ជាតិ
សង្គមជាតិ
ស្អែក លោក ​សុខ ​ទូច​ ធ្វើ​សន្និសីទកាសែត​បង្ហាញ​ផលប៉ះពាល់​ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង
22, Feb 2015 , 1:26 pm        
រូបភាព

 លោក សុខ ទូច សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​សង្គម នយោបាយ​នៅ​កម្ពុជា នឹង​រៀបចំ​សន្និសីទ​សារព័ត៌មាន​មួយ​ស្តីពី​ផលប៉ះពាល់​របស់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង។ សន្និសីទ​សារព័ត៌មាន​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង៩ព្រឹក​ថ្ងៃ​ចន្ទ​ទី២៣កុម្ភៈ​ដើម​សប្តាហ៍​ក្រោយ​នៅ​រាជបណ្ឌិតសភា​កម្ពុជា។



សន្និសីទ​សារព័ត៌មាន ស្តីពី​ផលប៉ះពាល់​របស់​គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង នឹងត្រូវ​រៀបចំឡើង​ថ្ងៃ​ចន្ទ​ទី២៣កុម្ភៈ​ដើម​សប្តាហ៍​ក្រោយនេះ នៅ​រាជបណ្ឌិតសភា​កម្ពុជា។ សន្និសីទ​សារព័ត៌មាន​នេះ គឺជា​ការផ្តួចផ្តើម​គំនិត របស់​សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ និង​ជា​អ្នកវិភាគ​សង្គម នយោបាយ​នៅ​កម្ពុជា លោក​សុខ​ទូច។

ថ្លែងប្រាប់​សារព័ត៌មានថ្មីៗ អ្នកវិភាគ​សង្គម នយោបាយ​កម្ពុជា​រូបនេះ បាន​ឲ្យ​ដឹងថា ​មាន​ចំណុចសំខាន់ៗចំនួន៣ ដែល​លោក​ព្រួយបារម្ភ​នពេល​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន​សា​ហុង ទី១. ការបាត់បង់​សត្វ​ផ្សោត​ទន្លេមេគង្គ ដែលជា​និមិត្តរូប​នៃ​ជីវចម្រុះ​នៅក្នុង​ទន្លេ​នេះ ទី២. បំលាស់​ទី​របស់​មច្ឆា​ជាតិ​នៅ​តំបន់​នេះ ដោយសារតែ​សក្តានុពល​របស់​វា​នឹង​បិទ​ប្រឡាយ​ហ៊ូ សា​ហុង ដែលជា​ផ្នែក​តែមួយគត់​របស់​ទន្លេមេគង្គ ដែល​អនុញាត​ឲ្យ​មច្ឆា​ជាតិ អាចធ្វើ​ដំណើរ​ឆ្លងកាត់​បាន​នៅ​រដូវប្រាំង និង​ទី៣. ការប្រែប្រួល​នៃ​ចរន្តទឹក​ហូរ​ដែល​នឹងធ្វើ​ឲ្យ​ប៉ះពាល់​ដល់​មច្ឆា​ជាតិ និង​ជីវចម្រុះ​នៅក្នុង​ទន្លេ។

គម្រោង​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ដន សា​ហុង នៅក្នុង​ប្រទេស​ឡាវ ត្រូវបាន​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ​ជឿជាក់ថា នឹង​ផ្តល់​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បណ្តា​ប្រទេស​ជា​សមាជិក​ទន្លេមេគង្គ ដូចជា​កម្ពុជា ថៃ និង​វៀតណាម​ជាដើម។

សូមបញ្ជាក់ថា ទំនប់​ដន សា​ហុង មាន​កំពស់​ជាង៣០ម៉ែត្រ និង​មាន​កម្លាំង៣៨០មេ​ហ្គា​វ៉ា​ត់ ស្ថិតនៅ​នៅលើ​ដង​ទន្លេមេគង្គ ក្នុង​តំបន់​ស៊ីផា​ន់​ដន ដែលមាន​ចំងាយ​ប្រមាណ​ជា២គីឡូម៉ែត្រ​ពី​ព្រំដែន​កម្ពុជា-ឡាវ។ តំ​នប់​នេះ ស្ថិតនៅត្រង់​ច្រក​ហ៊ូ សា​ហុង ស្ថិតនៅ​ចន្លោះ​កោះ​ដន សា​ហុង និង​កោះ​ដន សា​ដាម នៃ​ខេត្ត​ចម្ប៉ា​សាក់ ប្រទេស​ឡាវ។
ទំនប់​នេះ​បានចាប់ផ្តើម​សាងសង់ឡើង​កាលពី​ឆ្នាំ២០០៧ ដោយ​ក្រុមហ៊ុន​វិស្វកម្ម និង​សំណង់​ម៉ាឡេស៊ី Mega First Corporation Berhad ហើយ​បាន​ផ្អាក​សកម្មភាព​ម្តង​ហើយ ដោយសារ​មានការ​តវ៉ា​ពី​ប្រទេស​តាម​ដង មេគង្គ​ឯទៀត។

ក៏ប៉ុន្តែ​ទំនប់​នេះ​បានចាប់ផ្តើម​សាងសង់​ឡើងវិញ​កាលពី​ឆ្នាំ២០១៣ នៅពេលនោះ​ប្រទេស​ឡាវ​បានប្រកាសថា​ទំនប់​ដន សា​ហុង មិនមាន​ផលប៉ះពាល់​ទៅដល់​មច្ឆា​ជាតិ និង​ផ្នែកផ្សេងៗទៀត​នោះទេ ព្រោះ​មាន​ទីតាំង​ស្ថិតនៅលើ​ដៃទន្លេ មិនមែន​នៅលើ​ទន្លេ​មេនោះ​ទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com