ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សង្គមជាតិ
ហេតុអ្វី​បុរស​ខ្មែរ​ចូលចិត្ត​គ្រឿង​ស្រវឹង?
11, Apr 2015 , 4:00 pm        
រូបភាព
ដោយ:
ភ្នំពេញ៖ មនុស្ស​មួយចំនួន​ញៀន​នឹង​និយាយ​ទូរ​សព្ទ ញៀន​នឹង​លេង​ហ្វេ​ស​ប៊ុ​ក ញៀន​នឹង​ដើរ​ផ្សារ ញៀន​នឹង​លេង​កីឡា ញៀន​នឹង​ល្បែង ញៀន​នឹង​គ្រឿងញៀន ញៀន​នឹង​ស្រី រីឯ​អ្នក​មួយចំនួនទៀត​ញៀន​នឹង​ស្រា។ តើ​មូល​ហេតុអ្វី​បានជាបុរសៗចូលចិត្ត​ទទួលទាន​គ្រឿង​ស្រវឹង?



ចប់​ពី​ធ្វើការ​ពេ​ល្ងាច បុរស​មួយចំនួន​ចាប់ផ្តើម​ទូរ​សព្ទ​ណាត់គ្នា​ដើម្បី​រក​កន្លែង​ពិសារ​អាហារ និង​ពិសា​ស្រា​បៀរ​រួមគ្នា។ នេះ​គឺជា​ករណី​លោក សំណាង។ លោក សំណាង អាយុប្រមាណ​ជា២៥ឆ្នាំ​ធ្វើការ​ជា​អ្នកយាម​អោយ​ភោជនីយដ្ឋាន​មួយ​នៅក្នុង​រាជធានី​ភ្នំពេញ ដោយ​ទទួលបាន​ប្រាក់ខែ​ជាង១០០ដុល្លារ​អាមេរិក បាន​និយាយត្រង់ៗថា៖«បើ​មិន​ទូរ​សព្ទ​រកគ្នា​ផឹក​ពេល​ល្ងាច​ទេ អារម្មណ៍​ដូចជា​នៅ​មិន​សុខ​ទាល់តែសោះ។ ខ្ញុំ​មិនដឹងថា យ៉ាងម៉េច​ដែរ..!»។


បុរស​ដែល​មិនទាន់មាន​ភរិយា​រូបនេះ​ដឹង​ច្បាស់​ថា ខ្លួន​គាត់​មិន​ទទួលបាន​កម្រៃ​ច្រើន​ពី​ការងារ​ទេ។ ប៉ុន្តែ​លោក​មិនអាច​បោះបង់​ការផឹករ​បស់​ខ្លួន​បានឡើយ។ «ប្រាក់ខែ​របស់ខ្ញុំ​ជាង១០០ដុល្លារ បានត្រឹមតែ​ផឹកស៊ី​ប៉ុណ្ណោះ»។ បុរស​ម្នាក់ទៀត​ឈ្មោះ សុខ​ណា ដែលជា​អ្នក​ចូលចិត្ត​ពិសា​គ្រឿង​ស្រវឹង​ដែរនោះ បាន​បន្ទរ​ទៀតថា៖«បើ​ជួបគ្នា​ហើយ​មិន​ផឹក វា​គ្មាន​ន័យ​អ្វី​ទាំងអស់»។

