ជាតិ
សង្គមជាតិ
មនុស្ស​មួយចំនួន​ខ្វះ​ការគោរព​ចំពោះ​ជនរងគ្រោះ
01, Mar 2015 , 3:44 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​មួយចំនួន​គិតថា ការ​បង្ហោះ​រូបភាព​ដ៏​រន្ធត់​របស់​ជនរងគ្រោះ​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍ ឬ​ករណីផ្សេងៗ គឺជា​ការរំលែក​ទុក្ខ និង​បញ្ញាក់​ស្មារតី​ឲ្យ​អ្នក​ផ្សេងទៀត​មានការ​ប្រុងប្រយ័ត្ន។ តាមពិតទៅ វា​ជា​ការគិត​ខុស​ទាំងស្រុង ដោយ​ការ​បង្ហោះ​រូបភាព​ទាំងនោះ វា​កាន់តែ​បង្កើន​ទុក្ខសោក​ដល់​ជនរងគ្រោះ និង​គ្រួសារ​ជនរងគ្រោះ។ វា​ជា​ទង្វើ​ខុសសីលធម៌ និង​មិន​គោរព​សិទ្ធិ​អ្នកដទៃ។



រូបភាព​ដ៏​គួរ​ឲ្យ​រន្ធត់ ត្រូវបាន​ចុះផ្សាយ និង​បង្ហោះ​នៅលើ​ទំព័រសារព័ត៌មាន គេហទំព័រ និង​បណ្តាញ​សង្គម​មួយចំនួន​ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ ប៉ុន្តែ​ពួកគេ​ភ្លេច​គិតថា វា​ជា​ទង្វើ​ដែល​មិន​គោរព​សិទ្ធិ​ជនរងគ្រោះ រួមទាំង​គ្រួសារ​ជនរងគ្រោះ។

អ្នកខ្លះ​បានលើកឡើង​ថា ការ​បង្ហោះ​រូបភាព​ជនរងគ្រោះ ដែលមាន​រូប​ខ្លះ​ដាច់​ដៃ ដាច់​ជើង ដាច់​ក្បាល ដោយ​មិនមាន​ការបិទបាំង គឺ​ដើម្បី​ផ្ញើរ​សារ​ដល់​អ្នកដទៃ​ឲ្យ​មានការ​ប្រុងប្រយ័ត្ន។ ប៉ុន្តែ​តាមពិតទៅ រូបភាព​ទាំងនោះ បាន​បន្ថែម​នូវ​ទុក្ខសោក​ដល់​ក្រុមគ្រួសារ​ជនរងគ្រោះ ប្រសិនបើ​ពួកគេ​បានឃើញ។ ក្រៅពី​រូបភាព​រន្ធត់​នានា រូបភាព​ដែល​មិនគួរ​ចុះផ្សាយ​ជា​សាធារណៈ​មានដូចជា ករណី​ជនរងគ្រោះ​ដោយសារ​ការរំលោភ​ផ្លូវភេទ ការជួញដូរ​មនុស្ស និង​ករណី​ជនរងគ្រោះ​ជា​អ​និតិ​ជន​ជាដើម។

រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន លោក ខៀវ កាញារីទ្ធ ក៏​ធ្លាប់បាន​ណែនាំ​ដល់​អ្នកប្រើប្រាស់​បណ្តាញ​សង្គម ជាពិសេស​អ្នកសារព័ត៌មាន​ឲ្យ​មានការ​គោរព​ដល់​ជនរងគ្រោះ ដោយ​លោក​មិន​ចង់ឃើញ​ការ​បង្ហោះ​រូបថត​ជនរងគ្រោះ ឬ​អ្នកស្លាប់​ដោយ​មិនមាន​ការបិទបាំង​នោះឡើយ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ដោយ ការ​បង្ហោះ​រូបភាព​បែប​រន្ធត់​នៅតែ​ជាការ​ពេញនិយម​របស់​គេហទំព័រ និង​អ្នកប្រើប្រាស់​បណ្តាញ​ហ្វេ​ស​ប៊ុ​ក​មួយចំនួន។

ព្រឹត្តិការណ៍​អន្តរជាតិ​ជាច្រើន ឧទាហរណ៍​ដូចជា ការវាយប្រហារ​នៅ​ទីស្នាក់ការ​កាសែត Charlie Hebdoរបស់​បារាំង ដែល​បណ្តាល​ឲ្យ​មនុស្ស​ជាច្រើន​នាក់​ស្លាប់​នោះ គេ​មិនឃើញ​មានការ​បង្ហោះ​រូបភាព​រន្ធត់​ណាមួយ​ឡើយ​របស់​ជនរងគ្រោះ៕

ពី​ខ្ញុំ ណា​រ៉ា រស់នៅ​ខេត្តសៀមរាប






© រក្សាសិទ្ធិដោយ thmeythmey.com