ជាតិ
​​​ន​យោ​បាយ​ជាតិ​
ក្រសួងយុត្តិធម៌​គ្រោង​នឹង​បង្កើត​សាលាឧទ្ធរណ៍​នៅក្នុង​ខេត្ត​ចំនួន៧
12, Feb 2015 , 12:40 pm        
រូបភាព
ក្រសួងយុត្តិធម៌​គ្រោង​បង្កើត​សាលាឧទ្ធរណ៍​នៅក្នុង​តំបន់​ចំនួន៧ ដើម្បី​ផ្ដល់​ភាពងាយស្រួល​ជូន​ប្រជាពលរដ្ឋ នៅពេលដែល​ពួកគេ​ចង់​ប្ដឹង​មកកាន់​សាលាឧទ្ធរណ៍។ នេះ​បើតាម​លោក ជិន ម៉ា​លីន អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌ ។


លោក ជិន ម៉ា​លីន បាន​បន្ថែមថា បើតាម​គម្រោង ឆាប់ៗនេះ​ក្រសួងយុត្តិធម៌​នឹង​បង្កើត​សាលាឧទ្ធរណ៍​ចំនួន៣តំបន់​សិន គឺ​នៅក្នុង​ខេត្ត​ត្បូងឃ្មុំ  បាត់ដំបង ខេត្ត​ព្រះសីហនុ ដើម្បី​ដោះស្រាយ​បញ្ហា​ជូន​ប្រជាពលរដ្ឋ ។ ហើយ​ក្រសួង​នឹង​បន្ដ​បង្កើត​បន្ថែមទៀត ដោយ​អាស្រ័យ​លើ​ធនធានមនុស្ស និង​ហិរញ្ញវត្ថុ។

អ្នកនាំពាក្យ​រូបនេះ​ពន្យល់​យ៉ាង​ដូច្នេះ​ថា៖«នៅពេល​ខាងមុខនេះ​ក្រសួង​យុ​តិ្ត​ធម៌ នឹង​បង្កើត​សាលាឧទ្ធរណ៍​នៅតាម​តំបន់​ចំនួន៧ ដើម្បី​ជួយ​សម្រួល​បញ្ហា​របស់​ប្រជាពលរដ្ឋ​ដែល​ពួកគេ​ចង់​បន្ដ​ពាក្យបណ្ដឹង​មកកាន់​សាលាឧទ្ធរណ៍។ ហើយ​មិនមែន​សម្រាប់តែ​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មួយ​នោះទេ ប្រជាពលរដ្ឋ​ដែល​នៅ​ជុំវិញ​ខេត្ត​មួយ​នោះ ក៏​អាចមក​ប្ដឹង​បានដែរ ព្រោះ​ដើម្បី​កុំ​ឲ្យ​ពួកគេ​ចំណាយពេល​ឡើង​ភ្នំពេញ​ដូច​មុន»។

គម្រោង​បង្កើត​សាលាឧទ្ធរណ៍​នេះ គឺជា​ផែនការ​ឆ្លើយតប​នឹង​គណៈកម្មការ​ទី ៦ នៃ​រដ្ឋសភា ដឹកនាំ​ដោយ​លោក ប៉ែន បញ្ញា ដែល​បាន​សាកសួរ​លោក​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​លោក  អង្គ វង្ស វ​ឌ្ឍ​នា នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះនៅ​ក្រសួង​យុត្តិធម៌​ ស្តីពី​ដំណើរការ​នៃ​ការអនុវត្ត​ប្រព័ន្ធយុត្តិធម៌​នៅ​កម្ពុជា កន្លងមក និង​ផែនការ​របស់​ក្រសួង​សម្រាប់​ប្រព័ន្ធយុត្តិធម៌​ទៅ​ថ្ងៃ​ខាងមុខ៕



© រក្សាសិទ្ធិដោយ thmeythmey.com