ជាតិ
សង្គមជាតិ
កំហុស​​មួយ​​ក្នុង​​វិស័យ​​អប់រំ​ !
21, Feb 2015 , 2:41 pm        
រូបភាព
វា​គួរ​ឲ្យ​សង្វេគ​​ក្នុង​ចិត្តជា​ពន់ពេក នៅពេលដែល​ខ្ញុំ​បាន​មើល​វីដេអូ​ក្មេងស្រី សិស្សសាលា​វិទ្យាល័យ​ទួល​ទំពូង​ម្នាក់ ឈរ​អាន​លិខិត​សារភាព​ទោសកំហុស​ចំពោះមុខ​កាមេរ៉ា ដោយសា​តែ​ខ្លួន​បាន​លួច​ទូរ​សព្ទ​ដៃ​របស់​មិត្តភក្តិ​រួម​ថ្នាក់។ ជាងនេះទៅទៀត នៅពេល​ខ្ញុំ​ដឹងថា អ្នក​ដែល​បង្ខំ​ឲ្យ​គេ​សារភាព​ទោសកំហុស​នោះ គឺជា​គ្រូ​ដែលមាន​តួនាទី​ជា​អ្នក​អប់រំ​រូបគេ​ផង​នោះ។ ចុងបញ្ចប់​នៃ​វាសនា​ក្មេង​ម្នាក់​នោះ គឺ​ត្រូវ​បណ្តេច​ចេញពី​សាលា។


ខ្ញុំ​សួរ​ខ្លួនឯង​ថា តើ​ក្មេងស្រី​ម្នាក់​នោះ អាច​រំដោះខ្លួន​ចេញផុត​ពី​ការចង់ចាំ​គួរ​ឲ្យ​ឈឺចាប់​មួយ​នេះ​បាន​ដែរឬទេ​ក្នុង​ជីវិត​របស់គេ?  បទពិសោធន៍​នៃ​ជីវិត​ដ៏​ក្មេងខ្ចី​របស់គេ​ប្រឡាក់​ទៅដោយ​ស្នាម​ឈឺចាប់​ដែល​ខ្លួន​មិន​នឹកស្មាន​ដល់។ ក្មេងស្រី​ម្នាក់នេះ​ប្រហែល​គ្រាន់តែ​ចង់បាន​ភាព​ហ៊ឺហារ សម្ភារ​និយម​ដែល​សង្គម​មួយ​នេះ​បាន​តម្រង់ទិស​ឲ្យ​គេ​តែប៉ុណ្ណោះ។ ក្មេងស្រី​ម្នាក់នេះ​ប្រហែល​មិនបាន​គិត​អំពី​ដែន​កំណត់​របស់ខ្លួន ហើយក៏​ដោយសារតែ​ភាព​ក្មេងខ្ចី​របស់​ខ្ឡួ​ន​តែប៉ុណ្ណោះ។ ដោយសារតែ​វ័យ​របស់ខ្លួន ក្មេង​ម្នាក់នេះ​អាច​យល់ដឹងបាន​តិចតួច​ថា អ្វីដែល​គួរ​ធ្វើ និង​អ្វីដែល​មិនគួរ​ធ្វើ ឬ​យល់​មិនបាន​ដិតដល់​អំពី​ទំហំ​នៃ​ផលវិបាក​ដែល​កើតចេញពី​ទង្វើ​របស់ខ្លួន។ ករណីនេះ​គ្រាន់តែ​ជា​ករណី​មួយ​ក្នុងចំណោម​ករណី​ជាច្រើន​ដែល​បាន​កើតឡើង​ក្នុង     វិស័យ​អប់រំ​របស់​យើង ដែល​ស្តែង​ឲ្យ​ឃើញ​ពី​ភាព​ឆកល្វែង​ក្នុង​វិស័យ​អប់រំ ហើយ​ដែល​ការអប់រំ​របស់​យើង​ប្រហែលជា​ដើរ​មិនទាន់​របត់​សង្គម​សម័យ​ទំនើប និង ការអប់រំ​បែប​សម័យ​ទំនើប។