ងាក​ទៅ​ស្តាប់​ក្រុមយុវជន​មួយក្រុម​ដទៃទៀត ពួកគេ​ជជែក​គ្នា និង​មោទនភាព​ពី​កម្រិត​នៃ​ការ​ពិសា​គ្រឿង​ស្រវឹង​បាន​ច្រើន។ អ្នកខ្លះ​មោទនភាព​ពិសា​ស្រា​បៀរ​បាន១០កំប៉ុង អ្នកខ្លះ​ទៀតថា អាច​ពិសា​បាន​ជាង១០កំប៉ុង និង​អ្នកខ្លះ​ទៀតថា ពួកគេ​បីនាក់​អាច​ពិសា Black Label មួយ​ដប​បាន​ដោយ​គ្មាន​បញ្ហា។ នៅក្នុង​ទ្រឹស្តី​អ្នក​ពិសា​គ្រឿង​ស្រវឹង គេ​ច្រើនតែ​និយាយ​បែប​ចំអន់​គ្នា​ថា៖«ផឹក ផឹក​អោយគេ​សែង បើ​ផឹក​ដើរ​ខ្លួនឯង ផឹក​ធ្វើ​អ្វី»។ «លើក​ដាច់​សាច់​ស្អាត»។ «បើ​មិន​ផឹក បាន​អ្វី​នោម»។ «ផឹកស៊ី​កុំ​ទម្រន់ បើ​មិន​វាយ​ប្រពន្ធ វាយ​ម៉ែក្មេក»។ «បង​ផឹក បង​ដឹង បង​ស្រវឹង បង​ដេក»។ «ផឹកស្រា ក្លែម​ស្រី ភ្លេច​ស្រោមអនាម័យ ឆ្លង​មេរោគ​អេដស៍»។ «លើក​មួយ ជួយ​កម្លាំង»។ «កែវ​អើយ កែវ​កុំ​សំងំស្ងៀម»។ «តោះ លើក​មួយ​ទៅ កុំអោយ​កើត​ដង្កូវទឹក»។ល។

មាន​មូលហេតុ​ជាច្រើន​ដែល​ជំ​រុញអោយ​មនុស្ស​មួយចំនួន​ទទួលទាន​សុរា​ច្រើន ហើយ​មិនអាច​ផ្តាច់​ទៅវិញ​បានឡើយ បើទោះបីជា​ជីវភាព​មិនសូវ​ធូរធា​ក៏ដោយ​ក្តី។ ទី១ គឺ​ដោយសារ​តម្លៃ​ស្រា​បៀរ​នៅក្នុង​ប្រទេស​កម្ពុ​ជាមាន​តម្លៃថោក​បើ​ធៀប​ទៅនឹង​ប្រទេសជិតខាង​មួយចំនួន។ តម្លៃ​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​ថោក​ជាងគេ ពីរ ឬ​បី ឬ បួន​ដង​ឯណោះ។ នៅពេលដែល​សុរា​មាន​តម្លៃថោក អ្នក​ដែល​ចូលចិត្ត​ទទួលទាន​សុរា បានជ្រើសរើស​យក​វា​ធ្វើជា​គ្រឿង​កំដរ​រាល់ពេល​ជួបជុំ និង​ទទួលទាន​យ៉ាង​ខ្ជះខ្ជាយ​ផងដែរ។

ទី២ ការអនុវត្ត​ច្បាប់​រឹតបន្តឹង​គ្រឿង​ស្រវឹង​នៅ​ធូររលុង។ នៅក្នុង​ប្រទេស​ក្បែរ​ខាង​មួយចំនួន ការទទួល​ទាន​គ្រឿង​ស្រវឹង​ត្រូវបាន​រឹតត្បិត​យ៉ាង​តឹងរ៉ឹង ដោយ​មានការ​កំណត់ពេល​វេលា ដូចជា​ពិធីបុណ្យធំៗ ឬ​ពិធី​មង្គលផ្សេងៗ និង​ចំនួន​នៃ​ការ​ទទួលទាន​ផងដែរ។ ដោយឡែក​នៅ​កម្ពុជា​វិញ ក៏មានដែរ​ច្បាប់​រឹតត្បិត​គ្រឿង​ស្រវឹង ដូចជា​ការត្រួតពិនិត្យ​ជាតិ​អាល់កុល នៅតាម​ដងផ្លូវ​ជាដើម។ ប៉ុន្តែ​ការអនុវត្ត​ហាក់​នៅ​មិនទាន់មាន​ប្រសិទ្ធភាព​នៅឡើយ ជាក់ស្តែង គេ​នៅតែ​សង្កេតឃើញ​មាន​គ្រោះថ្នាក់​ចរាចរណ៍ ជាច្រើន​ដែល​បង្កឡើង​ដោយ​ការ​ទទួលទាន​គ្រឿង​ស្រវឹង​លើស​កំណត់។


