ជាតិ
​​​ន​យោ​បាយ​ជាតិ​
គណបក្ស​លោក កែម ឡី នឹងចូលរួម​ការបោះឆ្នោត​ឆ្នាំ២០១៧ និង២០១៨
21, Feb 2015 , 2:32 pm        
រូបភាព
ភ្នំពេញ៖ គណបក្ស​មូលដ្ឋាន​របស់លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​ឯករាជ្យ និង​លោក យ៉ង់ សាំង​កុមារ នាយក​អង្គការ​កសិកម្ម​សេ​ដាក់​ប្រកាស​ចូលរួម​ការប្រកួត​ប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​ឆ្នាំ២០១៧សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ និង​ឆ្នាំ២០១៨ សម្រាប់​ការបោះឆ្នោតជាតិ។



កាលពី​ពេលមុន លោក កែម ឡី អ្នកស្រាវជ្រាវ​សង្គម​សេដ្ឋកិច្ច​អល់អែក​ក្នុងការ​ចូលរួម​ដឹកនាំ​គណបក្ស​ន​យោន​បាយ​បង្កើត​ថ្មី​របស់លោក។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី២១នេះ លោក កែម ឡី បានប្រកាសថា លោក​នឹងធ្វើ​ដំណើរ​ទៅមុខ​មិន​រាថយ​ក្រោយ​វិញ​ឡើយ ហើយ​គណបក្ស​របស់លោក​នឹងត្រូវ​ចូលរួម​ប្រកួតប្រជែង​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​ជាតិ និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​នៅ​ឆ្នាំ២០១៧សម្រាប់​ការបោះឆ្នោត​ឃុំ​សង្កាត់ និង២០១៨ សម្រាប់​ការបោះឆ្នោតជាតិ។

លោក កែម ឡី បានបញ្ជាក់​នៅ​ថ្ងៃ​សៅរ៍​ទី២១ខែកុម្ភៈ​យ៉ាង​ដូច្នេះ​ថា៖«យើង​នឹង​ជូនដំណឹង​ទៅ​ក្រសួងមហាផ្ទៃ​នៅមុន​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ ឬ​ក្រោយ​ចូលឆ្នាំ​ខ្មែរ ពី​គម្រោង​បង្កើត​គណបក្ស​របស់​យើង»។ លោក ឡី បាន​បន្តទៀតថា នេះ​គ្រាន់តែ​ជា​នីតិវិធី​ជូនដំណឹង​តែប៉ុណ្ណោះ។ តែ​ការចុះឈ្មោះ​គណបក្សនយោបាយ​ជា​ផ្លូវការ អាច​ត្រូវការ​ពេលវេលា​យូ​ជាង​នេះ​បន្តិច។

គម្រោង​សាកល្បង​នៃ​គណបក្ស​មូលដ្ឋាន​របស់លោក កែម ឡី បានធ្វើ​ឡើង​ក្នុង​ឃុំ​សង្កាត់​ចំនួន២៧ក្នុង​ខេត្ត​ក្រុង​ចំនួន៦ ក្នុងនោះ​មាន​ខេត្ត កំពង់ស្ពឺ កំពត ព្រៃវែង កំពង់ចាម កណ្តាល។ល។ ក្នុងចំណោម ២៧ ឃុំ​សង្កាត់​នេះ ១០ ឃុំ​សង្កាត់​អាច​ដំណើរ​ជា​គណបក្ស​មួលដ្ឋាន​បាន​ដោយមាន​ធនធានមនុស្ស និង​រចនាសម្ព័ន្ធ​ត្រឹមត្រូវ។ ឈ្មោះ​គណបក្ស​មូលដ្ឋាន​របស់លោក កែម ឡី ត្រូវបាន​សមាជិក​ស្នើ​មក​ច្រើន ក្នុងនោះ​មាន៖ «ខ្មែរ​ជួយ​ខ្មែរ»។ «ខ្មែរ​ដើម្បី​ខ្មែរ» ឬ​ខ្មែរ​ការពារ​ខ្មែរ។

ការបង្កើត​គណបក្ស​ថ្មី​របស់លោក កែម ឡី និង​ការយាង​ចូលមក​វិញ​របស់​ព្រះអង្គម្ចាស់ រណឫទ្ធិ ជា​ព្រះប្រធាន​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ត្រូវបាន​មតិ​មួយចំនួន​គិតថា ជា​គំនិត​ផ្តួចផ្តើម​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ក្នុងការ​បំបែក​សំឡេង​គណបក្សប្រឆាំង។ តែ​ការចោទប្រកាន់​ទាំងនេះ​ត្រូវបាន​ច្រានចោល​ដោយ​លោក កែម ឡី និង​ព្រះអង្គម្ចាស់​នរោត្តម រណឫទ្ធិ៕



© រក្សាសិទ្ធិដោយ thmeythmey.com