ជាតិ
សុខភាព
ហេតុផល​ដែល​ការហាត់​ប្រាណ​ល្អ​ចំពោះ​ផ្លូវភេទ
22, Feb 2015 , 7:33 am        
រូបភាព
ដោយ: ថ្មីៗ
បើ​យោងតាម​ការសិក្សា​ដែល​ធ្វើឡើង​នៅឯ​សាកលវិទ្យាល័យ University of Texas បាន អោយដឹងថា ស្ត្រី​ដែល​បាន​ហាត់ប្រាណ​អោយ​បេះដូង​ដើរ​ញាប់​ចាប់ពី២០នាទី​ទំនងជា​ឆាប់​ទទួលបាន​ភាព​ស្រើបស្រាល​ពី​ការមើល​រឿង​សិច​ជាង​ស្ត្រី​ដែល​មិនបាន​ហាត់ប្រាណ។ រឿងនេះ​មានន័យថា​ទោះបីជា​ក្រោយ​ហាត់ប្រាណ​ហើយក៏​ដោយ​ក៏​រាងកាយ​អាចមាន​ភាព​ស្រើបស្រាល​លឿន​ជាង និង​ខ្លាំង​ជាង​ធម្មតា​ដែរ។ ចំណែក​បុរស​ដែល​ហាត់ប្រាណ​រយៈពេល​មួយ​ម៉ោង និង​យ៉ាងហោចណាស់៣ដង​ក្នុង​មួយ​សប្តាហ៍​ក៏​ទំនងជា​មានការ​រួមភេទ​ច្រើនជាង​ធម្មតា​ប្រតិបត្តិការ​រួមភេទ​ល្អ​ជាង និង​សប្បាយ​ចិត្តនឹង​ជីវិត​ផ្លូវភេទ​ជាង​ពេលដែល​ពួកគេ​មិនទាន់​ចាប់ផ្តើម​ហាត់ប្រាណ។



អ្នកវិទ្យាសាស្ត្រ​មានការ​ពន្យល់​ច្រើនណាស់​ដែលថា​ការហាត់​ប្រាណ​អាច​ពង្រឹង​ចំណង់​ផ្លូវភេទ​បាន។ ទី១ ការហាត់​ប្រាណ​ដូចជា​ហែល​ទឹក និង​ការ​ជិះ​ស្គី​ទឹកកក​នឹង​អាច​បង្កើន​ថាមពល​បាន។ ទី២ អ្នកនឹង​កាន់​តែមាន​ភាពបត់បែន​កាន់តែខ្លាំង​តាមរយៈ​ការហាត់​ប្រាណ​បែប អា​អ៊ែ​រ៉ូ​ប៊ិក និង​ក្នុង​ក្លិប​ហាត់ប្រាណ។ ទី៣ ការហាត់​ប្រាណ​គ្រប់​ប្រភេទ​សុទ្ធតែ​អាច​បង្ការ​មិន​អោយមាន​បញ្ហា​រមួល​សាច់ដុំ​ក្នុងពេល​ឈានដល់​ចំណុចកំពូល​នៃ​ការ​រួមភេទ។ ជា​ចុងក្រោយ​ការហាត់​ប្រាណ​នឹង​បញ្ចេញ​សារធាតុ Endorphins ចូលទៅក្នុង​អវៈយវៈ និង​ខួរក្បាល។ កាលណា​សារធាតុ​មួយ​នេះ​កើនឡើង​កាន់តែច្រើន​វា​ក៏មាន​ឥទ្ធិពល​ក្នុងការ​ផ្តល់​ថាមពល​ដល់​ចំណង់​ផ្លូវ ភេទ​តែម្តង។ សារធាតុ Endorphin ក៏​ជួយ​កាត់បន្ថយ​ស្ត្រេ​ស​ផងដែរ។

ការហាត់​ប្រាណ​នឹង​ជួយ​ជម្រុញ​ដល់​ផ្លូវចិត្ត​មនុស្ស។ ការហាត់​ប្រាណ​ទៀងទាត់​នឹងធ្វើ​អោយ​អ្នក​ស្រលាញ់​ខ្លួនឯង​កាន់តែខ្លាំង។ កាលណា​អ្នកមាន​រូបរាង​កាន់តែ​សមសួន​អ្នក​នឹងមាន​អារម្មណ៍​កាន់​តែមាន​ទំនុកចិត្ត និង​រីករាយ​នឹង​ការ​រួមភេទ​កាន់តែខ្លាំង។ ការហាត់​ប្រាណ​ក៏​ធ្វើអោយ​អ្នក​កាន់​តែមាន​ទំនាក់ទំនង​ល្អជា​មួយ​រាងកាយ​ខ្លួនឯង​ព្រមទាំង​មាន​អារម្មណ៍​ចង់​រួមភេទ​កាន់តែ​ច្រើនជាង​មុន​ដែរ។