ការសិក្សា​បែប​ចិត្តសាស្ត្រ​បានបង្ហាញ​ថា បទពិសោធន៍ដំបូងៗនៃ​ជីវិត​របស់​ក្មេង និង​ក្លាយជា​ការតម្រង់ទិស​ស​ម្រា​ប់​អនាគត​របស់​ក្មេង​ពេញ​មួយជីវិត​របស់គេ។ ទាំងនេះ​ស្តែង​ឲ្យ​ឃើញថា បើ​ក្មេង​ទទួលបាន​បទពិសោធន៍​ដែល​ពោរពេញ​ដោយ​ការស្រលាញ់ និង​ការ​ថ្នាក់ថ្នម ក្មេង​នឹង​មើល​ពិភពលោក​ទាំងមូល​ក្នុង​ផ្លូវ​វិជ្ជមាន និង​មើល​មនុស្ស​ជុំវិញ​ក្នុង​ផ្លូវ​ល្អ។ ក្មេង​ក៏​អាច​យល់ថា ពិភពលោក​នេះ​មិនមែនជា​កន្លែង​ដែល​ពោរពេញ​ទៅដោយ​ការឈឺចាប់​នោះទេ។ ផ្ទុយ​មកវិញ បើ​ក្មេង​ទទួលរង​បទពិសោធន៍​នូវ​ការឈឺចាប់​វា​និង​តម្រង់ទិស​គេ និង​នាំ​គេ​ឲ្យ​មើលឃើញ​ពិភពលោក​នេះ​ពោរពេញ​ទៅដោយ​ការឈឺចាប់ មិនគួរ​ឲ្យ​ទុកចិត្តបាន និង​យល់ឃើញថា ពិភពលោក​នេះ​គឺ​អាក្រក់។ បើ​យើង​មិន​ធ្វើបាប​គេ នោះគេ​និង​ធ្វើបាប​យើង​ជាមិនខាន ដូច​ករណី​ដែល​កើតឡើង​ទៅលើ​ក្មេងស្រី​ខាងលើ​ស្រាប់។ ក្នុងនាម​ជា​អ្នក​អប់រំ តើ​យើង​ចង់​តម្រង់ទិស​ឲ្យ​ក្មេង​មើលឃើញ​ពិភពលោក​ទាំងមូល​ក្នុង​ផ្លូវ​មួយណា ? ខ្ញុំ​ឆ្លើយ បាន​ថា គឺ​ផ្លូវ​ត្រឹមត្រូវ  គឺ​ពិភពលោក​ទាំងមូល​ពោរពេញ​ដោយ​ភាពស្រស់ថ្លា ។ អ៊ីចឹង​សួរថា ហេតុអ្វី​យើង​ត្រូវធ្វើ​ចំពោះ​ក្មេងស្រី​ម្នាក់នេះ​ដោយ​របៀប​ហ្នឹង? ប្រហែលជា​យើង​គិតថា ទង្វើ​ដូចជា​បណ្តេញ​ក្មេង​ចេញពី​សាលា ទង្វើ​ដែល​ឲ្យ​ក្មេង​អាន​លិខិត​សារភាព​ទោសកំហុស ដែល​ធ្វើ​ឲ្យ​ក្មេង​ទទួលរង​នូវ​ភាពអាម៉ាស ជា​ទង្វើ​ដែល​យើង​ចង់​ផ្តល់​ជា​មេរៀន​អប់រំ ដល់​ក្មេង ដទៃៗទៀត​កុំ​ឲ្យ​យក​គំរូ​តាម និង​ឲ្យ​ក្មេង​ដែល​ប្រព្រឹត្ត​កំហុស​រាងចាល​ជាមិនខាន។ តែ​សម្រាប់​ខ្ញុំ​ទាំងនេះ​មិនបាន​ស្តែង​ឲ្យ​ឃើញ​ពី​ការអប់រំ​នោះទេ គឺ​ស្តែង​ឲ្យ​ឃើញ​នូវ​ការ​សងសឹក និង​ធ្វើ​ឲ្យ​អាម៉ាស់មុខ​តែប៉ុណ្ណោះ។ ការសង​សឹក និង ការធ្វើ​ឲ្យ​ក្មេង​អាម៉ាស់មុខ​មិនមែនជា​ការអប់រំ​នោះទេ ដាច់ខាត​គឺ​មិនមែនជា​ការអប់រំ។

មាន​ដំណោះស្រាយ​ជាច្រើន​ដែល​យើង​អាចជួយ​ក្មេង​ដែលមាន​បញ្ហា​អាកប្បកិរិយា​ទាំង​ក្នុងការ​សិក្សា និង​ជីវិត​រស់នៅ​ប្រចាំថ្ងៃ​របស់គេ​បាន។ ខ្ញុំ​ហ៊ាន​និយាយថា មិនមែន​មានតែ​វិទ្យាល័យ​ទូល​ទំពូង​តែមួយ​ដែល​ជួប​នូវ​បញ្ហា​ដូចខាងលើ គឺ​គ្រប់​ទីកន្លែង​ក្នុង​វិស័យ​អប់រំ​របស់​យើង​ដែល​ប្រឈមមុខ​នូវ​បញ្ហា​រាប់មិនអស់ ដូចជា សិស្សសាលា​ក្លាយជា​អ្នក​លួច​ឆក់ ក្លាយជា​អ្នកប្រើប្រាស់​គ្រឿងញៀន ក្លាយជា​សិស្ស​គេច​សាលា ក្លាយជា​ជើងកាង ។ល។ ខ្ញុំ​សូម​ចូល​រូ​ម​ជា​គំនិត​មួយចំនួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ទាំងនោះ​ដែលមាន​ដូចជា៖

