ជាតិ
អ្នកគ្រូ​នាង ផល្លា ជាប់​​ក្នុង​ចំណោម​​បញ្ជី​​ឈ្មោះ​១០​នាក់​​សម្រាប់​​រង្វាន់​​គ្រូ​​ឆ្នើម​​ពិភពលោក​
13, Feb 2015 , 12:25 pm        
រូបភាព
អ្នកស្រី នាង ផល្លា បាន​នាំមក​នូវ​មោទនភាពថ្មីៗបន្ថែមទៀត​សម្រាប់​ប្រជាជាតិ​កម្ពុជា បន្ទាប់ពី​អ្នកស្រី​នៅ​រក្សា​ឈ្មោះ​ក្នុង​បញ្ជី១០នាក់​សម្រាប់​ប្រជែង​យក​រង្វាន់​គ្រូ​ឆ្នើម​សកល Global Teacher Prize ដែលមាន​ទឹកប្រាក់១លាន​ដុល្លារ​អាមេរិក។ នេះ​បើតាម​ការប្រកាស​របស់​មូលនិធិ​អប់រំ Varkey Foundation ដែលមាន​ទីស្នាក់ការ​នៅ​ទីក្រុង​ឌូ​បៃ ប្រទេស​អារ៉ាប់​រួម អេ​មី​រ៉េត នា​ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៥ ។



អ្នកគ្រូ នាង ផល្លា ដែល​ឆ្លងកាត់ បទពិសោធន៍​ជាង២០ឆ្នាំ​លើ​ការបង្រៀន​កុមារ​ពិការភ្នែក ដោយ​គាត់​ត្រូវបាន​ជ្រើសរើស​ពី​បញ្ជី៥០នាក់​ចុងក្រោយ​សម្រាប់​កម្មវិធី Global Teacher Prize។ បេក្ខជន៩នាក់​ទៀត មាន លោក Azizullah Royesh (អា​ហ្វ​ហ្គា​នី​ស្ថាន) លោកស្រី Kiran Bir Sethi (ឥណ្ឌា) លោក Guy Etienne (ហៃ​ទី) លោកស្រី Jacqueline Jumbekahura (កេ​ន​យ៉ា) លោកស្រី Nancie Atwell (អាមេរិក) លោក Richard Spencer (អង់គ្លេស) លោក Stephen Ritz (អាមេរិក) លោកស្រី Naomi Volain (អាមេរិក) និង​លោក Madenjit Singh (ម៉ាឡេស៊ី)។

 
អ្នកស្រី នាង ផល្លា បានចាប់ផ្តើម​ធ្វើការ​ជាមួយ​កុមារ​ពិការភ្នែក​នា​ឆ្នាំ១៩៨៦ ក្នុងតួនាទី​ជា​នាយិកា​សាលា​មួយ​របស់​អង្គការសហប្រជាជាតិ​នៅ​ជំរុំ​ភៀសខ្លួន លើទឹក​ដី​ថៃ។ អ្នកស្រី បាន​វិលត្រឡប់​មកកាន់​កម្ពុជា​វិញ​ក្នុង​ឆ្នាំ១៩៩៣ ហើយ​បាន​ក្លាយជា​គ្រូបង្រៀន​អក្សរ​ប្រាយ (សម្រាប់​កុមារ​ពិការភ្នែក) ជា​លើកដំបូង​នៅ​កម្ពុជា។

អ្នកស្រី ផល្លា បានរួម​ចំណែក​យ៉ាង​ផុសផុល​ក្នុង​ការបើក​ឲ្យ​មាន​សាលា​កុមារ​ពិការភ្នែក នៅក្នុង​ប្រទេស និង​ការបង្កើត​អក្សរ​ប្រាយ​ជា​ភាសា​ខ្មែរ។ ក្រៅពីនេះ អ្នកគ្រូ​ដ៏​ឆ្នើម​រូបនេះ បាន​បង្រៀន​ជំនាញ​យ៉ាងច្រើន​ដល់​កុមារ​ពិការភ្នែក​ដូចជា​ភាសា​អង់គ្លេស និង​កុំព្យូទ័រ​ជាដើម។

អ្នកស្រី នាង ផល្លា ដែល​បច្ចុប្បន្ន​ជា​នាយិកា​សាលា​កុមារ​ពិការភ្នែក​ភ្នំពេញ​ថ្មី និង​ជា​ប្រធាន​សម្របសម្រួល កម្មវិធី​អប់រំ​កុមារ​ពិការភ្នែក និង​គ​ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី គឺជា​បេក្ខភាព​តែ​ម្នាក់​គត់​របស់​កម្ពុជា​ដែល​ត្រូវ​ប្រជែង​យកប្រាក់ រង្វាន់១លាន​ដុល្លារ​អាមេរិក​ពី​កម្មវិធី Global Teacher Prize។

ក្នុងចំណោម​បេក្ខជន​ទាំង៥០រូប មាន​មកពី២៦ប្រទេសផ្សេងៗគ្នា ដែល​ក្នុងនោះ​មាន​គ្រូបង្រៀន​ពី​សហរដ្ឋអាមេរិក​ចំនួន១៦នាក់ កាណាដា៣នាក់ ឥណ្ឌា៣នាក់ អង់គ្លេស២នាក់ អូស្ត្រាលី២ អ៊ីតាលី២ ហ្ស៊​កដា​នី២ រីឯ​បណ្តា​ប្រទេស​ដែលមាន​បេក្ខជន​មួយរូប​រួមមាន កម្ពុជា ចិន អា​ហ្វ​ហ្គា​នី​ស្ថាន អា​សៀ​បៃ​ហ្ស​ង់ អេ​ស្តូ​នី ឥណ្ឌូនេស៊ី អាល្លឺម៉ង់ ហៃ​ទី កេ​ន​យ៉ា ម៉ា​សេ​ដូ​នី ម៉ា​ដា​ហ្គា​ស្កា ម៉ាឡាវី ម៉ាឡេស៊ី ម៉ិ​ក​ស៊ិ​ក ម៉ា​រ៉ុ​ក អេ​ស្ប៉ា តង់​ហ្សា​នី ហូ​ឡង់ តួ​ក​គី និង​អ៊ូ​ហ្គ​ង់​ដា។

បេក្ខជន​ទាំង៥០រូប​បាន​ត្រូវ​ជ្រើស​ចេញពី​បេក្ខជន​ទាំង៥០០០នាក់ មកពី១២៧ប្រទេស​ទូទាំង​ពិភពលោក។ ១០​នាក់​ត្រូវបាន​ជ្រើសរើសពី​៥០នាក់ ខណៈ​​ជ័យលាភី​ដែល​ត្រូវ​ឈ្នះ​ប្រាក់រង្វាន់១លាន​ដុល្លារ​អាមេរិក នឹងត្រូវ​ប្រកាស​នា​វេទិកា Global Education and Skills Forum នៅក្នុង​ទីក្រុង​ឌូ​បៃ នា​ថ្ងៃទី១៦ ខែ​មិនា ឆ្នាំ២០១៥ ។

អ្នកគ្រូ ផល្លា បាន​លើកឡើងថា៖ «ជោគជ័យ​ណាមួយ​ដែល​ខ្ញុំ​ទទួលបាន គឺជា​ជោគជ័យ​រួម​របស់​អង្គការ មិនមែនជា​ស្នាដៃ​របស់ខ្ញុំ​តែម្នាក់ឯង​នោះឡើយ»៕



© រក្សាសិទ្ធិដោយ thmeythmey.com