ការហាត់​ក្បាច់​យូ​ហ្គា​មាន​ភាពល្បីល្បាញ​យូរហើយ​ក្នុងការ​បង្កើន​ចំណង់​ផ្លូវភេទ ភាពក្លាហាន​និង​រីករាយ​នឹង​ការរួម​ភេទ។ ខណៈពេលដែល​អត្ថប្រយោជន៍​ទាំងនេះ​មិនមាន​ការអះអាង​ឬ​ទទួលស្គាល់​តាមបែប​វិទ្យាសាស្ត្រ​ក៏ដោយ​ក៏​អ្នក​ហាត់​ក្បាច់​យូ​ហ្គា​ជាច្រើន​បានអោយដឹងថា​វា​ពិត​ជាមាន​ប្រយោជន៍​ចំពោះ​ពួកគេ​មែន។

យូ​ហ្គា​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​បង្កើន​ភាព​ស្រើបស្រាល​តាមរយៈ​ការ​ភ្ញោ​ច​ដល់​លំហូរ​ឈាម​ក្នុង​អាង​ត្រគាក​ជាពិសេស​ប្រដាប់ភេទ​តែម្តង។ ការកើនឡើង​លំហូរ​ឈាម​ច្រើន​ក៏​អាច​បង្កើន​ចំណង់​ផ្លូវភេទ​បានដែរ។ បើ​យោងទៅតាម​អ្នក​ហាត់​ក្បាច់​យូ​ហ្គា​វា​នឹងធ្វើ​អោយ​អ្នកទទួលបាន​ការឈាន​ដល់​ចំណុចកំពូល​កាន់តែខ្លាំង​ដោយសារតែ​ការ​កន្ត្រាក់​របស់​សាច់ដុំ​កាន់តែខ្លាំង​ជាង​មុន។

ការហាត់​ប្រាណ​ដោយ​លើក​ដុំ​ដែក​អាចធ្វើអោយ​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​កើន​ចំនួន​ខ្លាំង​ហើយ​អ័រម៉ូន​នេះ​ក៏​ធ្វើអោយ​ទាំង​បុរស និង​ស្ត្រី​រីករាយ​នឹង​ការ​រួមភេទ​កាន់តែខ្លាំង​ដែរ។ បុរស​ម្នាក់​ដែលមាន​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ក្នុង​ឈាម​ច្រើន​នឹង​ធ្វើអោយ​ការឡើង​រឹង​របស់​លិង្គ​ក៏​កាន់តែខ្លាំង​ដែរ។

ស្ត្រី​ដែលមាន​ចំនួន​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​ច្រើន​ទំនងជា​ទទួលបាន​ភាព​ស្រើបស្រាល​ខាង​ផ្លូវភេទ និង​រីករាយ​នឹង​ការ​រួមភេទ​ច្រើនជាង​ធម្មតា។ ការហាត់​ប្រាណ​ដោយ​លើក​ដុំ​ដែក​បែបនេះ​នឹងធ្វើ​អោយ​អ្នក​រីករាយ​កាន់តែខ្លាំង​នឹង​រូបរាង​សាច់ដុំ និង​ឆ្អឹង​ដ៏​រឹងមាំ​ទៀត។ ជាមួយគ្នានេះដែរ​រាងកាយ​ក៏​ផលិត​ជា​អ័រម៉ូន Epinephrine ឬ Adrenaline ផងដែរ នៅពេល​អ្នកធ្វើ​ការលើក​ទម្ងន់​បែបនេះ។ ការ​ផ្សំគ្នា​រវាង Adrenaline,Endorphins និង Testosterone គឺជា​សមាសធាតុ​ដ៏​សំខាន់​សម្រាប់​ផ្លូវភេទ​មនុស្ស។

កាលណា​អ្នក​ប្រើ​កម្លាំង​លើក​ទម្ងន់​ច្រើនដង និងធ្ងន់ៗ ដែលនាំអោយ​សាច់ដុំ​អស់កម្លាំង ឬ​លើក​លែងរួច​ទៀត​នោះ​វា​នឹង​ក្លាយទៅជា​ដំណើរការ​សម្រាប់​ផលិត​អ័រម៉ូន​តេ​ស្តូ​ស្តេ​រ៉ូ​ន​កាន់តែ ច្រើន​ទៅវិញ។ ទោះបីជា​យ៉ាងណាក៏ដោយ​មិនត្រូវ​បង្ខំ​ខ្លួនឯង​អោយប្រើ​កម្លាំង​ជ្រុល​ពេក​ទេ​ពេល​លើក​ទម្ងន់។ កា​រដែ​លើក​ដុំ​ដែក​ឬ​ហាត់ប្រាណ​ហួស​ពី​សមត្ថ​ភាពមិន​គ្រាន់តែ​ធ្វើអោយមាន​របួស​ទេ​តែ​ក៏​អាច​បង្ក​អោយទៅ​ជាមាន​បញ្ហា​ថយចុះ​កម្លាំង​ក្នុងពេល​រួមភេទ​ដែរ៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh






© រក្សាសិទ្ធិដោយ thmeythmey.com