ជាតិ
សង្គមជាតិ
លោក Raoul Marc Jennar រិះគន់​យុវជន​ខ្មែរ​ភាគច្រើន​ដែល​សិក្សា​ចង់​ធ្វើ«ធំ»ភ្លាមៗ
26, Feb 2015 , 11:00 am        
រូបភាព

ភ្នំពេញ៖ លោក Raoul Marc Jennar ជនជាតិ​បារាំង​ដើមកំណើត​ប៊ែ​ល​ហ្ស៊ី​ក បច្ចុប្បន្ន​ទទួលបាន​ស​ញ្ជា​តិ​ខ្មែរ ដែល​បាន​ចូលមកក្នុង​ប្រទេស​កម្ពុ​ជា​កាលពី​ឆ្នាំ១៩៨៩ បានធ្វើ​ការរិះគន់​យុវជន​ខ្មែរ​មួយចំនួនធំ​ដែល​នាំគ្នា​សិក្សា​តែ​ផ្នែក​គ្រប់គ្រង ហើយ​មានបំណង​ចង់​ក្លាយខ្លួនជា​ថ្នាក់ដឹកនាំ​លឿន​ពេក។ ទីប្រឹក្សា​បរទេសរបស់​រដ្ឋាភិបាល​កម្ពុជា​​រូបនេះ​បញ្ជាក់ថា ប្រទេស​កម្ពុជា​ត្រូវការ​អ្នកជំនាញ​បច្ចេកទេសផ្សេងៗក្រៅពី​ជំនាញ​គ្រប់គ្រង​ដើម្បី​អភិវឌ្ឍន៍​ប្រទេស។



«ខ្ញុំ​មាន​អារម្មណ៍​ភ័យ​ដោយ​ឃើញ​ចំនួន​និស្សិត​រៀន​ផ្នែក​គ្រប់គ្រង​ច្រើនពេក។ តែ​ខ្វះ​និស្សិត​រៀន​ជំនាញ​អគ្គីសនី គ្រឿងយន្ត ជាងឈើ និង​ជំនាញ​បច្ចេកទេសផ្សេង។ នេះ​គឺជា​បញ្ហា​ធំ​របស់​កម្ពុជា»។ នេះ​គឺជា​ការ​ទាញ​ចំណាប់អារម្មណ៍​របស់លោក Raoul Marc Jennar ដែល​បច្ចុប្បន្ន គឺជា​ទីប្រឹក្សា​នៃ​រាជរដ្ឋាភិបាល​កម្ពុជា។

ទីប្រឹក្សា​បរទេស​ដែលមាន​សញ្ជាតិ​ខ្មែរ​រូបនេះ បានលើកឡើង​ដោយ​ក្តីបារម្ភ​ថា បញ្ហា​ធំ​របស់​កម្ពុជា​នៅពេល​បច្ចុប្បន្ននេះ គឺថា យុវជន​ជាច្រើន​នាក់​ចង់​ក្លាយទៅជា​មន្ត្រី និង​អ្នកដឹកនាំ​គេភ្លាមៗលឿន​ពេក។ ជាការ​ពិត កម្ពុជា​ត្រូវការ​ធនធានមនុស្ស​ស​ម្រា​ប់​ដឹកនាំ​គេ តែ​កម្ពុជា​ក៏​ត្រូវការ​ធនធានមនុស្ស​ដែល​តម្រូវ​អោយគេ​ដឹកនាំ​ដែរ។ លោក Raoul Marc Jennar សង្កត់ធ្ងន់​ជាថ្មី​ម្តង​ទៀតថា៖«និស្សិត​ខ្មែរ​ទាំង​អស់ចង់​ក្លាយខ្លួន​ទៅជា​អ្នកគ្រប់គ្រង​គេ តែ​កម្ពុជា​ខ្វះ​រោងចក្រ​ដើម្បី​គ្រប់គ្រង។ គំនិត​នេះ​មិន​ត្រឹមត្រូវ​ទេ។ ប្រទេស​នេះ​ត្រូវការ​អ្នកជំនាញ​អគ្គីសនី ជាងឈើ វិស្វករ ដែលមាន​អាជីព​ពិតប្រាកដ»។ សម្រាប់​លោក Raoul Marc Jennar នេះ គឺជា​បញ្ហា​ធំ​របស់​កម្ពុជា។

សេចក្តី​អត្ថាធិប្បាយ​របស់លោក Raoul Marc Jennar បានធ្វើ​ឡើង​ស្រប​ពេលដែល​និស្សិត​ខ្មែរ​ភាគច្រើនបំផុត​នាំគ្នា​សិក្សា​តែ​ផ្នែក​គ្រប់គ្រង និង​ផ្នែក​គណនេយ្យ​តែប៉ុណ្ណោះ។
លោក Raoul Marc Jennar បាន​លើក​ឧទាហរណ៍​ថា នៅពេលដែល​រោងចក្រ​វៀតណាម ឬ​ចិន មក​កម្ពុជា ពួកគេ​យក​បុគ្គលិក​គេ​មកជា​មួយ ពីព្រោះ កម្ពុជា​ខ្វះ​បុគ្គលិក​ជំនាញ​ខ្ពស់ និង​ខ្វះ​បុគ្គលិក​គុណភាព។

អតិផរណា​និស្សិត​ផ្នែក​គ្រប់គ្រង និង​គណនេយ្យ មិនមែនជា​កង្វល់​រប​ស់លោក Raoul Marc Jennar តែម្នាក់ឯង​នោះទេ។ តែ​វា​ជា​កង្វល់​របស់​សង្គម​ខ្មែរ​ទាំងមូល ហើយ​តម្រូវអោយមាន​ការចាត់​វិធានការ​ពី​សំណាក់​ក្រសួង​អប់រំ និង​តម្រូវអោយមាន​ការយល់​ដឹង​ពី​និស្សិត​ខ្លួនឯង៕





© រក្សាសិទ្ធិដោយ thmeythmey.com