ជាតិ
ខែមករា៖ រដ្ឋាភិបាល​ប្រមូល​ចំណូល​បាន​ជាង៤សែន​ដុល្លារ​ពី​វិស័យ​ព្រៃឈើ
26, Feb 2015 , 7:45 pm        
រូបភាព

 
នៅក្នុង​ខែមករា ដើមឆ្នាំ២០១៥ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រមូលបាន​ថវិកា​ពី​វិស័យ​ព្រៃឈើ បាន​ចំនួន២៧,៥៤៤.៦៨ដុល្លារ និង១,៥៩៨,២៥៤,០២៥ រៀល(៣៩៩,៥៦៣ដុល្លារ) សរុប​ស្មើនឹង​ប្រមាណ​ជា៤២៥,១០៨ ដុល្លារ។ នេះ​បើ​យោងតាម​របាយការណ៍​ស្តីពី ស្ថានភាព​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ប្រចាំ​ខែមករា ឆ្នាំ២០១៥ របស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ។



របាយការណ៍​ដដែល​បាន​ឲ្យ​ដឹងថា ចំណូល​ទាំងនោះ​គឺ​បានមកពី​ថ្លៃ​សួយ​សារ​ផល អនុផល​ព្រៃឈើ ចំនួន១,១៨៩,០៣១,១៦៩រៀល ស្មើនឹង​ប្រមាណ២៩៧,២៥៨ដុល្លារ និង​ចំណូល​ពី​សេវាសាធារណៈ​ចំនួន ២៧,៥៤៤.៦៨ដុល្លារ និង៤០៩,២២១,៨៥៦រៀល(១០០,៣០៥ដុល្លារ) សរុប​ស្មើនឹង​ប្រមាណ ១២៧,៨៥០ដុល្លារ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ខែមករា អង្គភាព​រដ្ឋបាល​ព្រៃឈើ​មូលដ្ឋាន​នៅ​ទូទាំងប្រទេស បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ សត្វព្រៃ និង​បទល្មើស​កាប់​រានទន្ទ្រាន​ដីព្រៃ​បាន​ចំនួន២៤៥ករណី ក្នុងនោះ​បញ្ជូនទៅ​តុលាការ​ចំនួន២១៨ករណី និង​ផាកពិន័យ​ជា​អន្តរការណ៍​ចំនួន២៧ករណី។

«ការបង្ក្រាប​បទល្មើស​ខាងលើ អាជ្ញាធរ​ដកហូត​បាន​វត្ថុតាង​ជាច្រើន​រួមមាន ឈើមូល និង​ជ្រុង​ចំនួន១០០ម៉ែត្រគូប ឈើ​អារ​ចំនួន៧៥៥ម៉ែត្រគូប ឈើ​ក្រាក់ និង​ឈើ​ក្រញូង​ចំនួន១៨ម៉ែត្រគូប និង១,១៥៤គីឡូក្រាម សត្វព្រៃ​ចម្រុះ​ប្រភេទ​ចំនួន១៤៦ក្បាល និង៤៨.៥គីឡូក្រាម អនុផល​ព្រៃឈើ និង​សម្ភារ​មួយចំនួនទៀត ព្រមទាំង​ដីព្រៃ​ឈើ​ដែល​កាប់​រាន​ចំនួន២១០ហិច​តា» ។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួង កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ដដែល៕



© រក្សាសិទ្ធិដោយ thmeythmey.com