អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កិច្ចពិភាក្សា​រក​សន្តិភាព​នៅ​អ៊ុយ​ក្រែ​ន​បិទ​បញ្ចប់​ក្រោយ​ជជែក​តឹងសរសៃក១៤ម៉ោង
12, Feb 2015 , 5:34 pm        
រូបភាព

ក្រោយ​បញ្ចប់​ការពិភាក្សា​អស់​ពេល១៤ម៉ោង​យ៉ាង​តានតឹង​នៅ​ទីក្រុង Minsk  មេដឹកនាំ​ទាំង​បួន​បារាំង អាល្លឺម៉ង់ អ៊ុយ​ក្រែ​ន និង​រុស្ស៊ី​ឯកភាពគ្នា​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​រួមមួយ​បន្ទាប់ពី​ការពិភាក្សា។ ប៉ុន្តែ​បើតាម​ការ​អោយដឹងពី​ទីភ្នាក់ងារ​ព័ត៌មាន​Reuters  មិនមាន​ព័ត៌មាន​លម្អិត​ណាមួយ​ទាកទិន​កិច្ច​សំនុំ​ឯកសារ​ដែល​មេដឹកនាំ​ទាំងនោះ​ចុះហត្ថលេខា​ត្រូវបាន​គេ​ទម្លាយ​អោយដឹង​ឡើយ។



កិច្ចប្រជុំ​ពិភាក្សា​ពី​ការស្វែងរក​សន្តិភាព​បញ្ចប់​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន​ត្រូវបាន​បិទ​បញ្ចប់​ជា​ផ្លូវការ ក្រោយ​មេដឹកនាំ​បណ្តា​ប្រទេស​អឺរ៉ុប មេដឹកនាំ​រុស្ស៊ី និង​អ៊ុយ​ក្រែ​ន​ចំណាយពេល​អស់ ១៤ម៉ោង​ដើម្បី​ជជែក​ពិភាក្សាគ្នា​នៅ​ទីក្រុង Minsk ប្រទេស​បេឡា​រុស។ កិច្ចចរចា​ប្រកបដោយ​ភាព​តានតឹង​រវាង​ភាគី​ដែល​ចូលរួម​ចាប់ផ្តើម​តាំងពី​ម្សិលមិញ ហើយ​គេ​ឃើញ​មេដឹកនាំ​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន និង​លោក​ប្រ​ធា​ធិបតី​អុ​យ​ក្រែ​ន Petro Poroshenkoចាប់ដៃគ្នា​មុន​មានការ​ពិភាក្សា។

ចំណុច​សំខាន់បំផុត​នៃ​ការពិភាក្សា​គឺ​ធ្វើយ៉ាងណា​ជំរុញ​អោយ​ភាគី​ជម្លោះ​អ៊ុយ​ក្រែ​ន​ចុះ​កិច្ច​បទ​ឈប់​បាញ់​គ្នា​សិន ហើយ​បន្ទាប់មក​រៀបចំ​ដក​សព្វាវុធ​ចេញពី​តំបន់​មាន​ជម្លោះ។ ម្យ៉ាង​មេដឹកនាំ​រុស្ស៊ី បានស្នើ​សុំអោយ​រដ្ឋាភិបាល​ក្រុង​គៀវ​ផ្តល់​ស្វ័យភាព​ដល់​តំបន់​ដែល​កំពុងមាន​ជម្លោះ ប៉ុន្តែ​ក្រុង​គៀវ​តប​វិញ​ថា ខ្លួន​អាច​ត្រឹម​ចែករំលែក​អំណាច​អោយ​តំបន់​រដ្ឋបាល​ភាគ​អាគ្នេយ៍ខ្លះៗប៉ុណ្ណោះ។

យ៉ាងណាក៏ដោយ​ក្រោយ​បញ្ចប់​ការពិភាក្សា​គេ​ទទួលបាន​ព័ត៌មាន​ថា​ភាគី​ទាំងអស់​នឹង​ចុះហត្ថលេខា​លើ​សំណុំ​ឯកសារ​មួយ​រួមគ្នា ប៉ុន្តែ​ចំណុច​ឬ​អត្ថន័យ​នៃ​ឯកសារ​នោះ​មិន​ត្រូវបាន​គេ​ទម្លាយ​អោយដឹង​នោះឡើយ។ មុន​មានការ​ពិភាក្សា​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​បាន​ព្រមាន​ជាមុន​រួចស្រេច​ហើយ​ថា បើសិនជា​កិច្ចចរចា​បរាជ័យ លោក​នឹង​អនុវត្ត​ច្បប់​អាជ្ញាសឹក​នៅក្នុង​តំបន់​ដែល​កំពុងមាន​ជម្លោះ​នៅ​ភាគ​អាគ្នេយ៍​ប្រទេស ប៉ុន្តែ​ច្បាប់អាជ្ញាសឹក​មិនមែនជា​ដំណោះស្រាយ​ឡើយ វា​ត្រឹមតែ​ជួយ​អោយ​ជម្លោះ​កាន់តែ​ធ្ងន់ធ្ងរ​ជាង​មុន​តែប៉ុណ្ណោះ។

មេដឹកនាំ​បារាំង និង​អធិការបតី​អា​ល្លឹ​ម៉​ង​ដែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​នៅក្នុង​ប្រទេស​បេឡា​រ៉ុ​ស​ដែរនោះ ហាក់បីដូចជា​ប្រឹងប្រែង​ខ្លាំង​ណាស់ដែរ​ដើម្បី​ជួយ​ជំរុញ​អោយ​ភាគី​ទាំងពីរ​ឈានដល់​ការឯកភាព​គ្នា ប៉ុន្តែ​កិច្ច​លទ្ធផល​នៃ​កិច្ចប្រជុំ​យ៉ាងណា​មានតែ​រង់​ចាំមើល​ដូចគ្នា។ ដោយឡែក បើសិនជា​ភាគី​មិនអាច​សម្រេច​ផ្លែផ្កា​បាន​ក្នុង​ការបញ្ចប់​ការបង្ហូរ​ឈាម​គ្នា​នៅ​អ៊ុយ​ក្រែ​ន សហរដ្ឋអាមេរិក​នឹង​បញ្ជូន​សព្វាវុធ​ដើម្បី​បំពាក់​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​ជាក់​ជាមិនខាន ហើយ​អឺរ៉ុប​ដែល​អនុម័ត​ទណ្ឌកម្ម​ជំហាន​ថ្មី​ប្រឆាំង​រុស្ស៊ី​តែ​ព្យួរ​បណ្តោះអាសន្ន​រង់ចាំ​មើល​លទ្ធផល​នៃ​កិច្ចប្រជុំ​នោះ​ក៏ត្រូវ​ដើរ​ទៅមុខ​ដូចគ្នា៕ដោយ សៅ ផល​និស្ស័យ


© រក្សាសិទ្ធិដោយ thmeythmey.com