អន្តរជាតិ
កិច្ចព្រមព្រៀង​ក្រុង​មីន​ស្គ៍​ដ៏​ផុយស្រួយ បាន​ចូល​ជាធរ​មាននៅ​អ៊ុយ​ក្រែ​ន
15, Feb 2015 , 1:01 pm        
រូបភាព
ដោយ:
កិច្ចព្រមព្រៀង​ក្រុង​មីន​ស្គ៍ ដើម្បី​បញ្ចប់​ជម្លោះ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​បាន​ចូល​ជា​ធរមាន នៅ​ម៉ោង៤ទៀបភ្លឺ​ថ្ងៃអាទិត្យ​នេះ ត្រូវជា​ម៉ោង១២អា​ធ្រា​ត​ថ្ងៃ​សៅរ៍ ចូល​ថ្ងៃអាទិត្យ នៅ​អ៊ុយ​ក្រែ​ន។ ប៉ុន្មាន​ម៉ោង​មុន​ចូល​ជា​ធរមាន អំពើហិង្សា​សម្លាប់​មនុស្ស​នៅ​ភាគ​ខាងកើត​នៅតែ​បន្ត​មាន។



ប៉ុន្មាន​ម៉ោង​មុន​កិច្ចព្រមព្រៀង​ចូល​ជា​ធរមាន ការវាយប្រហារ​នៅតែ​បន្ត​មាននៅ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន។ ថ្ងៃ​សៅរ៍​ម្សិលមិញ មនុស្ស​យ៉ាងហោច១៤នាក់ ក្នុងនោះ​មាន​ជន​ស៊ីវិល៦នាក់ និង​ទាហាន៨នាក់​បាន​ស្លាប់​ក្នុង​អំពើហិង្សា។ ក្រុម​បះបោរ​គាំទ្រ​រុស្ស៊ី​នៅតែ​បន្ត​ប្រយុទ្ធ​ជាមួយ​ទាហាន​អ៊ុយ​ក្រែ​ន នៅ​ក្រុង​យុទ្ធសាស្ត្រ​Debaltseve។ នៅ​ក្រុង​នេះ ក្រុម​បះបោរ​បាន​ឡោមព័ទ្ធ​ទាហាន​អ៊ុយ​ក្រែ​ន​ស្ទើរតែ​ទាំងស្រុង។ នៅ​ចំពោះមុខ​ស្ថានការណ៍​ដ៏​តានតឹង ប្រធានាធិបតី​អ៊ុយ​ក្រែ​ន ពេ​ត្រូ ប៉ូ​រ៉ូ​ឆិ​ន​កូ បាន​គំរាម​ម្សិលមិញ ថា​នឹងដាក់​ច្បាប់​សឹក​អោយប្រើ​ទូទាំងប្រទេស​អ៊ុយ​ក្រែ​ន ករណី​កិច្ចព្រមព្រៀង​ក្រុង​មីន​ស្គ៍​ជួប​បរាជ័យ។

កិច្ចព្រមព្រៀង​ក្រុម​មីន​ស្គ៍​មាន​គោលការណ៍​សំខាន់​អោយ​ភាគី​ជម្លោះ​ផ្អាក​ការប្រយុទ្ធ​គ្នា ដក​អាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ជម្លោះ និង​បង្កើតអោយមាន​តំបន់​ដែល​គ្មាន​សកម្មភាព​យោធា។ ប៉ុន្តែ​កិច្ចព្រមព្រៀង​នៅ​ផុយស្រួយ​ខ្លាំង ដោយសារតែ​ហិង្សា​នៅតែ​បន្ត​មាន ទោះជា​ភាគី​ជម្លោះ​បាន​ចុះហត្ថលេខា កាលពី​ថ្ងៃ​ព្រហស្បតិ៍​រួចហើយ​ក៏ដោយចុះ។ អាមេរិក​បាន​ចោទ​រុស្ស៊ី​ថា នៅតែ​បន្ត​ផ្តល់​អាវុធ​អោយ​ក្រុម​បះបោរ​ភាគ​ខាងកើត។

ប៉ុន្មាន​ម៉ោង​មុន​កិច្ចព្រមព្រៀង​នេះ​ចូល​ជា​ធរមាន ប្រធានាធិបតី​រុស្ស៊ី លោកពូ​ទីន ប្រធានាធិបតី​បារាំង លោក​ហូ​ឡង់ និង​ប្រមុខ​ដឹកនាំ​អាល្លឺម៉ង់ លោកស្រី​មែរ​គែល បាន​ពិភាក្សាគ្នា​ជាថ្មី គូសបញ្ជាក់​ឡើងវិញ ពី​ភាពចាំបាច់​នៃ​ការផ្អាក​ការប្រយុទ្ធ​គ្នា។ នៅ​ថ្ងៃអាទិត្យ​នេះ មេដឹកនាំ​ទាំង៣រូបនេះ និង​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​ប៉ូ​រ៉ូ​ឆិ​ន​កូ នឹង​ជជែក​បូកសរុប​ពី​ស្ថានភាព​អ៊ុយ​ក្រែ​ន​ជាថ្មី​ម្តងទៀត៕




© រក្សាសិទ្ធិដោយ thmeythmey.com