ជាតិ
​​​ន​យោ​បាយ​ជាតិ​
ចូលឆ្នាំ​ចិន៖ មន្ត្រី​អត់​ធ្វើការ ធ្វើអោយ​រដ្ឋ​ខាតបង់​ថវិកា
19, Feb 2015 , 8:00 pm        
រូបភាព
ដោយ: ថ្មីៗ
ភ្នំពេញ៖ ក្នុង​រដូវចូលឆ្នាំ​ចិន​នេះ មន្ត្រីរាជការ​មួយចំនួន​មិនបាន​ទៅធ្វើ​ការ​ទេ ដោយសារ​ពួកគេ​ជាប់រវល់​អបអរសាទ​រ​ពិធីបុណ្យ​ប្រពៃណី​ចូលឆ្នាំ​ចិន។ អ្នកវិភាគ​និយាយថា ការមិន​ធ្វើការ​របស់​មន្ត្រីរាជការ​ធ្វើអោយរ​ដ្ឋ​ខាតបង់​ថវិកា​យ៉ាងច្រើន​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ។ ច្បាប់​ត្រូវតែ​គោរព បើ​មិន​គោរព​ទេ មានន័យថា កម្ពុជា​មិនមែនជា​ប្រទេស​នីតិរដ្ឋ។



លោក កែម ឡី អ្នកស្រាវជ្រាវ និង​អ្នកវិភាគ​ឯករាជ្យ​នៅក្នុង​ប្រទេស​កម្ពុជា​បាន​អត្ថាធិប្បាយ​ថា លោក​មានការ​ព្រួយបារម្ភ​យ៉ាងខ្លាំង​ចំពោះ​និន្នាការ​នៃ​ការឈប់​សម្រាក​នៅក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ចិន និង​វៀតណាម​របស់​មន្ត្រីរាជកា​រ​ខ្មែរ។ «ប្រសិនបើ​ប្រពៃណី​ចិន​ត្រូវបាន​គេ​គោរព​កើនឡើង​នៅ​កម្ពុជា មានន័យថា ប្រពៃណី​ខ្មែរ​ត្រូវបាន​ថយចុះ»។ នេះ​គឺជា​ព្រួយបារម្ភ​របស់លោក កែម ឡី។

លោក កែម ឡី បាន​អត្ថាធិប្បាយ​បន្តទៀតថា រដ្ឋាភិបាល​ត្រូវគោរព​ច្បាប់​របស់​ខ្មែរ។ ប្រសិនបើ​រដ្ឋាភិបាល​មិន​គោរព​ច្បាប់ មានន័យថា កម្ពុជា​មិនមែនជា​ប្រទេស​នីតិរដ្ឋ​ទេ។ ម្យ៉ាងទៀត ការមិន​ធ្វើការ​របស់​មន្ត្រីរាជការ​ជំរុញ​អោយ​រដ្ឋ​ខាតបង់​ថវិកា​ជាច្រើន​ក្នុង​រដូវចូលឆ្នាំ​ចិន​នេះ។ ប្រទេស​កម្ពុ​ជាមាន​មន្ត្រីរាជការ​ចំនួន១៨ម៉ឺន​នាក់។ ប៉ុន្តែ​គេ​មិនដឹងថា តើ​មន្ត្រី​ចំនួន​ប៉ុន្មាន​នាក់មក​ធ្វើការ​ធម្មតា​នៅ​រដូវ​បុណ្យចូលឆ្នាំ​ចិន និង​ចំនួន​ប៉ុន្មាន​នាក់​មិន​មក​ធ្វើការ​នៅ​រដូវ​បុណ្យ​នេះ។ តាម​ការពិនិត្យ​ជាក់ស្តែង​នៅ​រាជធានី​ភ្នំពេញ មន្ត្រី​ជាច្រើន​នាក់​មិន​បានមក​ធ្វើការ​ទេ​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​ចិន​នេះ។ ប្រសិនបើ​មក ពួកគេ​មក​មួយ​ភ្លែត ហើយ​ត្រឡប់​ទៅ​គេហដ្ឋាន​វិញ​ភ្លាម។

អ្វីដែល​លោក កែម ឡី កំពុង​ព្រួយបារម្ភ​បន្ថែមទៀត​នោះ គឺ​វប្បធម៌​ចិន​អាច​នឹងមាន​ឥទ្ធិពល​ទៅលើ​ការសម្រេច​នៅក្នុង​រដ្ឋាភិបាល​របស់​ខ្មែរ​នាពេល​អនាគត ពីព្រោះ ថ្នាក់ដឹកនាំ​ខ្មែរ មួយចំនួន​កាត់​ចិន និង​មួយចំនួនទៀត​កាត់​វៀតណាម។ អ្នក​រិះគន់​មួយចំនួន​ផ្សេងទៀត បាន​និយាយថា មន្ត្រីរាជការ​ខ្មែរ​មិនគួរ​នាំគ្នា​ឈប់​នៅ​ថ្ងៃបុណ្យ​ចូលឆ្នាំ​របស់​ចិន​ឡើយ ពីព្រោះ បុណ្យ​នេះ ជា​ពិធី​របស់​ជនជាតិ​ចិន និង​វៀតណាម ដូច្នេះ រាជការ​ខ្មែរ​មិនគួរ ឬ​មិនត្រូវ​ចូលរួម​អបអរ​ជា​សាធារណៈ​ឡើយ។

លោក រ៉ុង ឈុន ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​អត្ថាធិប្បាយ​ថា ការបិទទ្វារ​ស្ថាប័នរដ្ឋ​ធ្វើអោយប៉ះពាល់​រូបភាព​អាក្រក់​ដល់ក​ម្ពុ​ជាខ្លាំង​មែនទែន។ ម្យ៉ាងទៀត លោក​បញ្ជាក់ថា៖«ការបិទទ្វារ​ស្ថាប័នរដ្ឋ ឆ្លុះបញ្ចាំង​ពី​ការគ្រប់គ្រង​រដ្ឋ​ខ្សោយ​របស់​អ្នកកាន់អំណាច»៕




© រក្សាសិទ្ធិដោយ thmeythmey.com