ជាតិ
​​​ន​យោ​បាយ​ជាតិ​
វិបត្តិ​នៃ​ឥទ្ធិពល​សម្តី​នាយករដ្ឋមន្ត្រី ខ្លាំង​ជាង​ច្បាប់!
09, Aug 2015 , 12:20 pm        
រូបភាព
ដោយ:

ជា​ញឹកញាប់​មន្ត្រី​ខ្មែរ​ផ្តើម​ធ្វើការយ៉ាង​មមាញឹក ​នៅពេល​ដែ​លោកនាយក​រដ្ឋមន្ត្រី​ស្រែក​អំពាវនាវ​ឲ្យ​ធ្វើ។ តែ​ការ​ខ្នះខ្នែង​ធ្វើតាម​ប្រសាសន៍​លោក ហ៊ុន សែន នោះ  ពួកគេ​ធ្វើបាន​តែមួយ​ភ្លែត តែ​ក្រោយមក​គឺ​វិល​មករក​សភាព​ដើម​វិញ​ដដែល។  អ្នកតាមដាន​ស្ថានការណ៍​សង្គម​ខ្មែរ​មួយចំនួន លើកឡើងថា ប្រសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី មិនមែន​តែមាន​ឥទ្ធិពល​លើ​មន្ត្រី​ក្នុង​ជួរ​រដ្ឋាភិបាល​នោះទេ តែ​ក្នុង​ស្ថាន​ប័ន​នីតិបញ្ញត្តិ និង​ស្ថាប័ន​តុលាការ ក៏​ប្រសាសន៍​លោក ហ៊ុន សែន មាន​ឥទ្ធិពល​ខ្លាំងក្លា​ផងដែរ ហើយ​ពួកគេ​ថែមទាំង​និយាយចំៗថា សម្តី​លោក ហ៊ុន សែន ខ្លាំង​ជាង​ច្បាប់​ទៅទៀត ។ តែ​អ្នកវិភាគ​ខ្លះ និង​មន្ត្រី​រដ្ឋាភិបាល អះអាងថា ប្រសាសន៍​នាយករដ្ឋមន្ត្រី​មានអំណាច ជា​រឿង​ប្រសើរ​សម្រាប់​សង្គម។



« បើ​គេ​សួរថា​ តើ​នៅ​កម្ពុជា​ច្បាប់​ធំ​ជាង​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី​ឬ​យ៉ាងណា? ចម្លើយ​តាម​រូប​ភាព​ខាង​ក្រៅ​​ ​គឺ​ប្រាកដជា​ច្បាប់​ធំ​ជាង។តែបើ​គេ​សួរប្រជា​ពលរដ្ឋ​ថា​ តើ​ក្នុង​ចិត្ត​មន្ត្រី​ខ្មែរ​ប្រសាសន៍​លោក ​ហ៊ុន សែន​ ធំ​ជាង​ច្បាប់​ឬ? ពលរដ្ឋភាគ​ច្រើន ​នឹង​ឆ្លើយថា​ ពិតជា​ត្រឹមត្រូវ »។នេះ​គឺជា​សំណួរ​និង​ចម្លើយ​របស់​អ្នក​ស្រាវ​ជាវ​និង​អ្នកតាមដាន​ស្ថានការណ៍​សង្គម​ខ្មែរ​ជុំវិញ​ឥទ្ធិពល​នៃ​ប្រសាសន៍​របស់​បុរស​ខ្លាំង​កម្ពុជា។ប្រសាសន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​ដែល​អាច​ផ្លាស់ប្តូរ​ស្ថានការណ៍​នៅ​កម្ពុជា​បានត្រឹមតែ​មួយ​ពព្រិច​ភ្នែក។ បើ​ប្រសាសន៍​លោក​ ហ៊ុន សែន​ មាន​ឥទ្ធិពល​ខ្លាំង​បែបនេះ ​តើ​មានគុណ​សម្បត្តិ​និង​គុណវិបត្តិ​អ្វីខ្លះ?

