អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អ៊ុយ​ក្រែ​ន​ដក​សព្វាវុធ​ធុន​ធ្ងន់​ពី​តំបន់​ជម្លោះ ខណៈ​ណា​តូ​គំរាម​រុស្ស៊ី
27, Feb 2015 , 3:37 pm        
រូបភាព

ម្សិលមិញ​នេះ កងកម្លាំង​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​ដក​សព្វាវុធ​ធុន​ធ្ងន់​មួយចំនួន​ចេញពី​តំបន់​ជម្លោះ​ភាគ​ខាងកើត។ ការឈាន​ដល់​ដក​អាវុធ​ចេញ​នេះ​កើតឡើង​ក្រោយ​មិនមាន​ការផ្ទុះអាវុធ​និង​ប៉ះទង្គិច​គ្នា​ពីរ​ថ្ងៃ ហើយ​ភាគី​ប្រហែលជា​កំពុង​ព្យាយាម​អនុវត្ត​កិច្ចព្រមព្រៀង​ដែល​ចូល​ជា​ធរមាន​កាលពី​ថ្ងៃ១៥ខែកុម្ភៈ។ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​ព្រមាន​ថា បើ​មានការ​ផ្ទុះអាវុធ​ជាថ្មីទៀត កុំ​រំពឹងថា​ខ្លួន​នឹង​បន្ត​ដក​សព្វាវុធ​អោយសោះ។


មុំ ពិទូរ្យ​លម្អិត​ព័ត៌មាន​នេះ



កងកម្លាំង​រដ្ឋាភិបាល​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ជម្លោះ​ភាគ​ខាងកើត​ប្រទេស​អ៊ុយ​ក្រែ​ន កាលពី​ម្សិលមិញ​នេះ។ ដោយសារតែ​ការប្រយុទ្ធ​គ្នា​មាន​ភាពស្ងប់ស្ងាត់​រយៈពេល​ពីរ បី​ថ្ងៃ ទើបបានជា​ភាគី​អ៊ុយ​ក្រែ​ន​ចាប់ផ្តើម​ដក​សព្វាវុធ​ធុន​ធ្ងន់​ចេញពី​តំបន់​ប្រយុទ្ធ។ចំណែក​ណា​តូ​ឯណោះ​វិញ​បាន​គំរាម​រុស្ស៊ី​ជាថ្មី​អោយ​ដក​ដៃ​ចេញពី​វិបត្តិ​អ៊ុយ​ក្រែ​ន​ផងដែរ។

គេ​រំពឹងថា ការដក​សព្វាវុធ​ចេញ​នេះ​ជាស​ញ្ញា​វិជ្ជមាន​មួយ​ដែល​អនុ​ញ្ញា​អោយ​ភាគី​ជម្លោះ​អាច​បញ្ចៀស​ការប្រយុទ្ធ​គ្នា និង​អាច​កសាង​សន្តិភាព​បាន​ជោគ​ជ័ន​នាពេលខាងមុខ។ ប៉ុន្តែ​យ៉ាងណាក៏ដោយ​វា​គ្រាន់តែ​ជាការ​ចាប់ផ្តើម​ប៉ុណ្ណោះ ព្រោះ​អ៊ុយ​ក្រែ​ន​មិនមែន​ដក​អាវុធ​ចេញ​ទាំងស្រុង​នោះទេ ហើយ​ការមិន​ដឹងថា​ការផ្អាក​ការប្រយុទ្ធ​អាច​រក្សា​បានយូរ​ប៉ុណ្ណា​ដែរ។ អ៊ុយ​ក្រែ​ន​បានប្រកាស​កាលពី​ម្សិលមិញ​ហើយ​ថា បើ​ហ៊ាន​តែមាន​ការផ្ទុះអាវុធ កុំ​សង្ឃឹមថា​អ៊ុយ​ក្រែ​ន​នឹង​បន្ត​ដក​សព្វាវុធ​ចេញ​អស់​អោយសោះ។

ដំណើរ​ដក​អាវុធ​យុទ្ធ​ភ័​ណ្ឌ រៀបចំឡើង​ក្រោយ​ការចង្អុលបង្ហាញ​និង​ឃ្លាំមើល​ពី​សំណាក់​អង្គការ​សហប្រតិបត្តិកា​រ​និង​សន្តិសុខ​អឺរ៉ុប។ សេចក្តីថ្លែងការណ៍​មួយ​បាន​បង្ហាញថា កងទ័ព​អ៊ុយ​ក្រែ​ន​បានចាប់ផ្តើម​ដក​កាំភ្លើង ១០០មី​លី​ម៉ែត្រ​ពី​តំបន់​ប្រយុទ្ធ​ជួរមុខ ហើយ​កាំភ្លើង​ធំ​យ៉ាងតិច ១៥ដើម​ក៏​ត្រូវបាន​ក្រុម​ទាហាន​អ៊ុយ​ក្រែ​ន​ដកចេញ​ហើយ​ដែរ។