ទី៣ ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​ជំរុញ​ទឹកចិត្ត​អ្នកប្រើប្រាស់​ខ្លាំងពេក។  នៅ​កម្ពុជា ការផ្សព្វផ្សាយ​ពាណិជ្ជកម្ម​គ្រឿង​ស្រវឹង ហាក់​មាន​ភាពទូលំទូលាយ​ណាស់។ ជាក់ស្តែង គេ​តែង​សង្កេតឃើញ​ការផ្សព្វផ្សាយ​កើតមាន​នៅតាម​បណ្តាញ​ទូរទស្សន៍​ស្ទើរ​គ្រប់​ប៉ុស្តិ៍។ ចំណែកឯ​នៅតាម​ដង​វិថី​វិញ គេ​ក៏​ឃើញ​មាន​រូប​បដាធំៗ ស្ទើរតែ​គ្រប់​ផ្លូវ ដែល​បាន​ឃោសនា​បញ្ចុះ​ត​ម្លែ និង​មាន​ផ្តល់ជូន​រង្វាន់​ធំ​តូច ជាច្រើន​ផងដែរ។ ចង់ ឬ​មិន​ចង់ ការឃោសនា​តាម​គ្រប់​រូបភាព​នេះ ជាការ​ដាស់​អារម្មណ៍​អោយ​ពលរដ្ឋ​ខ្លះ​ចង់​សាក ឬ​ចង់​ផ្សងសំណាង។

ទី៤ កន្លែង​ផឹកស៊ី​កា្ល​យ​ជាទី​ណាត់ជួប។ កាលពីមុន ពលរដ្ឋ​ខ្មែរ​ភាគច្រើន​តែង​ណាត់ជួប​ជជែក​គ្នា នៅ កន្លែងធ្វើការ កន្លែង​កម្សាន្ត​នានា កន្លែង​ហូប​អាហារ​ធម្មតា ឬ​នៅតាម​បណ្ណាល័យ​ជាដើម។ ដោយឡែក​នៅក្នុងពេល​បច្ចុប្បន្ន​នេះ​វិញ មនុស្ស​មួយចំនួន មិន​ថា វ័យ​ចំណាស់ យុវជន ឬ​យុវនារី​នោះទេ នៅពេល​ណាត់ជួប ពួកគេ​តែង​សួរ​គ្នា​ថា៖«តើ​យើង​ជួយ​គ្នា​នៅ​ហាង​ផឹកស៊ី​មួយណា?»។ ជជែក​គ្នា​កាន់តែ​យូរ ទទួលទាន​សុរា​កាន់តែច្រើន។ ការ​ណាត់ជួប​គ្នា​នៅ​កន្លែង«ផឹកស៊ី»ស្ទើរតែ​ក្លាយជា​ទម្លាប់​ទៅហើយ។


ទី៥ មាន​នារី​ស្រស់ស្អាត ណែ​ប​ណិ​ត កៀកកើយ។ បុរស​ខ្លះ​ចូលចិត្ត​ទទួលទាន​សុរា​ដោយមាន​នារី កៀកកើយ បម្រើ​ឆ្វេង​ស្តាំ។ សម្រស់ និង​តិច​និ​ច របស់​នារី​បម្រើសេវា​ស្រា​បៀរ​មួយចំនួន​បាន​អន្ទង​ចិត្តបុរសៗ ឱ្យមក​ហាង​ផឹកស៊ី​របស់​ពួកគេ​ញឹកញាប់។ នារី​បម្រើសេវា​ខ្លះ​សន្យាថា ពួកគេ​អាច​ចេញទៅ​ក្រៅ​ជាមួយ​បុរស​ជា​ភ្ញៀវ​បាន ប្រសិនបើ​បុរស​នោះ​អាច​ចំណាយពេល​អង្គុយ​ទទួលទាន រហូតដល់​ម៉ោង​នាង​ចេញពី​ធ្វើការ។ «មាន​នារី​សិច​ស៊ី​អង្គុយ​ផឹក​ក្បែរ ស្រា​មាន​រស់ជាតិ​កាន់តែ​ឆ្ងាញ់ ទទួលទាន​បាន​កាន់តែច្រើន»។


