ជាតិ
​​​ន​យោ​បាយ​ជាតិ​
អាជ្ញាធរ​ចាប់​ខ្លួន លោក អាឡិច ​ក្រោយការ​អត្ថា​ធិប្បាយ​របស់លោក​ ​ហ៊ុន សែន​​
23, Feb 2015 , 2:09 pm        
រូបភាព
រូបភាពពីហ្វេសប៊ុក លោក វន ពៅ
រូបភាពពីហ្វេសប៊ុក លោក វន ពៅ
ដោយ: ថ្មីៗ
 នៅម៉ោង ១ និង ៣០ នាទី មុននេះបន្តិច អាជ្ញាធរកម្ពុជា ​បានឃាត់ខ្លួន​​អនុប្រធាន​អង្គការ​មាតា​ធម្មជាតិ​ លោក អាឡិច នៅ​ក្នុង​ភោជនីយ​ដ្ឋានមួយ​ក្បែរផ្សាររាត្រី​ ខណ្ឌដូន​ពេញ ។ នេះ​បើតាម​ប្រសាសន៍​របស់​មន្រ្តីការ​ពារ​សិទ្ធិមនុស្សអង្គការលីកាដូ លោក អំ សំអាត ។ បើតាម លោក អំ សំអាត លោក អាឡិច ទំនងជាអាជ្ញាធរ នាំទៅនាយកដ្ឋានអន្តោប្រវេសន៍។

 

ជុំវិញការឃាត់ខ្លួន​លោក អាឡិច នេះ មន្រ្តី​ការពារ​សិទ្ធិ​មនុស្ស​រូបនេះ ​បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗយ៉ាងនេះថា៖​« ខ្ញុំសោក​ស្តាយ​មែនទែន​ ពីព្រោះលោក​ អាឡិច ជួយការពារបរិស្ថានខ្មែរ បែរជាអាជ្ញាធរកម្ពុជា ចាប់ខ្លួនទៅវិញ។ ខ្ញុំគិតថា ការចាប់ខ្លួននេះ ធ្វើឡើងដូចជាលឿនពេក គ្រាន់តែលោកនាយក​រដ្ឋមន្រ្តី​ ហ៊ុន សែន ​និយាយបាន​ប៉ុន្មានម៉ោង​ប៉ុណ្ណោះ។ ពេលនេះ ​ពួកខ្ញុំ​កុំ​ពុង​តែតាម​រក​លោក​ អាឡិច​ » ។

នៅ​ប៉ុន្មានម៉ោង​នេះ ​ក្នុងពិធី​ចែក​សញ្ញា​ប័ត្រ​ដល់​និស្សិត​​សកល​វិទ្យា​ល័យជាតិ​គ្រប់​គ្រង​ ​លោក ហ៊ុន សែន បានអត្ថាធិប្បាយជុំវិញករណី​អស់​សុពល​ភាពទិដ្ឋាការរបស់​លោក អាឡិច ។  លោកថា​ កាលពីពេល​ថ្មីៗនេះ​ ក្រសួងការបរទេស​ក​ម្ពុ​ជា បាន​ទាក់ទង​ទៅ​ស្ថានទូត​អេស្បាញ ឲ្យ​មក​ទទួលយក​លោក អា​ឡិច ចេញ​ប​ពី​កម្ពុជា​រួចហើយ​ដែរ តែ​មកដល់ពេលនេះ ទិ​ដ្ឋាការ​របស់លោក អា​ឡិច អស់​សុពលភាព​ហើយ តែ​ខាង​ទូត​អេស្បាញ​មិនបាន​មក​យក​លោក អា​ឡិច ចេញពី​កម្ពុជា​ឡើយ។ លោក ហ៊ុន សែន ក៏បាន​ព្រលយ​ពាក្យសម្តី​ថា បើ​លោក​អា​ឡិច អស់​សុពលភាព​ទិ​ដ្ឋា​ការ​ហើយ ដាច់ខាត​ត្រូវតែ​ចេញពី​កម្ពុជា៕





© រក្សាសិទ្ធិដោយ thmeythmey.com