អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំ​អេ​ហ្ស៊ី​ប​ប្រាប់​កុំអោយ​ប្រជាជន​ភ័យខ្លាច​ក្រុម​រដ្ឋ​ឥស្លាម
23, Feb 2015 , 4:28 pm        
រូបភាព

មេដឹកនាំ​អេ​ហ្ស៊ី​ប​កាលពី​ម្សិលមិញ​នេះ បានប្រកាស​ប្រាប់​ប្រជាជន​អេ​ហ្ស៊ី​ប​ថា រដ្ឋាភិបាល​ខ្លួន​កំពុង​គ្រប់គ្រង​ប្រទេស​បានល្អ និង​ស្ថិតនៅ​លើផ្លូវ​វ​ត្រូវ ហើយ​រដ្ឋាភិបាល​មានលទ្ធភាព​គ្រប់គ្រាន់​ប្រឈមមុខ​ជាមួយ​បញ្ហា​នានា។ បញ្ហា​ដែល​មេដឹកនាំ​អេ​ហ្ស៊ី​ប​បានលើកឡើង​នោះ​មានដូចជា​ការគំរាមកំហែង​ដោយ​ក្រុម​រដ្ឋ​ឥស្លាម​នៅ​លី​ប៊ី និង​តំបន់​ស៊ី​ណៃ រួមទាំង​បញ្ហា​សេដ្ឋកិច្ច​បច្ចុប្បន្ន​ផង។


កញ្ញា ខន ចំប៉ា លម្អិតព័ត៌មាននេះ

**audio2**

ប្រទេស​អេ​ហ្ស៊ី​ប​ប្រឈមមុខ​ជាមួយ​បញ្ហា​គំរាមកំហែង​ផ្នែក​សន្តិ​សន្តិសុខ និង​បញ្ហា​ផ្ទៃក្នុង​មួយចំនួនទៀត ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយនេះ។ ការគំរាមកំហែង​រប​ស់​បណ្តាញ​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​នៅក្នុង​ប្រទេស​លី​ប៊ី កំពុងតែ​ធ្វើអោយ​ប្រជាជន​អេ​ហ្ស៊ី​ប​ព្រួយបារម្ភ​ខ្លាំង ហើយ​ការកើនឡើង​នៃ​ចលនា​ភេរវកម្ម​នៅក្នុង​តំបន់​ស៊ី​ណៃ​នៃ​ប្រទេស​អេ​ហ្ស៊ី​ប​ផ្ទាល់​នោះ គឺ​រឹតតែ​គួរអោយ​ព្រួយបារម្ភ។

កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​នេះ ប្រធានាធិបតី​អេ​ហ្ស៊ី​បលោក Abdel Fattah al-Sisi  បានចេញ​មុខ​តាម​កញ្ចក់​ទូរទស្សន៍​ដោយ​អំពាវនាវ​ទៅកាន់​ប្រជាជន​អេ​ហ្ស៊ី​ប អោយ​ឈប់​ព្រួយបារម្ភ ចំពោះ​បញ្ហា​ប្រឈម​នានា​ដែល​អេ​ហ្ស៊ី​ប​កំពុង​ប្រឈម។ ប្រធានាធិបតី​ខាងលើ​បានប្រកាស​យ៉ាងច្បាស់​ថា រដ្ឋាភិបាល​របស់លោក​គ្រប់គ្រង​ស្ថានការណ៍​ប្រទេសជាតិ​បានល្អ និង​ស្ថិតនៅលើ​ផ្លូវត្រូវ ហើយ​រដ្ឋាភិបាល​ក៏មាន​លទ្ធភាព​ដោះស្រាយ​បញ្ហា​ទាំង​នោះបាន​ដូចគ្នា។

បញ្ហា​ទាំងនោះ​រួមមាន​ការកើនឡើង​នៃ​ការគំរាមកំហែង​ដោយ​បណ្តាញ​ក្រុម​រដ្ឋ​ឥស្លាម នៅក្នុង​ប្រទេស​លី​ប៊ី ក្រុម​សកម្មប្រយុទ្ធ​នៅ​តំបន់​ស៊ី​ណៃ និង​បញ្ហា​ប្រឈម​ផ្នែក​សេដ្ឋកិច្ច​ផងដែរ។ ក្នុង​កញ្ចក់​ទូរទស្សន៍ គេ​សង្កេតឃើញ​ប្រធានាធិបតី​អេ​ហ្ស៊ី​ប​ខាងលើ ជួប​សម្តែង​ការគួរសម​ជាមួយ​បណ្តា​មេដឹកនាំ​អារ៉ាប់​មួយចំនួន និង​មេដឹកនាំ​លោកខាងលិច​ផង ដែលជា​ជំនួប​ផ្តោតលើ​បញ្ហា​លី​ប៊ី និង​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម។

