អន្តរជាតិ
សង្គ្រាម​រុស្ស៊ី-អាមេរិក​នៅ​អ៊ុយ​ក្រែ​ន​កើតឡើង​បើ​រុស្ស៊ី​មិនអាច​បញ្ចប់​ជម្លោះ​អ៊ុយ​ក្រែ​ន
12, Feb 2015 , 11:50 am        
រូបភាព
កិច្ចពិភាក្សា​ថ្មី​ស្តីពី​វិបត្តិ​អ៊ុយ​ក្រែ​ន​នឹង​ចាប់ផ្តើម​ឡើង​នៅក្នុង​ទីក្រុង Mink ប្រទេស​បេឡា​រ៉ុ​ស​នៅ​ថ្ងៃ​ពុធ​នេះ​ដោយមាន​ភាគី​ជាច្រើន​ចូលរួម​មាន​មេដឹកនាំ​បារាំង អាល្លឺម៉ង់ អ៊ុយ​ក្រែ​ន រុស្ស៊ី និង​ក្រុម​ទាមទារ​ផ្តាច់ខ្លួន​នៅ​ភាគ​អាគ្នេយ៍។ មុន​កិច្ចពិភាក្សា ម្សិលមិញ​ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា បាន​ទូរស័ព្ទ​ទៅកាន់​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ដើម្បី​ពិភាក្សា​បញ្ហា​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន ព្រមទាំង​ស្នើ​លោកពូ​ទីន​ឆក់យក​ឱកាស​កិច្ចពិភាក្សា​តុមូល​ថ្ងៃ​ពុធ​នេះ​ដើម្បី​បញ្ចប់​ជម្លោះ​អ៊ុយ​ក្រែ​ន។ មិន​ត្រឹមតែ​ក្រើនរំលឹក​លោក ពូ​ទីន អោយ​ដោះស្រាយ​ជម្លោះ​ដោយស្មោះ​ត្រង់​ប៉ុណ្ណោះ​ទេ លោក​អូ​បា​ម៉ា​បាន​ព្រមាន​ពី​លទ្ធផល​ដែល​រុស្ស៊ី​ទទួលបាន​បើ​មិន​ព្រោះ​ដោះស្រាយ​ជម្លោះ​អោយ​ជោគជ័យ​ទេ។ អាមេរិក​ត្រៀម​បំពាក់អាវុធ​អោយទ័ព​អ៊ុយ​ក្រែ​ន គំរាម​អឺរ៉ុប​អោយ​ដាក់ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​បន្ថែមទៀត។ បើ​ការជជែក​គ្នា​បរាជ័យ​រុស្ស៊ី​ត្រៀម​ទទួល​ទណ្ឌកម្ម​ជំហាន​ថ្មី​ទៀត ប៉ុន្តែ​ការបំពាក់​អាវុធ​កងទ័ព​អ៊ុយ​ក្រែ​ន​មិនមែនជា​រឿង​សាមញ្ញ​ឡើយ វា​នឹង​ក្លាយជា​គ្រោះថ្នាក់​ធំ​សម្រាប់​អឺរ៉ុប​ទាំងមូល ហើយ​អ៊ុយ​ក្រែ​ន​ក្លាយជា​ទីតាំង​ធ្វើសង្គ្រាមរ​បស់​អាមេរិក​និង​រុស្ស៊ី។


