ជាតិ
សង្គមជាតិ
អាជីវករ​លក់​ដើម​អង្គាសីល​ត្អូញត្អែរ​ពី​អាជ្ញាធរ​ទារប្រាក់​រាប់រយ​ដុល្លារ
17, Feb 2015 , 8:30 pm        
រូបភាព
ដោយ:

អាជីវករ​ជាង ២០នាក់ ដែល​លក់​ដើម​អង្គាសីល​នៅក្បែរ​ក្លោងទ្វារ​ចូលទៅ​វត្ត​ទឹកថ្លា ក្នុង​ខណ្ឌ​សែន​សុខ បាន​ត្អូញត្អែរ​ពី​ការខាតបង់​ដើមទុន​ជាច្រើន និង​ខឹងសម្បារ​ជាខ្លាំង​នឹង​ប៉ូលីស ប៉េអឹម និង​មេព្រៃ​នៅតាម​មូលដ្ឋាន​ដែល​បាន​បណ្តាក់​គ្នា​ទារប្រាក់​ពី​ពួកគាត់​ដល់​ទៅ​រាប់រយ​ដុល្លារ​នៅតាម​ប៉ុស្តិ៍​មេព្រៃ ប៉ុស្តិ៍​ប៉ូ​លិ​ល និង​នៅតាម​ផ្លូវ ពី​ទីកន្លែង​មួយ​ទៅ​កន្លែង​មួយ​រហូតដល់​ភ្នំពេញ។



ដើម​អង្គាសីល​ជាច្រើន​រយ​ដើម ដែល​ត្រូវបាន​គេ​ដាក់​ឈរ​តម្រៀបជួរ​ទាំងសងខាង​ក្លោងទ្វារ​ចូល​វត្ត​ទឹកថ្លា​នោះ ត្រូវបាន​គេ​ទិញ​ពី​ប្រជាពលរដ្ឋ​នៅតាម​តំបន់ឆ្ងាយៗពី​ខេត្តកំពត តំបន់ភ្នំ​ឱ​រ៉ា​ល់ និង​ពី​ខេត្តពោធិ៍សាត់។ អាជីវករ​អ្នកលក់​ដើម​អង្គាសីល ដែល​ត្រូវ​ដឹកជញ្ជូន​ដើមឈើ​ព្រៃ​ទាំងនោះ​ក្នុង​រយៈផ្លូវ​ដ៏​ឆ្ងាយ​នោះ បាន​ត្អូញត្អែរ​ប្រាប់​អំពី​ការ​ស្កាត់​ទារលុយ​ជាច្រើន​កន្លែង ពី​សំណាក់​ក្រុមមនុស្ស​ដែល​ពួកគេ​ហៅថា សមត្ថកិច្ច​ចម្រុះ។ ប៉ូលិស កងរាជអាវុធហត្ថ និង​មេព្រៃ គឺជា​ក្រុម​សមត្ថកិច្ច​ដែល ក្រុម​អ្នកលក់​ដើម​ផ្កា​អង្គាសីល អះអាងថា​ជា​អ្នកយក​លុយ​ពី​ពួកគេ ដែលជា​សរុបទៅ​មានតម្លៃ​ជាច្រើន​រយ​ដុល្លារ។