ប្រធានាធិបតី​អេ​ហ្ស៊ី​ប​បានប្រកាសថា បច្ចុប្បន្ននេះ ប្រទេស​ហ្សកដានី និង​អារ៉ាប់​រួម​បានសម្រេច​ផ្តល់​ការគាំទ្រ​ដល់​អេ​ហ្ស៊ី​ប ក្នុងការ​តាម​កម្ចាត់​ក្រុម​ភេរវជន​រដ្ឋ​ឥស្លាម​រួចរាល់​ហើយ ដែល​បញ្ជាក់ថា ចលនា​តាម​ប្រមាញ់​ក្រុម​រដ្ឋ​ឥស្លាម​មាន​ភាពរឹងមាំ និង​ខ្លាំងក្លា។ អារ៉ាប់​រួម និង​ហ្សកដានី សុទ្ធតែជា​ប្រទេស​សមាជិក​សម្ព័ន្ធ​អន្តរជាតិ​ដឹកនាំ​ដោយ​ក្រុង​វ៉ាស៊ីនតោន ដើម្បី​វាយប្រហារ​លើ​ក្រុម​សកម្មប្រយុទ្ធ​រដ្ឋ​ឥស្លាម​នៅ​ស៊ី​រី និង​អ៊ីរ៉ាក់ ហើយ​ប្រទេស​សេដ្ឋី​ប្រេង​ខាងលើ បាន​ដើរតួនាទី​សកម្ម​ជាងគេ ក្នុងការ​ប្រឆាំង​ក្រុម​ភេរវជន​ទាំងនោះ។

បញ្ហា​ក្រុម​រដ្ឋ​ឥស្លាម ក្លាយជា​បញ្ហា​ក្តៅ​សម្រាប់​អេ​ហ្ស៊ី​ប ក្រោយ​ពេលដែល​ប្រជាជន​អេ​ហ្ស៊ី​ប២១នាក់ ត្រូវបាន​ក្រុម​រដ្ឋ​ឥស្លាម​នៅ​ប្រទេស​លី​ប៊ី សម្លាប់​ដោយ​កាត់​ក​កាលពី​ប៉ុន្មាន​សប្តាហ៍​មុន។ ការសម្លាប់​ជនជាតិ​អេ​ហ្ស៊ី​ប​នេះ បាន​បញ្ឆេះ​កំហឹង​ប្រជាជន​អេ​ហ្ស៊ី​ប ហើយ​រដ្ឋាភិបាល​ក្រុង Cairo បាន​បញ្ជា​អោយ​កងទ័ព​ទម្លាក់​គ្រាប់បែក​ពីលើ​យន្តហោះ នៅក្នុង​ប្រទេស​លី​ប៊ីភ្លាមៗដែរ ដើម្បី​សងសឹក​ក្រុម​ភេរវជន​ទាំងនោះ។

យ៉ាងណាក៏ដោយ ការទម្លាក់​គ្រាប់បែក​នៅលើ​ទឹកដី​លី​ប៊ី ប្រឆាំង​ភេរវជន របស់​អេ​ហ្ស៊ី​ប​ត្រូវបាន​លី​ប៊ី​ចាត់ទុកជា​ការឈ្លានពាន និង​រំលោភ​អធិបតេយ្យ​របស់​ប្រទេស​លី​ប៊ី។ ប៉ុន្តែ​លោក​ប្រធានាធិបតី​អេ​ហ្ស៊ី​ប មិនបាន​ចាត់ទុកថា​វា​ជា​កំហុស​របស់​កងទ័ព​ខ្លួន​ឡើយ ព្រោះ​ការវាយប្រហារ​ក្រុម​រដ្ឋ​ឥស្លាម​ជាការ​ចាំបាច់​បំផុត៕



© រក្សាសិទ្ធិដោយ thmeythmey.com