ជាតិ
សហគមន៍​បុរី​កីឡា​ទាមទារ​សាលា​រាជធានី​ភ្នំពេញ​ផ្តល់​សំណង​សាជាថ្មី
25, Feb 2015 , 10:21 am        
រូបភាព
ដោយ: ថ្មីៗ

 
ភ្នំពេញ៖ នៅ​ព្រឹក​ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៥នេះ​អតីត​ពលរដ្ឋ​រស់នៅក្នុង​សហគមន៍​បុរី​កីឡា​ជាង ៥០នាក់ បាននាំគ្នា​ឈរ​តវ៉ា​ទាមទារ​ឲ្យ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ផ្តល់​សំណង​ជំងឺ​ចិត្ត​នៃ​ការបណ្តេញ​ចេញពី​លំនៅដ្ឋាន កាលពី​អំឡុង​ឆ្នាំ ២០១២ ។



បន្ទាប់ពី​ពុំទាន់​ទទួលបាន​ដំណោះស្រាយ​ណាមួយ​ពីសា​លា​រាជធានី​ភ្នំពេញ​នោះ នៅ​ព្រឹក ថ្ងៃទី២៥នេះ ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ជាង ៥០នាក់​បាន​ប្រមូលគ្នា​ទាមទារ​សំណង​ជំងឺ ពី​សាលា​រាជធានី​ភ្នំពេញ ចំពោះ​ការបណ្តេញ​ចេញពី​លំនៅដ្ឋាន ដោយ​ពួកគេ​អះអាងថា អាជ្ញាធរ​ពុំមាន​ដំណោះស្រាយ​សមរម្យ។

តំណាង​សហគមន៍​បុរី​កីឡា អ្នកស្រី ជុំ​ង៉ាន់ បាន​និយាយថា អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពុំទាន់ ផ្តល់​ដំណោះស្រាយ​សមរម្យ​ណាមួយ ដល់​អ្នក​បុរី​កីឡា​ជាង ១០០គ្រួសារ​នៅឡើយ។ អ្នកស្រី​បន្តថា ចាប់តាំងពី​ឆ្នាំ ២០១២ អាជ្ញាធរ​តែងតែ​សន្យា​ពិភាក្សា​រក​ដំណោះស្រាយ ប៉ុន្តែ បន្ទាប់ពី​មក អាជ្ញាធរ​ពុំបាន​ផ្តល់​ដំណោះស្រាយ​ទេ។

អ្នកស្រី​បញ្ជាក់​យ៉ង​នេះ​ថា៖«អាជ្ញាធរ​បានតែ​សន្យា៣ឆ្នាំ មកហើយ ពួកគេ​កុហក​យើង ដោយ​មិន​ចេញមុខ​ដោះស្រាយ​នោះទេ។ បច្ចុប្បន្ន យើង​រស់​នៅតាម​ផ្ទះជួល​របស់គេ​ដដែល»។
បើតាម​តំណាង​ខាងលើ ពលរដ្ឋ​សហគមន៍​បុរី​កីឡា​ទាមទារ​ឲ្យ​អាជ្ញាធរ​ផ្តល់​សំណង​ជំងឺ ចិត្តជា​ថវិកា​ជាង ៤ម៉ឺន​ដុល្លារ​អាមេរិក​ក្នុង​មួយ​គ្រួសារ។ ជាងនេះទៀត បើ​ពុំមាន​ដំណោះស្រាយ​ដល់​ពួកគេ​ជាបន្ទាន់​ទេនោះ ពួកគាត់​នឹង​ចាប់ផ្តើម​តវ៉ា​រាល់ពេល​សាជាថ្មី។

គួររម្លឹកថា អភិបាល​រាជធានី​ភ្នំពេញ លោក ប៉ា សុជាតិ​វង្ស បាន​ថ្លែង​នៅក្នុង​ទិវា​សិទ្ធិមនុស្ស អន្តរជាតិ កាលពី​ថ្ងៃទី១០ ធ្នូ ឆ្នាំ២០១៤ កន្លងមក ថា អាជ្ញាធរ​កំពុងតែ​ពិភាក្សា​រក​ដំណោះ ស្រាយ​ដល់​សហគមន៍​ក្រីក្រ​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ។ លោក​ថា សហគមន៍​ក្រីក្រ​ក្នុង រាជធានី​ភ្នំពេញ​ទាំងអស់​មាន​ជាង ៣០០គ្រួសារ ក្នុងនោះ រួមមាន សហគមន៍​បុរី​កីឡា​ជាង ១០០ គ្រួសារ៕


© រក្សាសិទ្ធិដោយ thmeythmey.com