ទី៦ មាន​សេវា​ផ្លូវភេទ​លួចលាក់ នៅ​ពីក្រោយ​កន្លែង​ផឹកស៊ី។ បច្ចុប្បន្ននេះ សេវា​ផ្លូវភេទ​លួចលាក់​បាន​ទៅ​ជ្រៀត​ជ្រក​នៅក្រោម​ស្លាក​យីហោ ហាង​ខារ៉ាអូខេ ឬ​ហាង​ផឹកស៊ី​មួយចំនួន​នៅក្នុង​រាជធានី​ភ្នំពេញ។ សេវា​លួចលាក់​មួយ​នេះ ក៏​ជា​មូលហេតុ​ដែលនាំអោយបុរសៗខ្លះ​ចូល​ហាង​ផឹកស៊ី​ញឹកញាប់​ផងដែរ។ បុរស​មួយចំនួន​មិន​ចូល​ទៅរក​សេវា​នេះត្រង់ៗនោះទេ ពួកគេ​នាំគ្នា​ផឹកស៊ី ច្រៀង​ខារ៉ាអូខេ ជោគជាំ​ទើប​ទៅរក​សេវា​នេះ​តាម​ក្រោយ។ គេ​កត់សម្គាល់​ឃើញថា ហាង​ផឹកស៊ី ឬ​ហាង​ខារ៉ាអូខេ​ណា ដែលមាន​នារី​ស្រស់ស្អាត​វ័យក្មេង ឬ​មាន​សេវា​ផ្លូវភេទ​លួចលាក់ ហាង​នោះ​មាន​អតិថិជន​ច្រើនជាងគេ និង​ហេតុផល​ទី៧ គឺ​អ្នកខ្លះ​ក្រីក្រ​ទេ តែ​ចូលចិត្ត​ពិសា​គ្រឿង​ស្រវឹង​ដែរ។ អ្នក​ចុង​ក្រោយនេះ ពិសា​គ្រឿង​ស្រវឹង​ដើម្បី​បំបាត់ទុក្ខ​កង្វល់។


ដោយឡែក បុរស និង​ស្ត្រី​មួយចំនួន​ផ្សេងទៀត​ចូលចិត្ត​ការជួបជុំ​នៅតាម​ផ្ទះ​ដែលមាន​សុរា​កំដរ​ផងដែរ។ ពួកគេ​និយាយថា «អោយតែបាន​ជួបជុំគ្នា មិនចាំបាច់​ទៅ​ហាង​ខាងក្រៅ​ក៏បាន​ដែរ។ តែ​អ្វីដែល​មិនអាច​ខ្វះ​បាន​នោះ​គឺ​ស្រា​បៀរ។ បើ​គ្មាន​ស្រា​បៀរ​កំដរ​ទេ នោះ​ការជួបជុំ​ក៏​មិនសូវ​សប្បាយ​នោះដែរ»។ បើ​យោងតាម​ការសង្កេត​ជាក់ស្តែង​នាពេល​បច្ចុប្បន្ននេះ ស្ត្រី​វ័យក្មេង​មួយចំនួនធំ​ចាប់ផ្តើម​ពិសា​គ្រឿង​ស្រវឹង​ដូច​បុរស​ដែរ។

អ្នក​ចូលចិត្ត​គ្រឿង​ស្រវឹង​មួយចំនួន​បាន​និយាយថា ការ​ពិសា​គ្រឿង​ស្រវឹង​រួមគ្នា គឺជា​ការបង្កើត​មិត្តភាព​និង​បង្កើត​ទំនាក់ទំនង។ ប៉ុន្តែ ពួកគេ​ហាក់បីដូចជា​ភ្លេច​គិតថា ការ​ពិសា​គ្រឿង​ស្រវឹង​បំផ្លាញ​សុខភាព និង​ថវិកា។ សុខភាព ប្រាក់កាស និង​មិត្តភាព តើ​អ្នក​គួរ​ជ្រើសរើស​មួយណា?


© រក្សាសិទ្ធិដោយ thmeythmey.com