ជាតិ
សង្គមជាតិ
ថ្ងៃ២៣កុម្ភៈ​មាន​កុមារ​ជិត៣ពាន់​នាក់​ទទួល​ការព្យាបាល​នៅ​ពេទ្យ​គន្ធ​បុប្ផា
24, Feb 2015 , 10:43 am        
រូបភាព
រូបភាព៖ Google
រូបភាព៖ Google
ត្រឹម​រយៈពេល​មួយថ្ងៃ មាន​កុមារ​ចំនួន​ជិត៣ពាន់​នាក់ ដែល​មក​ទទួល​ការព្យាបាល​ជំងឺ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា ទាំង​នៅ​ភ្នំពេញ និង​ខេត្តសៀមរាប។



របាយការណ៍​ខ្លី ដែល​បាន​បង្ហោះ​ក្នុង​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់លោក​វេជ្ជបណ្ឌិត Beat Richner ស្ថាបនិក​មន្ទីរពេទ្យ​គន្ធបុប្ផា បាន​បង្ហាញថា មាន​កុមារ​ចំនួន ២៧៩៧ នាក់ មកពី​គ្រប់​ច្រក​ទូទាំងប្រទេស ត្រូវបាន​ពិនិត្យ​ព្យាបាល​នៅក្នុង​ផ្នែក​ពិគ្រោះ​ជំងឺ​ក្រៅ។ ក្រៅពីនោះ មាន​កុមារ១០៨០នាក់​ផ្សេងទៀត បាន​ចាក់​ថ្នាំ​បង្ការ ប្រឆាំងនឹង​ជំងឺ​រលាក​ខួរក្បាល​ជប៉ុន (JEV)។

នៅក្នុង​ថ្ងៃ​ចន្ទ​ម្សិលមិញ​នោះដែរ មាន​កុមារ​ឈឺ​ធ្ងន់​ចំនួន ៤៣៧នាក់ ហើយក៏​មានការ​វះកាត់​បេះដូង​ដល់​កុមារ​ផងដែរ។ ដោយឡែក​ស្ត្រី​ចំនួន ៤៤៣នាក់ ទទួល​ការពិនិត្យ តាមដាន​ផ្ទៃពោះ និង​មានការ​សម្រាល​ចំនួន ៥៣កំណើត។

លោក Beat Richner បាន​កោតសរសើរ​ចំពោះ​សមិទ្ធិផល​ទាំងនេះ ហើយ​ថា នេះ​សុទ្ធសឹង​ជា​ស្នាដៃ​បុគ្គលិក​ពេទ្យ​ខ្មែរ​ទាំង ២៥០០នាក់ ដែល​កំពុងធ្វើការ​ក្នុង​មន្ទីរពេទ្យ​គន្ធបុប្ផា គ្រប់​សាខា​រាជធានី និង​ខេត្តសៀមរាប។

គួរ​បញ្ជាក់ថា មន្ទីរ​គន្ធបុប្ផា ដែល​បម្រើសេវា​សុខាភិបាល​ដល់​ស្ត្រី និង​កុមារ ដោយ​ឥតគិតថ្លៃ បាន​ចំណាយ​ថវិកា​ប្រមាណ ១២ម៉ឺន​ដុល្លារ​ក្នុង​មួយថ្ងៃ។ ហើយ​ថវិកា​ទាំងអស់​ភាគច្រើន​បាន​ពី​សប្បុរសជន​ពី​ប្រទេស​ស្វី​ស និង​មួយចំណែក​បាន​ពី​មូល​និ​ធី និង​សប្បុរសជន​ក្នុងប្រទេស​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com