ពីនេះ ពីនោះ
ពេលសប្បាយច្រើនតែភ្លេចម៉ែ ពេលឈឺទើបនឹករកម៉ែ!
× មនុស្សយើងជាទូទៅ នៅពេលខ្លះអាចភ្លេចគិតដល់ម៉ែ ព្រោះរវល់តែសប្បាយរីករាយទៅដោយកាមគុណ ឬរវល់នៅក្នុងការងាររបស់ខ្លួនផ្សេងៗ ប៉ុន្តែដល់ពេលដែលខ្លួនមានជំងឺធ្ងន់អ្វីមួយ កូនគ្រប់គ្នាច្រើនតែគិតរកម៉ែ ព្រោះធ្លាប់ជំពាក់ចិត្តនឹងម៉ែកាលពីខ្លួននៅតូច។
កាលពីខ្លួននៅតូច ពេលឈឺចាប់អ្វីៗ ម៉ែតែងតែនៅថែរក្សាថ្នាក់ថ្នមជានិច្ច កូនឃើញមុខម៉ែជាប្រចាំ ម៉ែហួងហែងកូន ម៉ែសម្រាន្តមិនពេញភ្នែក ម៉ែទ្រាំអត់ងងុយនៅយាមកូន បបោសអង្អែលកូន នៅចាំពេលឲ្យបាយឲ្យទឹក នៅចាំពេលឲ្យថ្នាំ និងនៅចាំជួយកូនគ្រប់យ៉ាងពេលដែលកូនឈឺលំបាក ព្រមទាំងលួងលោមចិត្តកូនដោយសន្យាឲ្យនូវអ្វីៗ តាមដែលកូនចង់បានទៀតផង។
ម៉ែជាទីពឹងរបស់កូន ពេលដែលកូនមានទុក្ខលំបាកសូម្បីកូនមានរូបរាងអបលក្ខណ៍យ៉ាងណាក្តី ម៉ែក៏នៅតែស្រឡាញ់ព្រមដោយក្តីអាណិតជានិច្ច។ សេចក្តីស្រឡាញ់របស់ម៉ែ គឺជាសេចក្តីស្រឡាញ់ដ៏បរិសុទ្ធ ដូច្នេះហើយទើបដល់ពេលដែលកូនមានជំងឺធ្ងន់ ឬក៏ពេលដែលត្រូវសម្រាលកូនឆ្លងទន្លេ កូនតែងតែនឹករកម៉ែ៕
ប្រភព៖ សៀវភៅម៉ែ របស់អគ្គបណ្ឌិត ធម្មាចារ្យ ប៊ុត សាវង្ស
© រក្សាសិទ្ធិដោយ thmeythmey.com