លោក ធី ផល ដែលជា​អាជីវករ​ម្នាក់​ក្នុងចំណោម​អាជីវក​រទាំង២០នាក់​នៅក្បែរ​របង​វត្ត​ទឹកថ្លា​នោះ គឺជា​សាក្សី​ផ្ទាល់​នៃ​ការ​ត្អូញត្អែរ​នេះ។ អាជីវករ​ដដែល​នេះ ដែល​ដឹងថា​ខ្លួន​ទំនងជា​ពិបាក​នឹង​រក​ផលចំណេញ​ពី​ការលក់​ដើម​ផ្កា​អង្គាសីល​ក្នុង​រដូវ​បុណ្យចូលឆ្នាំ​ចិន​វៀតណាម មិន​ខ្លាច​ប្រកាសថា​លក់បាន​ចំណាយ​ចំណាយ​ប្រាក់១២០០ដុល្លារ​សម្រាប់​បង់​ឲ្យ​សមត្ថកិច្ច​ទាំងនោះ ដើម្បី អាច​ដឹកជញ្ជូន​ដើម​អង្គាសីល​រហូតដល់​ភ្នំពេញ​នោះឡើយ។ លោក ផល និយាយ​ខ្លាំង​នៅ​ពីមុខ​ដើម​អង្គាសីល​រាប់សិប​ដើម​ដែល​លោក​ទិញ​ពី​ខេត្តកំពង់ស្ពឺ​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​ត្រូវ​បង់ប្រាក់​ឲ្យ​ទៅ​ប៉ូលិស ប៉េអឹម និង​មេព្រៃ​ទាំងនោះ តាំងពី​ស្រុក​ឱ​រ៉ា​ល់​រហូតដល់​ក្រុងភ្នំពេញ។ នៅទីនេះ ខ្ញុំ​ត្រូវ​ជួល​ទីធ្លា​មុខ​វត្ត​ក្នុងតម្លៃ១៥០ដុល្លារ​ដើ​ម្បើ​ដាក់លក់​ដើម​អង្គាសីល និង​ត្រូវ​ចំណាយពេល​មើលថែ​ទាំង​យប់​ទាំង​ថ្ងៃ។ ខ្ញុំ​គិតថា​មិន​រួច​ថ្លៃដើម​នោះទេ​ឆ្នាំនេះ»។

ក្នុងស្ថានភាព​មិន​សប្បាយ​ចិត្ត​ដូចគ្នា ប៉ុន្តែ​លោក ធៀប ទ្រី ទំនងជា​មានសំណាង​ជាង​លោក ធី ផល។ លោក ធៀប ទ្រី ចំណាយ​ថវិកា​បង់ប្រាក់​ឲ្យ​សមត្ថកិច្ច​តាមផ្លូវ​ត្រឹមតែ៨០០ដុល្លារ​ប៉ុណ្ណោះ នៅពេលដែល​គាត់​ដឹក​ដើម​អង្គាសីល​ពី​តំបន់​ពេ​ជ្យ​និល។ លោក ធៀប ទ្រី រៀបរាប់​ឲ្យ​ដឹងថា៖«ប៉ូលិស ប៉េអឹម និង​មេព្រៃ ទារប្រាក់​ពី​ខ្ញុំ យ៉ាងតិច​ក៏៥០ទៅ១០០ដុល្លារ​ដែរ ពី​កន្លែង​មួយ​ទៅ​កន្លែង​មួយ។ នៅ​កន្លែង​ខ្លះទៀត ប៉ូលិស ប៉េអឹម​បើក​ម៉ូតូ​ដេញ​ស្ទាក់​ពីមុខ ដើម្បី​ទារប្រាក់​ក្រោម​ហេតុផល​ថា ខ្ញុំ​ដឹកឈើ​ខុសច្បាប់»។

ក្រឡេក​ទៅ​មើល​លោក វុត្ថា​វិញ ដែល​ទើបតែ​រត់​ចេញពី​ការលក់​កម្លាំង​នៅក្នុង​ប្រទេស​ថៃ។ លោក​វត្ថា បាន​ខ្ចី​បំណុល បងប្អូន ដើម្បី​សាកល្បង​លក់ដូរ​ផ្កា​អង្គាសីល​ជា​លើកដំបូង។ វុត្ថា មាន​វាសនា​មិន​ខុសពី​អាជីវករ​ខាងលើ​ឡើយ។ អ្វីដែល​លោក​វុត្ថា បារម្ភ​នៅពេលនេះ គឺ​ខាតបង់​នេះឯង។ លោក​វុត្ថា គ្មាន​សង្ឃឹមថា នឹង​បាន​ចំណេញ​លុយ​ឡើយ ហើយ​ថែមទាំង​ខ្វាយខ្វល់​ពី​អំពី​ការ​ដោះបំណុល​ទៅវិញ ដោយសារតែ​ការបង់ប្រាក់​ឲ្យ​សមត្ថកិច្ច​តាមផ្លូវ បាន​ស្រូបយក​ផលចំណេញ​ពី​ការលក់ដូរ​អស់​បាត់ទៅហើយ៕




© រក្សាសិទ្ធិដោយ thmeythmey.com