ជាតិ
សង្គមជាតិ
សាកលវិទ្យាល័យ​អន្តរជាតិ​ជប៉ុន APU កំពុង​ទាក់ទាញ​និស្សិត​បរទេស និង​ខ្មែរ
21, Feb 2015 , 7:00 pm        
រូបភាព
ជប៉ុន-ខេត្ត Oita៖ សាកលវិទ្យាល័យ​អន្តរជាតិ​ជប៉ុន Asia Pacific University កំពុង​ទាក់ទាញ​និស្សិត​បរទេស និង​ខ្មែរ។ និស្សិត​ជាតិ និង​អន្តរជាតិ​មកពី៧៥ប្រទេស​ចំនួន​ជិត៦ពាន់​នាក់​បានបញ្ចប់​ការសិក្សា និង​កំពុង​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ​ខាងលើនេះ ក្នុងនោះ មាន​និស្សិត​ខ្មែរ​ចំនួន១១នាក់​ផងដែរ តែ២នាក់​បានបញ្ចប់​ថ្នាក់​ឧ​ត្ត​ម​សិក្សា​រួចហើយ។



បង្កើតឡើង​កាលពី១៥ឆ្នាំមុន សាកលវិទ្យាល័យ​អន្តរជាតិ​ជប៉ុន Asia Pacific University នៅក្នុង​ខេត្ត Oita នៃ​ប្រទេស​ជប៉ុន បាន និង​កំពុង​ក្លាយទៅជា​សាកលវិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ​សម្រាប់​និស្សិត​ជប៉ុន និង​និស្សិត​នៃ​បណ្តា​ប្រទេស​ដទៃទៀត​នៅលើ​ពិភពលោក។

ការសិក្សា​នៅទីនេះ​ធ្វើ​ឡើងជា​ភាសា​ជប៉ុន និង​ភាសា​អង់គ្លេស។ ភាសា​អង់គ្លេស គឺជា​ភាសា​គោល និង​ចាំបាច់​បំផុត​សម្រាប់​គ្រប់​មុខជំនាញ​ទាំងអស់។ ក្នុង​រយៈពេល១៥ឆ្នាំនេះ និស្សិត​ជប៉ុន និង​អន្តរជាតិ​ចំនួន​ជិត៦ពាន់​នាក់​មកពី៧៥ប្រទេស​កំពុង​សិក្សា និង​បានបញ្ចប់​ការសិក្សារ​នៅទីនេះ។ ប្រសិនបើ​គេ​និយាយ​ពី​និស្សិត​ជនជាតិ​បរទេស ជនជាតិ​ចិនប្រជាមានិត មាន​ចំនួន​ច្រើនជាងគេ​ដែលមាន​រហូតដល់​ជាង៥០០នាក់ បន្ទាប់មក​គឺ​និស្សិត​ជនជាតិ​កូរ៉េខាងត្បូង​ជិត៥០០នាក់ បន្ទាប់មកទៀត និស្សិត​ជនជាតិ​វៀតណាម​ជាង៤០០នាក់ ឥណ្ឌូនេស៊ី និង​ថៃ២០០នាក់ ហើយ​កម្ពុ​ជាមាន​និស្សិត​ចំនួន១១នាក់​បាន​ចូល​សិក្សា និង​បញ្ចប់​សញ្ញាបត្រ​នៅទីនេះ។ ប្រទេស​អ៊ុយ​ក្រែ​ន មាន​និស្សិត​តែ​ម្នាក់​គត់​មក​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ APU នៃ​ប្រទេស​ជប៉ុន។

លោក សេក សុផល និស្សិត​ថ្នាក់អនុបណ្ឌិត​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​ដែល​កំពុង​សិក្សា​នៅក្នុង​សាកលវិទ្យាល័យ APU បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗនៅក្នុង​សាកល​វិទ្យា APU នៅក្នុង​ប្រទេស​ជប៉ុន​កាលពី​សប្តាហ៍​មុន​ថា និស្សិត​ខ្មែរ​ទាំងអស់​ខិតខំ​ប្រឹងរៀន​សូត្រ​ផង និង​ធ្វើការ​ផង​នៅក្នុង​ប្រទេស​ជប៉ុន។ ពួកគេ(និស្សិត​ខ្មែរ)ទាំងអស់​មិន​ចំណាយពេល​ឥតប្រយោជន៍​ដូច​និស្សិត​បរទេស​មួយចំនួន​នោះឡើយ។ ក្នុងចំណោម១១នាក់​នោះ និស្សិត​ភាគច្រើន​មកពី​ខេត្តសៀមរាប។

ទាក់ទង​ទៅនឹង​ទីផ្សារការងារ លោក​សាស្ត្រាចារ្យ Kondo Yuichi, Ph.D នៃ​សាកលវិទ្យាល័យ APU បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មានថ្មីៗ និង​បណ្តា​អ្នកកាសែត​អាស៊ាន​នៅក្នុង​ប្រទេស​ជប៉ុន​ថា៖«និស្សិត​មួយចំនួនធំ​សិក្សា​នៅទីនេះ​ទទួលបាន​ការងារ​ធ្វើ​ស្រួល​ណាស់​នៅក្នុង​ប្រទេស​ជប៉ុន។ ក្រុមហ៊ុន​ជប៉ុនល្បីៗចាំ​ទទួលយក​និស្សិត​ដែល​សិក្សា​នៅទីនេះ។ លក្ខណៈសម្បត្តិ​របស់​និស្សិត​ទាំងនោះ គឺថា និស្សិត​សិក្សា​នៅទីនេះ ចេះ​ភាសា​ជប៉ុន​ផង និង​ភាសា​អង់គ្លេស​ផង និង​ម្យ៉ាងទៀត ពួកគេ​អាច​ក្លាហាន និង​ចេះ​បត់បែន​ប្រសើរ​ជាង​និស្សិត​ជប៉ុន»។

និស្សិត​បរទេស​មួយចំនួន​ដែល​ផ្តល់​បទសម្ភាសន៍​អោយ​សារព័ត៌មានថ្មីៗបាន​អះអាងថា ពេល​បញ្ចប់​ការសិក្សា​នៅទីនេះ(APU) ពួកគេ​ប្រាថ្នា​រក​ការងារ​ធ្វើ​នៅក្នុង​ប្រទេស​ជប៉ុន​ជាជាង​ត្រឡប់​ទៅធ្វើ​ការ​នៅក្នុង​ប្រទេស​របស់​ពួកគេ។ មូលហេតុ គឺ​ដោយសារ​ពួកគេ​ចង់​ដកស្រង់​បទពិសោធន៍​នៅក្នុង​ប្រទេស​ជប៉ុន៕



© រក្សាសិទ្ធិដោយ thmeythmey.com