លោក​ លី​ ប៊ុន​ធា​ អ្នកតាមដាន​ស្ថានការណ៍​សង្គម​កម្ពុជា​និង​ជា​អ្នកសម្របសម្រួល​ផ្នែក​ពង្រឹង​សិទ្ធិអំណាច​យុវជន​នៃ​អង្គការ​កម្មវិធី​អភិវឌ្ឍន៍​ធនធាន​យុវជន (YRDP) អត្ថាធិប្បាយ​ថា ​នាពេល​កន្លងមក​មន្ត្រី​ខ្មែរ​ភាគច្រើន​ធ្វើការ​តាមតែ​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន​ ប៉ុណ្ណោះ ។ហើយ​ប្រសិនបើ​គេ​ឲ្យ​មន្ត្រី​ទាំងនោះ​ជ្រើសរើស​រវាង​ច្បាប់​និង​ប្រសាសន៍​លោក​ ហ៊ុន សែន ​ពួកគេ​នឹង​យក​ប្រសាសន៍​លោក ​ហ៊ុន សែន ​ជាក់​ជាមិនខាន។ពីព្រោះ​ថា បើ​ពួកគេ​ធ្វើតាម​សម្តី​លោកនាយក​រដ្ឋមន្ត្រី ​បើ​ខុស​យ៉ាងណា ​វា​នឹង​រួច​ខ្លួ​ច។នេះ​ជាការ​បន្ថែម​របស់លោក លី​ ប៊ុន​ធា។

អ្នកតាមដាន​ស្ថានការណ៍​សង្គម​ខ្មែរ​រូបនេះ ​បរិយាយ​ទៀតថា​ឥទ្ធិពល​នៃ​ពាក្យពេចន៍​របស់លោក​នាយ​ក​រដ្ឋមន្ត្រី​បើ​គេ​គិត​តែមួយ​ភ្លែត​វា​នឹងមាន​គុណសម្បត្តិ​ខ្លះ​ដែរ។លោក​ពន្យល់ថា៖ « បញ្ហា​មួយចំនួន​មន្ត្រី​ធ្វើ​មើលមិនឃើញ​ដល់ពេល​នាយករដ្ឋមន្ត្រី​ស្រែក​ទើប​មន្ត្រី​ទាំងនោះ​ចាប់​ផ្តើមធ្វើ​ ហើយ​អាច​ដោះស្រាយ​បញ្ហា​បាន​ខ្លះ។តែ​មិនមាន​និរន្ត​ឡើយ» ។យ៉ាងណាក៏ដោយ​លោក ​លី​ ប៊ុន​ធា​ រិះគន់ថា​ ការ​ស្តាប់​តែ​ប្រសាសន៍​នាយករដ្ឋមន្ត្រី​នេះ​វា​បង្ហាញថា ​មន្ត្រី​រដ្ឋាភិបាល​គ្មាន​ប្រព័ន្ធ​នៃ​ការដោះស្រាយ​បញ្ហា​ជាក់លាក់​ឡើយ​ហើយ​ថែមទាំង​ធ្វើ​ឲ្យ​មន្ត្រី​ខ្លាច​បុគ្គល​ខ្លាច​បក្ស​ជាង​ខ្លាច​ខាតបង់​ផលប្រយោជន៍​ជាតិ។ « វា​ក៏​ប៉ះពាល់​ដល់​របប​ប្រជាធិបតេយ្យ​ផងដែរ ​ដែល​របប​នេះ​យក​ច្បាប់​ជាធំ​តែ​នៅ​ស្រុក​ខ្មែរ​បែ​ជា​យកសម្តី​នាយករដ្ឋមន្ត្រី​ជាធំ​វិញ។វា​នឹងធ្វើ​ឲ្យ​ជាតិ​ចុះខ្សោយ » ។នេះ​ជាការ​ពន្យល់​បន្ថែម​រប​ស់ លោក ​លី ​ប៊ុន​ធា។
 
