ជាតិ
​​​ន​យោ​បាយ​ជាតិ​
ពុទ្ធិកវិទ្យាល័យ ៖ សមណ​សិស្ស​ប្រឡង​បាក់​ឌុប​ជាង ៤០០ អង្គ
22, Feb 2015 , 9:11 am        
រូបភាព
ដោយ: ថ្មីៗ
នៅថ្ងៃនេះ​ជាង​ថ្ងៃ​ប្រឡង​បញ្ចប់​មធ្យមសិក្សា​ទុតិយភូមិ​របស់​សមណ​សិស្ស​ទូទាំងប្រទេស​កម្ពុជា ។ សមណ​សិស្ស​មកពី​គ្រប់​ពុទ្ធិកវិទ្យាល័យ​ប្រមាណ ៤០០ រយ​អង្គ បាន​ចូលរួម​ប្រឡង​បាក់​ឌុប ក្នុង​រយៈពេល ពីរ​ថ្ងៃ​កន្លះ​មកនេះ ពោលគឺ​ចាប់ពី​ថ្ងៃទី ១៩ ដល់​ព្រឹក​ថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០១៥ ។ មុខវិជ្ជា ប្រឡង​សម្រាប់​សមណ​សិស្ស​មាន​ចំនួន ១៤ មុខ ដ្នុ​ង​នោះ​រួមមាន មុខវិជ្ជា ភាសាបាលី ភាសាសំស្ក្រឹត ភាសា អង់គ្លេស គណិតវិទ្យា គីមីវិទ្យា និង​ជីវវិទ្យា ជាដើម។



 មណ្ឌល​ប្រឡង​បាក់​ឌុប​សម្រាប់​សមណ​សិស្ស​នៅ​ឆ្នាំនេះ មាន​តែមួយ​ប៉ុណ្ណោះ គឺ​នៅ​ពុទ្ធិកវិទ្យាល័យ​ព្រះបាទ សុរា​ម្រឹត ក្បែរ​សាលចតុមុខ។ សមណ​សិស្ស​ដែល​និមន្ត​ពី​តាម​ខេត្ត​មក​ប្រឡង​ទីនេះ ត្រូវសុំ​វត្ត​អារាម​នៅ​រាជធានី​ភ្នំពេញ​គង់នៅ​មួយរយៈ​សិន ។ ហើយ​សម្រាប់​ចង្ហាន់​វិញ គឺមាន​សប្បុរសជន​ជា​អ្នក​ឧបត្ថម្ភ។

 សម្រាប់​ស្ថានភាព​ប្រឡង​នៅ​ឆ្នាំ ២០១៥ នេះ សមណ​សិស្ស​ជាច្រើនអង្គ​ បាន​មាន​សង្ឃដីកា​ថា ការប្រឡង​មាន​ភាព​តឹងរឹង​ជាង​រាល់​ឆ្នាំ ពោលគឺ​មិន​អនុញ្ញាត​ឲ្យ​បើក​វិញ្ញាសារ​នោះទេ។ ក្នុងចំណោម​សមណ​សិស្ស​ជាង​​ ១០ អង្គដែលសារព័ត៌មាន​ថ្មីៗ​បាន​សាកសួរ​ ព្រះ​តេជគុណ កែវ បូ​ណា និមន្ត​មកពី​ពុទ្ធិកវិទ្យាល័យ​វត្ត​ក្រពើ​ហារ មាន​ថេរ​ដីកា​ថា នៅ​ឆ្នាំនេះ ប្រឡង​គឺ​រៀបចំ​ច្បាស់លាស់ និង​គោរព​វិន័យ​មែនទែន។ « រាល់​ឆ្នាំ​អាត្មា​សួរ​សិស្ស​ច្បងមុនៗថា ធូរ​ជាង​នេះ តែ​ឆ្នាំនេះ គឺ​រឹតបន្តឹង​ខ្លាំង​មែនទែន។ ប្រហែលជា​មកពី​ការកែទម្រង់​របស់​រដ្ឋ​មន្ត្រី​អប់រំ​ថ្មី។ តែ​អាត្មា​សប្បាយចិត្ត ព្រោះ​ការប្រឡង​ចេញពី​សមត្ថភាព​ខ្លួនឯង»។ នេះ​ជា​សង្ឃដីកា​បញ្ជាក់​របស់​តេជគុណ កែវ បូ​ណា៕  

© រក្សាសិទ្ធិដោយ thmeythmey.com