ជាតិ
សេដ្ឋកិច្ច
ក្រុមហ៊ុន​ផ្សារ​សូរិយា​ប្រជុំ​រក​ច្រកចេញ​ជាមួយ​អភិបាលខណ្ឌ​ដូនពេញ នៅ​ព្រឹក​នេះ
13, Feb 2015 , 9:38 am        
រូបភាព
ដោយ:
អ្នកគ្រប់គ្រង​ផ្សារ​ទំនើប​សូរិយា​ជួបប្រជុំ ជាមួយ​អភិបាលខណ្ឌ​ដូនពេញ នៅ​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥នេះ ជុំវិញ​ការធ្វើ​កូដកម្ម​របស់​អាជីវក​រ​ជាង ១០០នាក់ ដែល​ទាមទារ​ឱ្យ​ម្ចាស់ ផ្សារ​អនុវត្តតាម​លក្ខខណ្ឌ ៣ចំណុច ក្នុងនោះ​រួមមាន ការបញ្ចុះ​តម្លៃ​ជួល​តូប ៣០ភាគរយ លុប ចោលការ​កាត់លុយ​ពី​អាជីវករ​នៅពេល​សេង​តូប​បន្ត​និង​ទាមទារ​ឲ្យ​បញ្ឈប់​ការងារ​អ្នកគ្រប់គ្រង ២នាក់។


បន្ទាប់ពី​ការចរចារ​មិនទាន់​រក​ដំណោះស្រាយ​បាន​នោះ ចំពោះ​ការតវ៉ា​របស់​អាជីវក​រ​ផ្សារ​ទំនើប សូរិយា​រយៈពេល ២ថ្ងៃ​កន្លងមកនេះ នៅ​ព្រឹក​នេះ លោក ឡាំ សុភាព អ្នក គ្រប់គ្រង​ផ្សារ​សូរិយា កំពុង​ជួបប្រជុំ​ជាមួយ​អភិបាលខណ្ឌ​ដូនពេញ លោក គួច ចំរើន ដើម្បី​ស្វែង​ដំណោះស្រាយ​រវាង​ក្រុមហ៊ុន និង​អាជីវករ។

ក្នុង​ការចរចា​កន្លង​មក លោក ឡាំ សុភាព អ្នកគ្រប់គ្រង​ផ្សារ​សូរិយា ប្រាប់ថា ក្រុមហ៊ុន​បាន យល់ព្រម​បញ្ចុះតម្លៃ​ឈ្នួល​តូប​ត្រឹម ២០ភាគរយ តែ​អាជីវករ​ត្រូវ​អនុវត្តន៍​នូវ​លក្ខខណ្ឌ ៤ចំណុច។ ប៉ុន្តែ លោក​បន្តថា អាជីវករ​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​នោះទេ ពួកគេ​ទាម ទារ​ឱ្យមាន​ការបញ្ចុះ៣០ភាគរយ ដោយ​គ្មាន​លក្ខខណ្ឌ។

បើតាម លោក ឡាំ សុភាព លក្ខខណ្ឌ ៤ចំណុច ដែល​ក្រុមហ៊ុន​ផ្សារ​ទំនើប​កណ្តាល​រាជ ធានី​ភ្នំពេញ​ដាក់ឱ្យ​នោះ រួមមាន ទីមួយ ការរៀបចំ​សណ្តាប់ធ្នាប់​តូប ទី​ពីរ ការបង់ថ្លៃ​ឈ្នួល​តូប ទៀងទាត់ ទី​បី ការបើក​បិទតូប​តាម​ពេលវេលា​កំណត់​របស់​ផ្សារ​ពី​ម៉ោង៨ព្រឹក ដល់​ម៉ោង ៩យប់ និង​ទី​បួន​គឺ ការបិទ​តម្លៃ​លើ​ទំនិញ​ឲ្យ​បានច្បាស់លាស់។

គួររម្លឹកថា បន្ទាប់ពី​ការចរចា​មិនបាន​លទ្ធផល នៅ​ព្រឹក​ថ្ងៃទី១២កុម្ភៈ ម្សិលមិញ​នេះ អាជីវករ​លក់ដូរ​ក្នុង​ផ្សារ​ទំនើប​សូរិយា​ជាង១០០នាក់​ បាននាំគ្នា​បិទ​ច្រកចេញចូល​ផ្សារ ដើម្បី​ដាក់​គំនាប​ឲ្យ​ភាគី​ផ្សារ​បញ្ចុះ​ថ្លៃឈ្នួល​តូប៣០ភាគរយ និង​ដក​អ្នកគ្រប់គ្រង​ផ្សារ​ពីរ​នាក់​ចេញ គឺ អ្នកស្រី ជា សុខ​ហៀក និង​លោក ឡាំ សុភាព៕



© រក្សាសិទ្ធិដោយ thmeythmey.com