ងាក​មក​ចាប់អារម្មណ៍​ពី​ទស្សនៈ​របស់លោក ​អ៊ូ​ វីរៈ ​វិញ ​អ្នកស្រាវជ្រាវ​ឯករាជ្យ​រូបនេះ​អះអាងថា​នៅពេលដែល​មន្ត្រី​ធ្វើការ​យកសម្តី​នាយករដ្ឋមន្ត្រី​ជាធំ​វា​មាន​ផល​វិជ្ជមាន​ខ្លះ​ដែរ​សម្រាប់​លោក​ ហ៊ុន សែន ។ លោក​បកស្រាយ​ថា៖ « វា​មាន​ផល​វិជ្ជមាន​គឺ​ធ្វើ​ឲ្យ​លោក ​ហ៊ុន សែន ​មានអំណាច​អាច​ចៀសវាង​ការដណ្តើម​អំណាច​និង​រដ្ឋប្រហារ»។ក៏ប៉ុន្តែ​លោក​ អ៊ូ​ វីរៈ​ បញ្ជាក់ថា​ទម្លាប់​មន្ត្រី​បែបនេះ​វា​នឹងធ្វើ​ឲ្យ​ប្រទេសជាតិ​ច្របូកច្របល់​មិនអាច​ដោះស្រាយ​បញ្ហា​ប្រជាជន​និង​ជាតិ​បាន​ទេ ពី​ព្រោះតែ​អំណាច​ប្រមូលផ្តុំ​នៅលើ​លោក​ ហ៊ុន សែន​ តែ​ម្នាក់។លោ​កថា ​ឥទ្ធិពល​នៃ​លោក​ហ៊ុនសែន​ក៏​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឯករាជ្យ​នៃ​ស្ថាប័ន​របស់​រដ្ឋសំខាន់ៗទៀតផង​ដែរ។

អ្នកស្រាវជ្រាវ​រូបនេះ​បន្ត​និយាយ​ពី​ផល​អវិជ្ជមាន​ទៀតថា​ ឥទ្ធិពល​សម្តី​លោក ​ហ៊ុន សែន​ ខ្លាំង​បែបនេះ​លុះត្រាតែ​លោក​ ហ៊ុន សែន ​ដឹង​រឿងរ៉ាវ​គ្រប់បែបយ៉ាង។ « តែ​លោក​ ហ៊ុន សែន​ម្នាក់ឯង​ធ្វើ​ម្តេច​នឹង​អាច​ដឹង​បញ្ហា​រាប់ពាន់​បាន​នោះ? ហើយ​មន្ត្រី​ទាំងនោះ​ធ្វើ​តែមួយ​ឆាវ​ពេល​នាយករដ្ឋមន្ត្រី​ស្រែក​ប៉ុណ្ណោះ​តែ​ក្រោយមក​ស្ងាត់​ជ្រាប។ដូចជា​ ករណី​ការ​លុប​ឡូ​នេសាទ​ខុសច្បាប់​ជាដើម។មន្ត្រី​ទាំងនោះ​គ្មាន​នរណា​មិនដឹងថា​ទង្វើ​នោះ​ខុសច្បាប់​ទេ។តែ​ពេល​លោក​ ហ៊ុន សែន​ ស្រែក ​បានធ្វើ »។លោក ​អ៊ូ ​វីរៈ​ អត្ថាធិប្បាយ​ប្រាប់​សារព័ត៌មានថ្មីៗទៀតថា៖ « វា​គ្រោះថ្នាក់​ណាស់​បើ​រឿងរ៉ាវ​ជាតិ​ទាំងមូល​ហើយ​មន្ត្រី​ស្តាប់​តែ​មនុស្ស​ម្នាក់។ចុះបើ​ការសម្រេចចិត្ត​របស់លោក​ ហ៊ុន សែន​នោះ​ ខុស​ វា​នឹងធ្វើ​ឲ្យ​ជាតិ​ជួប​មហន្តរាយ​ហើយ​ទេ​ឬ? ដូច្នេះហើយ​បានជា​គេ​ឲ្យ​យក​ច្បាប់​ជាធំ​ហើយ​អនុវត្តន៍​តាមច្បាប់​ប្រសើរ​ជាង​ធ្វើ​តែ​តាម​មាត់​មនុស្ស​ម្នាក់» ។