១- ការបង្កើត​ឲ្យ​មាន​សេវា​ចិត្តសាស្ត្រ​អប់រំ ដល់​សិស្ស​តាំងពី​ថ្នាក់​កុមារ​ឋាន​រហូតដល់​មហាវិទ្យាល័យ។ ការអប់រំ​បែប​ចិត្តសាស្ត្រ ដែល​ភាសា​អង់គ្លេស​ហៅថា (Guidance Counseling ឬ School Counseling) ដែល​ប្រទេស​ជាច្រើន​បាន​អនុវត្តន៍ មាន​សារៈប្រយោជន៍​ខ្លាំង​បំផុត​ក្នុង​ការជួយ​ក្មេង​សិស្ស និស្សិត ដើម្បី​គាំទ្រ​ផ្នែក​ផ្លូវចិត្ត ក៏ដូចជា​ជួយ​គេ​ឲ្យ​ផ្លាស់ប្តូរ​អាកប្បកិរិយា​មិនគួរ​គប្បី​មួយចំនួន ជួយ​ឲ្យ​គេ​យល់ដឹង​ពី​សង្គម ជួយ​ឲ្យ​គេ​ចេះ​សម្រប​ខ្លួន​ក្នុងសង្គម ជួយ​ឲ្យ​គេ​មាន​ទំនាក់ទំនង​ល្អ​រវាង​គ្រូ​និង​សិស្ស រវាង​មាតាបិតា​និង​ខ្លួនគេ រវាង​សាលា ខ្លួនគេ និង មាតាបិតា  ។ល។  Guidance Counseling  ឬ School Counseling បានចាប់ផ្តើម​កើតមាន​នៅ​សហរដ្ឋអាមេរិក និង ប្រទេស​អភិវឌ្ឍន៍​មួយចំនួន​តាំងពី​ជាង ៥០ឆ្នាំមុន​មក​ម្លេះ។ បច្ចុប្បន្ននេះ មាន​ប្រទេស​មួយចំនួន​ក្នុង​សហគមន៍ ASEAN បាន​ប្រើប្រាស់​វា​យ៉ាង​មាន​ប្រសិទ្ធិភាព​រួចមកហើយ។ ល្មម​ដល់​ពេលដែល​យើង​អាច​គិតគូរ​រឿង​ទាំងនេះ​បានដែរ​ហើយ។

២- ការបង្កើត​ទំនាក់ទំនង​យ៉ាង​ចិត្ត​ស្និទ្ធ​រវាង​អាណាព្យាបាល និង សាលា ឬ ការជួយ​ឲ្យ​មាតាបិតា​យល់ដឹង​អំពី​ចិត្តសាស្ត្រ និង ការរីកលូតលាស់​រប​ស់​ក្មេង​ផ្នែក​ផ្លូវចិត្ត​ក៏​ជា​វិធីសាស្ត្រ​មួយ​ក្នុង​ការជួយ​សិស្ស និស្សិត​មិន​ឲ្យ​ងាករេ​ចេញពី​ការសិក្សា​របស់គេ​ផងដែរ។

៣- ការផ្តល់​ឱកាស​ឲ្យ​ក្មេង​ចូលរួម​ក្នុង​ការងារ​សង្គម​ក៏​ជា​ផ្នែក​មួយ​ជួយ​ឲ្យ​ក្មេង​យល់ដឹង​ពី​សង្គម​កាន់តែច្រើន​ផងដែរ។ កិច្ចការ​ទាំងនេះ គឺ​អ្នក​ចិត្តសាស្ត្រ​អាចធ្វើ​បាន​យ៉ាង​មាន​ប្រសិទ្ធិភាព។

ដោយ​ការគោរព​អំពីខ្ញុំ បើ​មានការ​លើសលស់​អ្វីមួយ ខ្ញុំបាទ​សូម​ការ​អភ័យទោស​ពី​សំណាក់​អ្នកអាន​ទាំងឡាយ។ ទាំងនេះ​អាច​ដោយសារតែ​ខ្ញុំ​អាច​មើលឃើញ​បញ្ហា​សង្គម​តែមួយ​ជ្រុង​តូច​ក៏​ថា​បាន៕

ដោយ ហឿ សេ​ធុល
បរិញ្ញាប័ត្រ​ជាន់ខ្ពស់​ផ្នែក​ពិគ្រោះ​យោបល់​ផ្លូវចិត្ត
ទំនាក់ទំនង៖ [email protected] , www.khmer-cps.com
ទូរសព្ទ៖ 017668941




© រក្សាសិទ្ធិដោយ thmeythmey.com