកិច្ច និង​ការខ្វះ​ថវិកា​សម្រាប់​ទ្រទ្រង់ គឺ​មិន​សម​ហេតុ​សម​ផល​ទេ ដោយសារ​រាជរដ្ឋាភិបាល​បាន​ពង្រីក​ទំហំ​សមាជិក​រាជរដ្ឋាភិបាល​យ៉ាង​ធំ ព្រមទាំង​បំបែក​ក្រសួង (ក្រសួង​ឧស្សាហកម្ម) បំបែក​ខេត្ត (ខេត្តកំពង់ចាម) និង​បំបែក​ក្រុង ស្រុក ខណ្ឌ​ជាច្រើន ដែល​បាន​ចំណាយ​ថវិកាជាតិ​អស់យ៉ាង​ច្រើន។

ការកែទម្រង់​រូបមន្ត​នៃ​ការ​គណនា​កំណត់​ចំនួន​អាសនៈ ក៏​ជា​ប្រការ​សំខាន់​ផងដែរ។សម្រាប់​ការបោះឆ្នោត​សភា នៅ​ឆ្នាំ១៩៩៣ ដែល​បានរៀបចំ​ដោយ អង្គការសហប្រជាជាតិ (UNTAC)​ រូបមន្ត​ដែល​បាន​យកមកប្រើ​សម្រាប់​បែងចែក​ចំនួន​អាសនៈ​ដល់​គណបក្សនយោបាយនីមួយៗតាម​មណ្ឌលនីមួយៗ បានធ្វើ​ឡើង​តាម​រូបមន្ត​សំណល់​ខ្ពស់បំផុត ប៉ុន្តែ​ចាប់តាំងពី​ការបោះឆ្នោត​ឆ្នាំ១៩៩៨មក ដែល​កម្ពុជា​រៀបចំ​ការបោះឆ្នោត​ដោយ​ខ្លួនឯង រូបមន្ត​ដែល​ត្រូវ​បានចែង​ក្នុង​ច្បាប់ ប្រើ​សម្រាប់​បែងចែក​ចំនួន​អាសនៈ​ដល់​គណបក្ស នយោបាយ នីមួយៗតាម​មណ្ឌលនីមួយៗ បានធ្វើ​ឡើង​តាម​រូបមន្ត​មធ្យមភាគ​ខ្ពស់បំផុត។ ត្រង់ចំណុច​នេះ បណ្ឌិត សាស្ត្រាចារ្យ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ​ខាងលើ មានប្រសាសន៍ថា នៅ​ប្រទេស​ប្រជាធិបតេយ្យ​ប្រកាន់យក​របប​សភានិយម និង​ប្រើប្រាស់​ប្រព័ន្ធ​បោះឆ្នោត​បែប​សមាមាត្រ រូបមន្ត​ដែល​បាន​យកមកប្រើ​សម្រាប់​បែងចែក​ចំនួន​អាសនៈ​ដល់​គណបក្សនយោបាយ​នីមួយៗ​តាម​មណ្ឌលនីមួយៗ បានធ្វើ​ឡើង​តាម​រូបមន្ត​សំណល់​ខ្ពស់បំផុត ដើម្បី​ធានា​ភាពស្មើគ្នា​ដល់​គ្រប់​គណបក្សនយោបាយ​ទាំងអស់​ទាំង​ធំ​ទាំង​តូច និង​ឆ្លុះបញ្ចាំង​យ៉ាងពិត​ប្រាកដ​នូវ​ភាពជា​តំណាង​ប្រជាពលរដ្ឋ​ក្នុង​សភា។ ដូច្នេះ បើ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ ពិត​ជាមាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​ធ្វើកំណែទម្រង់​ដើម្បី​បម្រើ​ផល​ប្រ​យោ​ជ​ន៏​ប្រជាពលរដ្ឋ គួរតែ​ធ្វើ​វិសោធនកម្ម​ច្បាប់ កែ​រូបមន្ត​នៃ​ការ​គណនា​បែក​ចែង​អាសនៈ​ដូច​សម័យ​អ៊ុនតាក់​វិញ។

កំណែទម្រង់​ការបោះឆ្នោត​នាពេលនេះ ក៏ត្រូវ​តែមាន​ចែង​ឲ្យ​បានច្បាស់លាស់​អំពី​ហិរញ្ញវត្ថុ​គណបក្សនយោបាយ​ផងដែរ។ ការចាយវាយ​ថវិកា​លើសលុប​ដោយ​មិនដឹង​ពី​ប្រភព​ហិរញ្ញវត្ថុ​​ច្បាស់លាស់​របស់​គណបក្ស​នយោបាយនីមួយៗ និង​ការប្រើប្រាស់​ធនធាន​រប​ស់​រដ្ឋ​ដោយ​មិន​ស្របច្បាប់ ក៏​ជា​ឧបសគ្គ​ដល់​ភាពសេរី ត្រឹមត្រូវ និង យុត្តិធម៌​នៃ​ការបោះឆ្នោត​ផងដែរ។

ដំណើរការ​នៃ​ការធ្វើកំណែទម្រង់​ការបោះ​ឆ្នោត ត្រូវតែ​ព​ន្លឿ​ន​ឲ្យ​បាន​លឿន​ជាង​នេះ និង​ត្រូវតែ​បញ្ចប់​ក្នុង​ខែកុម្ភៈ ដូចដែល​ក្រុមការងារ​នៃ​គណបក្ស​ទាំងពីរ​បាន​អះអាង ហើយ​លទ្ធផល​នៃ​កំណែទម្រង់​នេះ ត្រូវតែ​ធានាថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​ឯករាជ្យ ដើម្បី​ធានា​ដល់​ការបោះឆ្នោត​លើក​ក្រោយ ប្រកបដោយ​លក្ខណៈ​សេរី ត្រឹមត្រូវ និង​យុត្តិធម៌​ពិតប្រាកដ និង​បិទ​បញ្ចប់​នូវ​អស្ថេរភាព​នយោបាយ​ក្រោយ​ការបោះឆ្នោតជាតិ។




© រក្សាសិទ្ធិដោយ thmeythmey.com