 ការដក​អាវុធ​ចេញ​នេះ​គឺ​ស្របតាម​កិច្ចព្រមព្រៀង​ដែលមាន​ស្រាប់ ដើម្បី​ឈានទៅ​បង្កើត​តំបន់​គ្មាន​ទ័ព ហើយ​ដំណើរ​ការដក​អាវុធ​នេះ​ត្រូវ​បញ្ចប់​ក្នុង​រយៈពេល​តែ២សប្តាហ៍​ប៉ុណ្ណោះ។ ដោយឡែក​ខាង​ភាគី​ក្រុម​ឧទ្ទាម​បានប្រកាសថា ខ្លួន​បាន​ដក​អាវុធ​ជាច្រើន​ចេញពី​តំបន់​ជម្លោះ​ហើយ ក្នុងនោះ​មាន​ទាំង​កាំភ្លើង​ធំ មី​ស៊ី​ល និង​កាំជ្រួច​រ៉ុកែត​ផងដែរ។

យ៉ាងណាក៏ដោយ ប្រមុខ​ណា​តូ​លោក Jens Stoltenberg បានបង្ហាញ​ការ​សាទរ ចំពោះ​ការបញ្ចៀស​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​ទាំងពីរ ប៉ុន្តែ​មេដឹកនាំ​រូបនេះ​នៅតែ​ព្រមាន និង​ចោទប្រកាន់​រុស្ស៊ី​ចំពោះ​ការ​លូកដៃ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន។ មេដឹកនាំ​បក្សសម្ព័ន្ធ​យោធា​ណា​តូ បាន​បញ្ជា​អោយ​រុស្ស៊ី​ប​ញ្ឃ​ប់​ការផ្គត់ផ្គង់​អាវុធ​ទៅកាន់​តំបន់​ភាគ​ខាងកើត​ដែល​គាំទ្រ​ក្រុម​ផ្តាច់ខ្លួន​នោះ។
លោក​បាន​លើកឡើងថា កាលពី​ប៉ុន្មាន​ខែ​កន្លងមកនេះ​រុស្ស៊ី​បាន​បញ្ជូន​សព្វាវុធ​យ៉ាងច្រើន​មាន​ទាំង​កាំភ្លើង​ធំ មី​ស៊ី​ល រថក្រោះ ទៅអោយ​ក្រុម​ឧទ្ទាម ហើយ​ពួកគេ​ត្រូវតែ​ដក​សព្វាវុធ​ចេញ និង​ឈប់​ផ្តល់​អាវុធ​អោយ​ក្រុម​ឧទ្ទាម​បន្តទៀត។ 

លោកខាងលិច​នៅតែ​បន្ត​ចោទប្រកាន់​រុស្ស៊ី​ថា​ជា​អ្នក​នៅ​ពីក្រោយ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន ដោយ​គាំទ្រ​ក្រុម​ឧទ្ទាម​អោយ​ពួកគេ​ច្បាំង​ជាមួយ​កងទ័ព​រដ្ឋាភិបាល។ ហើយ​បណ្តា​ប្រទេស​ទាំងនោះ​គំរាម​ដាក់ទណ្ឌកម្ម​បន្ថែមទៀត​ប្រឆាំង​រុស្ស៊ី រហូត​ប្រទេស​ខ្លះ​ចង់​បំពាក់អាវុធ​ដល់​កងទ័ព​អ៊ុយ​ក្រែ​ន​ថែម​ទៀតផង។  ចំណែក​រុស្ស៊ី​ឯណោះ​វិញ​ក៏បាន​ព្រមាន​កាត់ផ្តាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​ទៅកាន់​ប្រទេស​អ៊ុយ​ក្រែ​ន ដោយសារតែ​អ៊ុយ​ក្រែ​ន​មិនទាន់​បង់លុយ​អោយ​ខ្លួន​ជាមុន។ បើ​កាត់ផ្តាច់​ការផ្គត់ផ្គង់​ឧស្ម័ន​មែន មិនមែន​តែ​អ៊ុយ​ក្រែ​ន​ម្នាក់ឯង​ទេ​ដែល​ជួប​បញ្ហា ប៉ុន្តែ​ប្រទេស​អឺរ៉ុប​ផ្សេងទៀត​ក៏​ប្រឈមមុខ​នឹង​កង្វះ​ឧស្ម័ន​ប្រើប្រាស់​ដូចគ្នា​ដែរ៕




© រក្សាសិទ្ធិដោយ thmeythmey.com