សូម​ស្តាប់​ការបកស្រាយ​របស់លោក សៅ ផល​និស្ស័យ ពាក់ព័ន្ធ​បញ្ហា​នេះ៖




មេដឹកនាំ​ដែល​ពាក់ព័ន្ធ​វិបត្តិ អ៊ុយ​ក្រែ​ន​មួយចំនួន​កំពុងស្ថិត​នៅក្នុង​រដ្ឋធានី Minsk នៃ​បេឡា​រ៉ុ​ស ដើម្បី​ចូលរួម​កិច្ចពិភាក្សា​ជាថ្មី​ស្វែងរក​កិច្ចព្រមព្រៀង​សន្តិភាព​ច្បាស់លាស់​មួយ​សម្រាប់​បញ្ចប់​វិបត្តិ​រាំ​រ៉ៃ​នៅ​ភាគ​ខាងកើត​នៅ​ថ្ងៃ​ពុធ​នេះ។ គេ​ឃើញ​វត្តមាន​ប្រធានាធិបតី​បារាំង​លោក ហ្វ្រ​ង់​ស្វ័​រ ហូ​ឡង់ អធិការបតី​អាល្លឺម៉ង់ អែន​ជេ​ឡា មឺ​ហ្កែ​ល ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Petro Poroshenko និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន។ មុន​មាន​កិច្ចប្រជុំ ប្រធានាធិបតី​បារាំង​លោក ហូ​ឡង់ បាន​លើកឡើងថា ភាគីនីមួយៗត្រៀមលក្ខណៈ និង​ឆន្ទៈ​រួចរាល់​ហើយ​ក្នុងការ​ដោះស្រាយ​ជម្លោះ​អ៊ុយ​ក្រែ​ន​អោយ​ជោគជ័យ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ភាគី​ទាំងអស់​នៅ​មិនទាន់​ច្បាស់​នៅឡើយ​ទេ​ពួកគេ​មានលទ្ធភាព​ធ្វើបាន​កម្រិតណា​នោះ។ ពិតណាស់​ឆន្ទៈ​តែ​ម្យ៉ាង​មិន​គ្រាប់​គ្រាន់​ឡើយ​ក្នុងការ​ដោះស្រាយ​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន ដ្បិត​ភាគី​ដែល​ចូល​តុ​ចរចា​នៅ​មិន​ទុកចិត្ត​គ្នា​សោះ។

ក្នុង​កិច្ចពិភាក្សា​តុមូល​នៅ​បេឡា​រ៉ុ​ស​ចាប់ផ្តើម​នៅ​ថ្ងៃ​ពុធ ប៉ុន្តែ​កាលពី​ម្សិលមិញ​នេះ​ការផ្ទុះអាវុធ​កើតឡើង​កាន់តែខ្លាំង​នៅ​ភាគ​ខាងកើត រហូតដល់​មានការ​បាញ់​ផ្លោង​ដាក់គ្នា​ខ្លាំង​ផង។ មនុស្ស​ជាង ១០នាក់​ត្រូវបាន​គេ​រាយការណ៍​ថា​បាន​ស្លាប់បាត់​បង់ជីវិត​ផងដែរ ខណៈពេលដែល​ក្រុម​ឧទ្ទាម​បដិសេធ​ការបាញ់​ផ្លោង​នេះ។ ចំណែក​នៅ​បេឡា​រ៉ុ​សភា​គី​តំណាង​ពាក់ព័ន្ធ​មាន​ទាំង​ក្រុម​ឧទ្ទាម​គាំទ្រ​រុស្ស៊ី​ផង និង​តំណាង​អង្គការ​កិច្ចសហប្រតិបត្តិការ​និង​សន្តិសុខ​អឺរ៉ុប​ផង​នាំគ្នា​ដុតដៃដុតជើង​រៀបចំ​គម្រោង​សន្តិភាព​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន​មុន​កិច្ចប្រជុំ​ថ្ងៃនេះ។ ប៉ុន្តែ​មិនមាន​អ្នកណា​បញ្ជាក់​ពី​ជំនួប​ម្សិលមិញ​មាន​ផ្លែផ្កា​បែបណា​ទេ។ បើតាម​ការ​អោយដឹងពី​សំណាក់​រដ្ឋមន្ត្រីការបរទេស​បារាំង Laurent Fabius ចំណុច​ដែល​ត្រូវដាក់​ប​ញ្ជូ​ល​ក្នុង​របៀបវារៈ​នៃ​កិច្ចពិភាក្សា​នេះ​មាន​ដូច​ការបង្កើត​បទ​ឈប់​បាញ់​ជា​ប្រញាប់ ដក​សព្វាវុធ​ធុន​ធ្ងន់​ពី​តំបន់​ជម្លោះ បង្កើត​តំបន់​គ្មាន​យោធា ព្រមទាំង​បង្កើត​ការត្រួតពិនិត្យ​ព្រំដែន​អោយមាន​ប្រសិទ្ធភាព​បញ្ចៀស​ការប្រយុទ្ធ​គ្នា។ បញ្ហា​ដែល​ដាក់​ក្នុង​រៀប​វារៈ​មិន​ខុសគ្នា​ប៉ុន្មាន​ពី​ចំណុច​ចែង​ក្នុង​កិច្ចព្រមព្រៀង​ក្រុង Minsk ដែល​ឯកភាព​ដោយ​ភាគី​ជម្លោះ​កាលពី​ខែកញ្ញា​ឆ្នាំ ២០១៤ឡើយ ប៉ុន្តែ​ប្រធានាធិបតី​បារាំង​ចង់​ស្នើសុំ​អោយ​អោយ​ប្រមុខរដ្ឋ​អ៊ុយ​ក្រែ​ន Poroshenko ផ្តល់​ស្វ័យភាព​បន្ថែម​ដល់​បណ្តា​ខេត្ត​ភាគ​អាគ្នេយ៍​ដែល​បះបោរ​ចង់​រត់​ចូល​ជាមួយ​រុស្ស៊ី​ផងដែរ។

