ខ្មែរ​ក្រហម
ជាតិ
សង្គមជាតិ
សាលាក្តី​​ស្តាប់​សក្ខីកម្ម​លោកស្រី ​Elizabeth Becker អតីត​អ្នកកាសែត​ជនជាតិ​អាមេរិក
09, Feb 2015 , 11:09 am        
រូបភាព
ដោយ: ថ្មីៗ
សាលាក្តី​ខ្មែរក្រហម​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​បន្ត​សវន​ការ​លើ​សំណុំរឿង០០២វគ្គ២ ដើម្បី​ស្តាប់​ស​ក្ខី​កម្ម របស់លោក​ស្រី Elizabeth Becker។ លោកស្រី Elizabeth Beckerបាន​ចូលរួម​ក្នុងនាម​ជា​អ្នកជំនាញ​ដើម្បី​ផ្តល់​សក្ខីកម្ម​ដល់​សាលាក្តី​ខ្មែរក្រហម​រយៈពេល៤ថ្ងៃ​គឺ​ចាប់ពី​ថ្ងៃទី៩ដល់​ថ្ងៃទី១២ខែកុម្ភៈ។ នេះ​បើតាមការបញ្ជាក់​របស់លោក​នេ​ត្រ ភ​ក្ត្រា​ ​អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម។



លោក​នេ​ត្រ ភ​ក្ត្រា បាន​ពន្យល់​ទៀតថា ​ការផ្តល់​សក្ខីកម្ម​របស់​លោកស្រី Elizabeth Becker គឺ​ពិត​ជាមាន​សារៈសំខាន់​ណាស់ ព្រោះ​លោកស្រី​ជា​អ្នក​ដែល​យល់ដឹង​ច្រើន​ពី​របប​ប៉ុលពត។ លោកស្រី​ជា​អតីត​អ្នកកាសែត​ជនជាតិ​អាមេរិក​ដែល​បានមក​យក​ព័ត៌មាន​នៅ​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​និង​បាន​ជួប​សម្ភាសន៍​ជាមួយ​បងធំ​ទី១របស់​របប​កម្ពុជា​ប្រជាធិបតេយ្យ​ប៉ុល ពត នៅ​អំឡុង​ខែធ្នូ ឆ្នាំ១៩៧៨ព្រមទាំង​បាន​សរសេរ​សៀវភៅ​ចំនួន២ក្បាល​ទាក់ទង​នឹង​របប​កម្ពុជា​ប្រជាធិបតេយ្យ​ផងដែរ។

អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​បានបញ្ជាក់​ទៀតថា​ ការ​ស្តាប់​សក្ខីកម្ម​របស់​អ្នកជំនាញ គឺ លោកស្រី Elizabeth Becker នេះ​អាច​បន្តទៅ​សប្តាហ៍​ក្រោយ​ទៀត​ប្រសិនបើ​ចាំបាច់។

សំណុំរឿង០០២វគ្គ២គឺជា​ការជំនុំជម្រះ​ដំណាក់កាល​ទី​ពីរ​ទៅលើ​បទ​ចោទ​បន្ថែមទៀត​ប្រឆាំងនឹង​លោក​ខៀវ​សំផន​និង លោក នួន ​ជា​ ពី​ដីកា​ដំណោះស្រាយ​ក្នុង​សំណុំរឿង០០២ ។ បទ​ចោទ​នៅក្នុង​សំណុំ​រឿងនេះ​មានដូចជា​ ៖អំពើ​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិ​ចាម​និង​ជនជាតិ​វៀតណាម ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ​និង​ការរំលោភ​សេពសន្ថវៈ ការដ្ឋាន​សាងសង់​ទំនប់១មករា​ ការដ្ឋាន​សាងសង់​ព្រលានយន្តហោះ​កំពង់ឆ្នាំង ​និង​ការដ្ឋាន​លើក​ទំនប់​ត្រពាំងថ្ម ការប្រព្រឹត្ត​មកលើ​ពុទ្ធសាសនិក ​និង​ការកំណត់​គោលដៅ​មកលើ​អតីតមន្ត្រី​នៃ​របប​សាធារណរដ្ឋ​ខ្មែរ​ជាដើម៕


© រក្សាសិទ្ធិដោយ thmeythmey.com