អន្តរជាតិ
ភ្ញៀវទេសចរ​ត្រូវ​ស្រោប​ស្បែកជើង​ខ្លួន​ពេល​ចូល​ទស្សនា​ប៉ម​កណ្តាល​នៃ​វិមាន Taj Mahal
25, Feb 2015 , 7:45 pm        
រូបភាព
ពេល​ចូល​ទស្សនា​វិមាន Taj Mahalដែលមាន​ទីតាំង​ស្ថិតនៅ​ក្រុង Agra រដ្ឋ Uttar Pradesh នៃ​ប្រទេស​ឥណ្ឌា អ្នកទេសចរ​មិនត្រូវ​អនុញ្ញាត​ឲ្យ​យក ដែកភ្លើង បារី និង​គ្រឿង​អេ​ឡិច​ត្រូ​និ​ច ទៅតាម​ខ្លួន​នោះឡើយ។ ឈានចូល​ដល់​ប៉ម​កណ្តាល​នៃ​បេតិកភណ្ឌ​ពិភពលោក​មួយ​នេះ អ្នកទេសចរ ​ដែល​មិន​ចង់​ដោះ​ស្បែកជើង ត្រូវបាន​តម្រូវ​ឲ្យ​ពាក់​ស្រោម​ស្រោប​ពីលើ ឬក៏​អាច​ដោះ​ស្បែកជើង​តែម្តង។



វិមាន​TajMahalដែល​ទទួលស្គាល់​ដោយ​អង្គការ​យូណេស្កូ កាលពី​ឆ្នាំ១៩៨៣មក​នោះ ស្ថិត​ក្នុងចំណោម​អច្ឆរិយវត្ថុ​ទាំង៧លើ​ពិភពលោក។ TajMahalគឺជា​ចេតិយ​ដែល​សាងសង់ឡើង​ពី​ថ្ម​ម៉ា​បស ដោយ​អធិរាជ​មូ​ខាល់ (Mughal Emperor) ស្តេច Shah Jahanដើម្បី​ឧទ្ទិស​ដល់​មហេសី​ទី​បី​របស់​ព្រះអង្គ គឺ​ព្រះ​នាង MumtazMahal។ ស្តេច Shah បាន​ចំណាយពេល២២ឆ្នាំ ពោលគឺ​ពី​ឆ្នាំ១៦៣២ ដល់​ឆ្នាំ១៦៥៣ ។



ព្រះ​នាង Mahalបាន​សោយ​ទិវង្គត​ក្នុងពេល​សម្រាល​បុត្រ​ទី១៤ ព្រះនាម Gauhara Begum។ ស្ថាបត្យកម្ម​ដ៏​ប្រណិត​នេះ ត្រូវបាន​ចាត់ទុកថា ជា «និមិត្តរូប​នៃ​សេចក្តីស្រឡាញ់​ដ៏​ជ្រាលជ្រៅ» របស់​ប្រជាជន​ឥណ្ឌា និង​ពិភពលោក​ទាំងមូល។

លោក Pradeepមន្ត្រីប៉ូលិស​មួយរូប​ប្រចាំ​តំបន់ បាន​និយាយប្រាប់​សារព័ត៌មានថ្មីៗថា ការតម្រូវ​ឲ្យ​ទេសចរ​ស្រោប​ស្បែកជើង​របស់ខ្លួន​នៅពេល​ចូល​ទស្សនា​ប៉ម​កណ្តាល​នោះ គឺ​អាជ្ញាធរ​ចង់​ថែរក្សា​សោ​ភណ្ឌ​ភាព​នៃ​វិមាន​ជាទី​សក្ការ រួមទាំង​បង្ហាញ​នូវ​ការគោរព​ចំពោះ​បេតិកភណ្ឌ​ដ៏​ប្រណីត​នេះ។

លោក​បាន​បញ្ជាក់ថា៖ «ផ្ទៃ​នៃ​វិមាន​អាច​រង​ការខូចខាត ប្រសិនបើ​រង​ការប៉ះទង្គិច និង​ស្នាម​ធូលី។ យើង​ត្រូវតែ​នាំគ្នា​ថែរក្សា​បេតិកភណ្ឌ​នេះ។ ជាមួយគ្នានេះ​ផងដែរ ពលរដ្ឋ​ឥណ្ឌា​អាច​ចូល​ទស្សនា​បាន​ដោយ​ដោះ​ស្បែកជើង»។

កាលពី​ឆ្នាំមុន អាជ្ញាធរ​ឥណ្ឌា បានធ្វើ​ការលាង​សំអាត​ជញ្ជាំង​ថ្ម​ម៉ាប​ដែល​ប្រែ​ពណ៌​ដោយសារ​រង​ការប៉ះពាល់​ពី​មនុស្ស និង​ធម្មជាតិ៕


© រក្សាសិទ្ធិដោយ thmeythmey.com