កាលពី​ម្សិលមិញ​នេះដែរ ប្រធានាធិបតី​អាមេរិក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏​ដាច់ចិត្ត​ទូរស័ព្ទ​ទៅ​លោក ពូ​ទីន ដើម្បី​ពិភាក្សា​ពី​ដំណើរការ​ស្វែងរក​សន្តិ​ភាព​ជូន​ប្រជាជន​អ៊ុយ​ក្រែ​ន​ដែរ។ មេដឹកនាំ​រូបនេះ​បាន​ស្នើអោយ​រដ្ឋាភិបាល​ក្រេ​ម​ឡាំង​ដាក់ចិត្ត​ដាក់​កាយ​ឆក់យក​ឱកាស​ចុងក្រោយ​នៃ​កិច្ចពិភាក្សា​នេះ​សង្គ្រោះ​បទ​ឈប់​បាញ់​និង​រក​សន្តិភាព​ពិតប្រាកដ​ដល់​អតីតរ​ដ្ឋ​សហភាពសូវៀត​អ៊ុយ​ក្រែ​ន​នេះ។ ដោយឡែក​លោក អូ​បា​ម៉ា ឆ្លៀត​យក​ឱកាស​គំរាម​រុស្ស៊ី ប្រសិនបើ​ការចរចា​បរាជ័យ ព្រោះ​អាមេរិក​ជឿជាក់ថា​រុស្ស៊ី​ជា​អ្នកផ្គត់ផ្គង់​អាវុធ​ធុន​ធ្ងន់​ធុន​ស្រាល​ដល់​ក្រុម​ឧទ្ទាម​ភាគ​ខាងកើត​ដើម្បី​វាយប្រហារ​ទាហាន​ក្រុង​គៀវ។ មេដឹកនាំ​អាមេរិក​រូបនេះ​បាន​អះអាងថា រុស្ស៊ី​នឹងរង​ទុក្ខ​ជាង​បច្ចុប្បន្ននេះ​ទ្វេដង បើសិនជា​រុស្ស៊ី​នៅ​បន្ត​មហិច្ឆតា​វាត​ទឹកដី បញ្ជូន​ទ័ព ផ្តល់​អាវុធ និង​ហិរញ្ញវត្ថុ​ជួយ​គាំទ្រ​ក្រុម​ឧទ្ទាម​ប៉ង​ផ្តាច់ខ្លួន​ចូលរួម​ជាមួយ​រុស្ស៊ី។ លោក​អូ​បា​ម៉ា រំលឹក​ជាថ្មី​ថា​រដ្ឋាភិបាល​លោក​នឹង​បំពាក់អាវុធ​ដល់​កងកម្លាំង​អ៊ុយ​ក្រែ​ន ដើម្បី​ទប់ទល់​កងកម្លាំង​គាំទ្រ​រុស្ស៊ី។

បច្ចុប្បន្ននេះ រដ្ឋបាល​លោក​អូ​បា​ម៉ា កំពុង​ពិចារណា​បញ្ជូន​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទៅអោយ​កងកម្លាំង​អ៊ុយ​ក្រែ​ន ប៉ុន្តែ​លោក​មិនទាន់​សម្រេច​ចុងក្រោយ​នៅឡើយ​ទេ បើសិនជា​ភាគី​ជម្លោះ​ប្រើប្រាស់​វិធានការ​ការទូត​ដោះស្រាយ​ជម្លោះ​ដោយ​សន្តិវិធី​ចប់សព្វគ្រប់​អស់ហើយ​មិនបានការ ការបំពាក់​អាវុធ​ជា​ជម្រើស​ចុងក្រោយ។ ប្រហែលជា​មិនមែន​ដំណោះស្រាយ​ទេ ដែល​លោក​អូ​បា​ម៉ា​ស្រមៃ​ឃើញ​ការប្រើប្រាស់​អាវុធ​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​នោះ ព្រោះ​មហាអំណាច​ទាំងពីរ​រុស្ស៊ី​អាមេរិក​នឹងធ្វើ​សង្គ្រាម​លើ​បង្ហូរឈាម​ប្រជាជន​អ៊ុយ​ក្រែ​ន​លើ​ទឹកដី​អ៊ុយ​ក្រែ​ន រក​ផ្លូវ​ចប់​មិញ​ឃើញ​ផង​ក៏​ថា​បាន។

