ជាតិ
សង្គមជាតិ
អាជ្ញាធរ​អប្សរា​ចុះ​ធ្វើ​ជំរឿន​ក្បាលដី​ពលរដ្ឋ​ក្នុង​បុរី​វប្បធម៌-ទេសចរណ៍​អង្គរ
28, Feb 2015 , 9:35 am        
រូបភាព
សៀមរាប៖ អាជ្ញាធរ​អប្សរា ក្នុង​សេចក្តីជូនដំណឹង​កាលពី​ម្សិលមិញ បាន​ឲ្យ​ដឹងថា ខ្លួន​នឹង​ចាប់ផ្តើម​ចុះ​ធ្វើ​បច្ចុប្បន្នភាព ឫ​ជំរឿន​ក្បាលដី​ពលរដ្ឋ​ចំនួន៥ភូមិ ក្នុង​បុរី​វប្បធម៌ និង​ទេសចរណ៍​អង្គរ។ ការចុះ​ធ្វើ​ជំរឿន​នេះ ក្រោយ​ការកាន់កាប់ និង​សំណង់​ខុសច្បាប់​របស់​ប្រជាពលរដ្ឋ មានការ​កើនឡើង ក្នុង​រយៈពេល​ចុងក្រោយ​នេះ។



អាជ្ញាធរ​អប្សរា សហការ​និង​សាលាខេត្ត​សៀមរាប នឹង​ចុះ​ធ្វើ​ជំរឿន​ក្បាលដី​ដល់​ពលរដ្ឋ​នៅ​ភូមិ បឹង​ដូ​ប៉ា និង​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ភូមិ​អញ្ចាញ សង្កាត់​នគរធំ ភូមិ​ព្រៃ​គុយ​និង​ភូមិ​គោក​ចាន់ ក្នុង​សង្កាត់​អំពិល ក្រុង​សៀមរាប។ ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុងភូមិ​ទាំង៥ខាងលើ ត្រូវយក​ឯកសារ​ពាក់​ព័ន្ធ​នឹង​ការទិញ-លក់​ដី របស់ខ្លួន​មក​ឲ្យ​អាជ្ញាធរ​ត្រួតពិនិត្យ ដើម្បី​ឲ្យ​អាជ្ញាធរ​ធ្វើការ​វាយតម្លៃថា តើ​ឯកសា​នោះ ត្រឹម​ត្រួវ​ឫ​យ៉ាងណា។

ការចុះ​ត្រួតពិនិត្យ​ក្បាល​នេះ ដើម្បី​អង្កេត​បន្ត​រាល់​ក្បាលដី​ដែល​មិនទាន់​អង្កេត​នាពេល​កន្លងមក។ ចំណែក​ផែនទី​បង្ហាញ​ក្បាលដី​ទាំងអស់ នឹងធ្វើ​ការបិទ​ផ្សាយ​នៅតាម​សាលាសង្កាត់​ខាងលើ និង​ស្នាក់ការ​ភូមិ​ទាំង៥ ដែល​នឹង​ចុះ​ធ្វើ​បច្ចុប្បន្នភាព ចាប់ពី​ថ្ងៃទី២ ខែ​មិនា តទៅ។ នេះ​បើតាម​ខ្លឹមសារ​ក្នុង​សេចក្តីជូនដំណឹង​ដដែល ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០១៥ ។

អាជ្ញាធរ​អប្សរា ស្នើ​ឲ្យ​ពលរដ្ឋ​ដែល​បានដឹង​ពី​សេចក្តីជូនដំណឹង​នេះហើយ សូម​ទៅពិនិត្យ​ប្លង​ក្បាលដី​របស់ខ្លួន នៅតាម​ទីតាំង​បិទ​ផ្សាយ​នៅតាម​មូលដ្ឋាន​ខ្លួន ដោយ​ភ្ជាប់​ជាមួយ​នូវ​ឯកសារ​ពាក់ព័ន្ធ មាន​ប្រវត្តិ​នៃ​ការកាន់កាប់ អត្ត​សញ្ញាញ​ប័ណ្ណ សៀវភៅ​គ្រួសារ និង​សៀវភៅ​ស្នាក់​ជាដើម៕




© រក្សាសិទ្ធិដោយ thmeythmey.com