អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ទាត់ចោល​ការអញ្ជើញ​សមាជិក​ព្រឹទ្ធសភា​អាមេរិក
25, Feb 2015 , 5:39 pm        
រូបភាព

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​ទាត់ចោល​ការអញ្ជើញ​រប​ស់​សមាជិក​ព្រឹទ្ធសភា​អាមេរិក​មកពី​គណបក្ស​ប្រជាធិបតេយ្យ ដែល​ចង់​ជួបពិភាក្សា​ជាមួយ​លោក កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ។ សំណើរ​សុំ​ជួប​នេះ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល ត្រូវបាន​រៀបចំឡើង ដោយសារតែ​សប្តាហ៍​ក្រោយ​នាយករដ្ឋមន្ត្រី​រូបនេះ​នឹង​អញ្ជើញ​មក​ទស្សនកិច្ច​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន។


រាយការណ៍​ព័ត៌មាន​លម្អិត​ដោយ លោក រឿន ភា​រុន



នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​លោក​Benjamin Netanyahuគ្រោង​អញ្ជើញ​ទៅ​ទស្សនកិច្ច​នៅ​សហរដ្ឋអាមេរិក​នៅ​សប្តាហ៍​ក្រោយនេះ។មុន​មានដំណើរ​ទស្សនកិច្ច​ម​ក​កាន់​អាមេរិក គេ​ឃើញ​អ្នកនយោបាយ​គណបក្ស​ប្រជាធិបតេយ្យ​ស្វះស្វែង​ស្នើសុំ​ណាត់ជួប​ជាមួយ​មេដឹកនាំ​ជនជាតិ​ជ្វី​វ​រូបនេះ ដោយ​រៀបចំ​ជំនួប​ដាច់ដោយឡែក។

ប៉ុន្តែ​រឿង​ដែល​មិន​គួរអោយ​ជឿ សំណើរ​សុំ​ជួបពិភាក្សា​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ​ត្រូវបាន​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ល​ខាងលើ ទាត់ចោល​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នេះ។ សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ ដែល​សរសេរ​សំបុត្រ​អញ្ជើញ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​នោះ មាន​លោក​Richard Durbin និង​លោកស្រី​Dianne Feinstein ។

ក្រោយ​បដិសេធ​ការអញ្ជើញ លោកនាយក​រដ្ឋមន្ត្រី Netanyahuបាន​ថ្លែងថា លោក​ពិតជា​រីករាយ​និង​យល់​ពី​សណ្តាន​ចិត្ត​នៃ​ការអញ្ជើញ​របស់​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ប្រជាធិបតេយ្យ ប៉ុន្តែ​លោក​ជឿជាក់ថា ប្រសិនបើ​លោក​ទទួលយក​សំណើរ​នេះ​នៅពេលនេះ វា​អាច​នឹង​ធ្វើអោយ​មានការ​ភាន់ច្រឡំ និង​ប៉ះពាល់​ចំណងមិត្តភាព។

សមាជិក​ព្រឹទ្ធសភា​ទាំង​ពីររូប​ខាងលើ ចង់​អញ្ជើញ​អោយ​នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​ចូលរួម​ក្នុង​កិច្ចប្រជុំ​បិទទ្វា​មួយ​មុន​លោក Netanyahuផ្តល់​សុន្ទរកថា​នៅក្នុង​សមាជ​សហរដ្ឋអាមេរិក។ នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល​បាន​សម្តែង​ការសោកស្តាយ​ចំពោះ​ការបដិសេធ​ការអញ្ជើញ​របស់​សមាជិក​សភា​គណបក្ស​ប្រជាធិបតេយ្យ​ផងដែរ ដោយ​លោក​រំពឹងថា កិច្ចពិភាក្សា​រវាង​លោក​និង​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​អាច​នឹង​រៀបចំឡើង​នៅពេល​ក្រោយ និង​ស្ថិតក្នុង​កាលៈទេសៈ​សមស្រប​ជាង​នេះ។

លោក​បានប្រកាសថា លោក​នៅតែ​សង្ឃឹមថា ភាពជា​សម្ព័ន្ធមិត្ត​រវាង​អាមេរិក​និង​អ៊ីស្រាអែល​នៅតែ​រឹងមាំ ហើយ​ចំណងមិត្តភាព​នៅតែ​ល្អប្រសើរ​ស្ថិត​ក្នុងពេល​យូរអង្វែង​ទៅមុខ។ 
តាមពិតទៅ មេដឹកនាំ​សមាជិកសភា​គណបក្ស​សាធារណរដ្ឋ​បាន​បំពាន​ពិធីសារ​ការទូត​ដោយ​មិន​ប្រឹក្សា​ជាមួយ​រដ្ឋាភិបាល​លោក អូ​បា​ម៉ា ឬ​សមាជិកសភា​គណបក្ស​ប្រជាធិបតេយ្យ​ជាមុន​ឡើយ មុន​អញ្ជើញ​ប្រមុខ​រដ្ឋាភិបាល​ក្រុង​ជេ​រ៉ូ​សា​ឡិ​ម អោយមក​ចូលរួម​ក្នុង​កិច្ចប្រជុំ​រួមគ្នា​រវាង​សមាជិក​ព្រឹទ្ធសភា និង​សមាជិក​រដ្ឋសភា​អាមេរិក។

លោក Netanyahuប្រឈម​ការរិះគន់​យ៉ាងខ្លាំង​ទាំង​ក្នុង​និង​ក្រៅប្រទេស ដោយសារតែ​ការសម្រេចចិត្ត​របស់លោក​ក្នុងការ​ចូលរួម​ថ្លែង​សុន្ទរកថា​នៅក្នុង​សមាជ​សមាជិកសភា​អាមេរិក ដែល​ប្រព្រឹត្តទៅ​ត្រឹម​ពីរ​សប្តាហ៍​ប៉ុណ្ណោះ​មុន​ការបោះឆ្នោត​ជា​សាកល​នៅ​អ៊ីស្រាអែល។ ហើយ​ម្យ៉ាង​ការ​ថ្លែង​សុន្ទរកថា​របស់លោក​នៅ​អាមេរិក ក៏​កើតឡើង​ស្រប​ពេលដែល កិច្ចចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់​កំពុង​ស្ថិតក្នុង​ដំណើរការ​ទាំង​យឺតយ៉ាវ​នៅឡើយ។

ប្រមុខ​រដ្ឋាភិបាល​អ៊ីស្រាអែល​នេះ នឹង​ឆ្លៀត​យក​ឱកាស​ក្នុង​កិច្ចប្រជុំ​រួម​នៅ​សហរដ្ឋអាមេរិក ដោយ​លើកឡើង​ពី​ក្តីបារម្ភ​របស់ខ្លួន​ចំពោះ​ដំណើរការ​នៃ​កិច្ចចរចា​កម្មវិធី​នុយក្លេអ៊ែរ​អ៊ីរ៉ង់ និង​ការ​ឈានទៅ​ផលិត​អាវុធ​នុយក្លេអ៊ែរ​របស់​រដ្ឋាភិបាល​ក្រុង​តេ​អ៊ីរ៉ង​ផងដែរ៕



© រក្សាសិទ្ធិដោយ thmeythmey.com