វា​ជា​គ្រោះថ្នាក់​មួយ ហើយ​និយាយ​ម្យ៉ាងទៀត​បាន​ថា​វា​អាច​ក្លាយជា​កំហុសឆ្គង​របស់​អាមេរិក​ផង បើ​ហ៊ាន​បំពាក់​សព្វាវុធ​ដល់​ទាហាន​អ៊ុយ​ក្រែ​ន។ ចេតនា​របស់​អាមេរិក​ក្នុង​ការជួយ​អ៊ុយ​ក្រែ​ន​ធ្វើអោយ​ប្រទេស​នៅ​សហភាព​អឺរ៉ុប​ព្រួយបារម្ភ​ខ្លាំង ដូច្នេះ​បានជា​មេដឹកនាំ​អឺរ៉ុប​ចេញមុខ​ចេញ​មាត់​សម្បើម​ណាស់​ក្នុងការ​ដោះស្រាយ​បញ្ហា​អ៊ុយ​ក្រែ​ន ហើយ​លោកស្រី​អធិការបតី​អាល្លឺម៉ង់​បានបង្ហាញ​ជំហរ​តំណាង​សហភាព​អឺរ៉ុប​ប្រឆាំង​ការប៉ុនប៉ង​បញ្ជូន​សព្វាវុធ​របស់លោក​អូ​បា​ម៉ា។ អឺរ៉ុប​យល់ច្បាស់​ថា បើ​បណ្តែតបណ្តោយ​អោយ​អាមេរិក​លូកដៃ​កាន់តែ​ជ្រៅ​បំពាក់អាវុធ​អ៊ុយ​ក្រែ​ន ជម្លោះ​រីកសាយ​ភាយ​ដល់​ប្រទេស​នៅ​តំបន់​អឺរ៉ុប​ផ្សេងទៀត​ដែល​វា​នឹង​បង្ក​ផលប៉ះពាល់​ខ្លាំង​ដល់​សហភាព​អឺរ៉ុប​ទាំងមូល។ ណាមួយ​រឿង​អ៊ុយ​ក្រែ​ន​មិនមែនជា​រឿង​ដែល​អាមេរិក​ត្រូវ​លូកដៃ​ទេ ហើយក៏​មិនមាន​ប្រយោជន៍​ប៉ុន្មាន​សម្រាប់​អាមេរិក​ដែរ ប៉ុន្តែ​វា​ជា​ផលប្រយោជន៍​រួម​របស់​អឺរ៉ុប​និង​រុស្ស៊ី​តែប៉ុណ្ណោះ។ អោយ​ប្រាកដ​ទៅ កិច្ចចរចា​ជាច្រើនលើក​ច្រើនសារ​កន្ល​ង មិនបាន​រក​ដំណោះស្រាយ​សមស្រប​ឆ្លើយតប​បញ្ហា​ដែល​កើតឡើង​បច្ចុប្បន្ន​នៅ​អ៊ុយ​ក្រែ​ន​ឡើយ។ ជម្លោះ​អ៊ុយ​ក្រែ​ន​តាំងពីដើម​មក​ផ្តើមចេញពី​ការប៉ុនប៉ង​របស់​អ៊ុយ​ក្រែ​ន​ដើម្បី​ចូលរួម​ជាមួយ​សហភាព​អឺរ៉ុប និង​ភ្ជាប់​ខ្លួន​ជាមួយ​អង្គការ​ណា​តូ។ បើសិន​ចង់អោយ​ជម្លោះ​នេះ​ដោះស្រាយ​ឆាប់​ចប់​បញ្ចប់​ការ​លូកដៃ​របស់​រុស្ស៊ី​ក្នុង​សំណុំរឿង​ជម្លោះ​ភាគ​ខាងកើត រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​ប្រហែលជា​ត្រូវ​បញ្ឈប់​ចេតនា​ភ្ជាប់​ខ្លួន​ជាមួយ​សហភាព​អឺរ៉ុប និង​បក្សសម្ព័ន្ធ​យោធា​ណា​តូ។ នេះ​មានន័យថា កិច្ចពិភាក្សា​ថ្ងៃ​ពុធ​នេះ​នឹង​នៅតែ​មិន​រក​ដំណោះស្រាយ​អចិន្ត្រៃយ៍​សម្រាប់​អ៊ុយ​ក្រែ​ន​បានឡើយ យ៉ាងច្រើន​ផ្អាក​ការប្រយុទ្ធ​បណ្តោះអាសន្ន​តែប៉ុណ្ណោះ៕


© រក្សាសិទ្ធិដោយ thmeythmey.com