យ៉ាងណា​ក៏ដោយចុះ​បើទោះបី​ជា​លោក​ លី​ ប៊ុន​ធា​ និង​លោក​ អ៊ូ​ វីរៈ​ មើលឃើញ​បញ្ហា​ច្រើន​នៃ​ការ​អនុវត្តតាម​ប្រសាសន៍​របស់លោក​នាយក​រដ្ឋមន្ត្រី​បែបនេះ​ក្តី​ក៏​អ្នកវិភាគ​នយោបាយ​ល្បី​នៅ​កម្ពុជា​លោក​ សុខ​ ទូច​ ហាក់​មើលឃើញ​គុណសម្បត្តិ​ច្រើនជាង។លោក​ សុខ ​ទូច ​អះអាងថា​ឥទ្ធិពល​សម្តី​លោកនាយក​រដ្ឋមន្ត្រី​ត្រូវ​នឹង​សភាពការណ៍​កម្ពុជា​បច្ចុប្បន្ន។ « កម្ពុជា​បច្ចុប្បន្ន​វា​គ្មាន​សណ្តាប់ធ្នាប់​ស្ថាន​ប័នធំៗទាំងបី​របស់​រដ្ឋ​គ្មាន​ឯករាជ្យ​ពីគ្នា​ទេ​ច្រឡូកច្រឡំ​គ្នា​ដែល​តម្រូវ​ឲ្យ​មាន​មនុស្សម្នា​ក់មាន​ឥទ្ធិពល​ខ្លាំង​ដូចជា​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ដើម្បី​រៀបចំ​ប្រទេស​ឡើងវិញ » ។ លោក​ បណ្ឌិត​រូបនេះ ​ថែមទាំង​ហ៊ាន​និយាយថា​ កម្ពុជា​បច្ចុប្បន្ន​នៅតែ​ស្ថិត​ក្នុងសម័យ «អន្តរកាល» ត្រូវការ​មេដឹកនាំ​មានអំណាច​ខ្លាំង។

ជាមួយគ្នានេះដែរ​អ្នក​នាំ​ទីស្តីការគណរដ្ឋមន្ត្រី​លោក ​ផៃ​ ស៊ី​ផាន ​អះអាងថា​មន្ត្រី​រដ្ឋាភិបាល​មិនបាន​ចាត់ទុក​ប្រសាសន៍​លោកនាយក​រដ្ឋមន្ត្រី​ធំ​ជាង​ច្បាប់​ឡើយ។លោក​បន្តថា​ កន្លងមក​មន្ត្រី​ទាំងនោះ​ បាន​ដោះស្រាយ​បញ្ហា​ជូន​ជាតិ​ច្រើន​ហើយ​តែ​គ្រាន់​នៅមាន​ភាពខ្វះ​ចន្លោះ​ខ្លះ​ទើប​លោកនាយក​រដ្ឋមន្ត្រី​ក្រើនរំលឹក​បន្ថែម ។ « សម្តេច​លោក​ជា​ប្រមុខ​រដ្ឋាភិបាល​ត្រូវ​ក្រើនរម្លឹក​មន្ត្រី​ខ្លួន​បែបនេះហើយ​ នៅពេល​មាន​ភាពខ្វះ​ចន្លោះ។ ប្រសាសន៍​សម្តេច​ មិន​ធ្វើ​ឲ្យ​ប៉ះ​ពាន់​ដល់​ស្ថាប័ន​តុលាការ​ឬ​សភា​ឡើយ» ។ នេះជាការ​បញ្ជាក់​បន្ថែម​របស់​លោក​​ ផៃ ​ស៊ី​ផាន​៕




© រក្សាសិទ្ធិដោយ thmeythmey.com